website_news:2023120404

ទូតកម្ពុជានៅថៃ កំពុងទាមទារសំណងពីក្រុមហ៊ុនធានារ៉ាប់រង បន្ទាប់ពីមានពលករខ្មែរស្លាប់ និងរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍

https://news.btv.com.kh/article/22158 2023/04/11 05:22:59 pm

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម អាន សុខឿន នាល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ បានឲ្យដឹងថា ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក កំពុងសហការជាមួយអាជ្ញាធរថៃ ដើម្បីទាមទារសំណងពីក្រុមហ៊ុនធានារ៉ាប់រងជូនជនរងគ្រោះ ក្នុងឧបទ្ទេវហេតុគ្រោះថ្នាក់។ ជុំវិញព័ត៌មានអំពីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកអ្នកដំណើរ និងរថយន្តកុងតឺន័រ ដែលបានកើតឡើងកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នៅខេត្តឈុនបូរី ប្រទេសថៃ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានទាក់ទងនិងធ្វើការជាមួយអាជ្ញាធរមានសមត្ថកិច្ច មន្ទីរពេទ្យ និងអ្នកពាក់ព័ន្ធ នៅក្នុងប្រទេសថៃ។

អ្នកនាំពាក្យរូបនេះបន្តថា យោងតាមរបាយការណ៍របស់ស្ថានទូត គ្រោះថ្នាក់ខាងលើបានបណ្តាលឱ្យពលរដ្ឋខ្មែរចំនួន៣រូប (ម្នាក់ជាស្ត្រីមានផ្ទៃពោះ៩ខែ) បាត់បង់ជីវិត និង ចំនួន១១រូបផ្សេងទៀត រងរបួស (ក្នុងនោះ មាន៨រូប រងរបួសធ្ងន់ធ្ងរ)។ អ្នកនាំពាក្យក្រសួងការបរទេស គូសបញ្ជាក់ថា បន្ថែមលើលិខិតចូលរួមរំលែកទុក្ខជាមួយនឹងគ្រួសារនៃសព ស្ថានទូតកម្ពុជាបានជួយសម្របសម្រួលជាមួយអាជ្ញាធរថៃលើឯកសារពាក់ព័ន្ធ ដើម្បីសុំនាំយកសពទៅធ្វើបុណ្យតាមប្រពៃណី។ ជាមួយគ្នា ស្ថានទូតកម្ពុជា ក៏បានចុះផ្ទាល់ដល់ទីតាំងតម្កល់សព ដែលស្ថិតនៅក្នុងវត្តសោធរនិមិត្ត (ខេត្តសាក់មុតប្រាកាន) ហើយបាននិងកំពុងចុះសាកសួរសុខទុក្ខជនរងគ្រោះ ដែលកំពុងទទួលការព្យាបាលនៅក្នុងប្រទេសថៃព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនដល់គ្រួសារសពនិងជនរងគ្រោះផងដែរ។

លើសពីនេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បាននិងកំពុងសហការជាមួយអាជ្ញាធរថៃ គ្រួសារជនរងគ្រោះ និងអ្នកពាក់ព័ន្ធ ដើម្បីដោះស្រាយករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ និងទាមទារសំណងពីក្រុមហ៊ុនធានារ៉ាប់រង ជូនជនរងគ្រោះ៕

website_news/2023120404.txt · Last modified: 2023/04/12 11:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki