website_news:2023120403

ពលករខ្មែរវិលត្រឡប់ពីថៃចូលកម្ពុជាតាមច្រកប៉ោយប៉ែតនៅតែមមាញឹក

https://www.postkhmer.com/national/2023-04-11-1706-249019.html ឃុត សុភចរិយា | Publication date 11 April 2023 | 17:06 ICT

បន្ទាយមានជ័យៈ ស្ថានភាពពលករខ្មែរសម្រុកចេញពីប្រទេសថៃ ចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតនៅតែបន្តមានភាពមមាញឹកគួរឱ្យកត់សម្គាល់ ប៉ុន្តែភាពកកស្ទះនៅមុខច្រកទ្វារព្រំដែនអន្តរជាតិមួយនេះត្រូវបានកាត់បន្ថយ។ នេះបើតាមសម្ដីមន្ត្រីនគរបាលទំនាក់ទំនងកិច្ចការព្រំដែន កម្ពុជា-ថៃ។

លោក អ៊ី ចម្រើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្នុងរដូវកាលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ ២០២៣ នេះ ពលរដ្ឋខ្មែរចំណាកស្រុកទៅធ្វើការនៅក្នុងប្រទេសថៃ បាននាំគ្នាសម្រុកវិលត្រឡប់មកលេងស្រុកកំណើតនៅក្នុងប្រទេសកម្ពុជា វិញយ៉ាងច្រើនកុះករ ខុសប្លែកពីបណ្ដាឆ្នាំមុនៗ ជាពិសេស ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ (ថ្ងៃទី ៨-៩-១០ ខែមសា) ពលករខ្មែរប្រមាណពី ៣-៤ ពាន់នាក់ ក្នុង ១ ថ្ងៃ បានសម្រុកវិលត្រឡប់ចូលមកកម្ពុជាវិញធ្វើឱ្យមានភាពកកស្ទះខ្លាំងនៅឯច្រកព្រំដែនក្នុងទឹកដីថៃ។ លោកថ្លែងថា៖ «គិតត្រឹមថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៣ លំហូរពលករខ្មែរវិលត្រឡប់ពីធ្វើការងារក្នុងប្រទេសថៃ ចូលមកកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅតែមានភាពមមាញឹកគួរឱ្យកត់សម្គាល់ប៉ុន្តែមិនមានភាពកកស្ទះទៀតនោះទេ បន្ទាប់ពីអាជ្ញាធរខេត្តជាប់ព្រំដែននៃប្រទេសទាំង ២ (ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា និងខេត្តស្រះកែវប្រទេសថៃ) បានសហការគ្នាជួយសម្របសម្រួលពន្លឿននីតិវិធី ក្នុងការងារបំពេញទម្រង់បែបបទជូនដល់ពលករខ្មែរយើង»។

ជាមួយគ្នានេះ លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ដើម្បីដោះស្រាយភាពកកស្ទះរបស់ពលករខ្មែរនៅមុខច្រកទ្វារព្រំដែនអន្តរជាតិក្លងឡឹក-ប៉ោយប៉ែត ក្នុងទឹកដីថៃនោះ រូបលោកទទួលបានការចាត់តាំងពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឱ្យដឹកនាំក្រុមការងារថ្នាក់ខេត្តប្រមាណជិត ១០០ នាក់ ចុះទៅសហការជាមួយអាជ្ញាធរខេត្តស្រះកែវ ដើម្បីជួយសម្របសម្រួលពន្លឿននីតិវិធីជូនដល់ពលករខ្មែរឆាប់បានត្រឡប់ចូលមកស្រុកកំណើតវិញ ។ លោក ម៉េងជ្រួន បានបន្តថា ដោយមានការឯកភាពពីអាជ្ញាធរខេត្តស្រះកែវប្រទេសថៃ ក្រុមការងាររបស់លោកបាននាំយករថយន្តដឹកអ្នកដំណើរចំនួន១០គ្រឿង ចូលទៅជួយអន្តរាគមន៍ដឹកជញ្ជូនពលករខ្មែរ ពីច្រកទ្វារព្រំដែនអន្តរជាតិក្លងឡឹកទៅកាន់មណ្ឌលសំចតនៃការិយាល័យនគរបាលអន្តោប្រវេសន៍ថៃក្នុងស្រុកអារញ្ញ ដើម្បីមកបំពេញទម្រង់បែបបទឯកសារនានាទៅតាមផ្លូវច្បាប់ និងដឹកពួកគេពីមណ្ឌលសំចតនេះ ទៅកាន់ច្រកទ្វារព្រំដែន ដើម្បីបោះត្រាចេញ និងឆ្លងចូលមកក្នុងទឹកដីកម្ពុជាតែម្ដង ។

លោកបានបញ្ជាក់ថា៖«ការដឹកជញ្ជូនពលករខ្មែរយើងមកបំពេញបែបបទឯកសារនៅមណ្ឌលសំចតនៃការិយាល័យនគរបាលអន្តោប្រវេសន៍ថៃក្នុងស្រុកអារញ្ញនៃខេត្តស្រះកែវនេះ គឺដើម្បីសម្រួលដល់ការងាររបស់មន្ត្រីអន្តោប្រវេសន៍ថៃនៅឯច្រកទ្វារព្រំដែនអន្តរជាតិ ក្លងឡឹក ដែលមានចំនួនតិចផង និងដើម្បីឃ្លាំមើលពីសុខទុក្ខរបស់ពលរដ្ឋយើងផង»។ លោកបានបន្ថែមថា៖ «នៅក្នុងការបំពេញទម្រង់បែបបទនោះ អាជ្ញាធរថៃបានរកឃើញមានពលករខ្មែរយើងមួយចំនួនមានការប្រើប្រាស់លិខិតឆ្លងដែនផុតសុពលភាព និងខ្លះទៀតបានរកឃើញថា មានកូននៅក្នុងបន្ទុក ខណៈពេលចូលមកធ្វើការក្នុងប្រទេសថៃ ប្រកាសថា នៅលីវ និងមិនមានកូន។ ប៉ុន្តែករណីនេះក៏ត្រូវបានភាគីថៃយល់ព្រមទទួលយកតាមការសម្របសម្រួលដំណោះស្រាយតាមនីតិវីធីពីក្រុមការងារនៃអគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវផងដែរ»។

បើតាមលោក ម៉េងជ្រួន មកទល់រសៀលថ្ងៃ ១១ ខែមេសា ឆ្នាំ ២០២៣ ពលករខ្មែរជាង ៣ ០០០ នាក់ ត្រូវបានក្រុមការងាររបស់លោក ជួយអន្តរាគមន៍សម្របសម្រួលបំពេញទម្រង់បែបបទតាមនីតិវិធី និងដឹកជញ្ជូនពីមណ្ឌលសំចតក្នុងស្រុកអារញ្ញប្រទេសថៃមកកាន់ច្រកព្រំដែនអន្តរជាតិក្លងឡឹក-ប៉ោយប៉ែត ដើម្បីបោះត្រាចេញ និងឆ្លងចូលមកកម្ពុជាដោយសុវត្ថិភាព៕

website_news/2023120403.txt · Last modified: 2023/04/12 11:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki