website_news:2023120406

សម្ដេចតេជោ ហ៊ុន សែន ឱ្យបញ្ចេញរថយន្តរាប់សិបគ្រឿងដឹកពលករខ្មែរពីព្រំដែនកម្ពុជា-ថៃទៅស្រុកកំណើត

https://www.kampucheathmey.com/local-news/494397 ថ្ងៃពុធ ១២ មេសា ២០២៣ដោយ deth leng

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានឱ្យបញ្ចេញរថយន្តរាប់សិបគ្រឿងដឹកពលករខ្មែរ ដែលធ្វើដំណើរមកពីប្រទេសថៃ ទៅកាន់រាជធានី ខេត្ត ដែលជាគោលដៅរបស់ពួកគាត់ ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខ។

លោក សេក សុខុម អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ១២ ខែមេសាថា ពលករខ្មែរដែលទៅបម្រើការងារនៅថៃ បានសម្រុកចូលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះក្នុង១ ថ្ងៃប្រមាណ ១ ៥០០ ទៅ ២០០០ នាក់ ខណៈអាជ្ញាធរព្រំដែនកំពុងខិតខំធ្វើការពន្លឿនឯកសារឱ្យពួកគាត់ឆាប់បានចូលមក។ លោកថា ជិត១ សប្ដាហ៍ហើយ ពលករខ្មែរនៅលើទឹកដីថៃ មានការកកស្ទះ ហើយអាជ្ញាធរមិនមានការរឹតបន្តឹងនោះទេ ខណៈពួកគាត់បានចាក់វ៉ាក់សាំងគ្រប់ដូសរួចហើយ។

អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា នៅថ្ងៃនេះ នៅតែមានពលករខ្មែរសម្រុកមកច្រើន ហើយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដល់រថយន្តដឹកពលករខ្មែរមកពីថៃ មិនគិតប្រាក់ពីខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន។ រថយន្តប្រមាណ ៥០ ទៅ ១០០ គ្រឿង ដោយដឹកមិនគិតថ្លៃ ចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ១៦ ខែមេសានេះ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ចាក់ថា បញ្ហាដែលនាំឱ្យមានមនុស្សកកស្ទះនៅតំបន់ច្រកទ្វារព្រំដែនប៉ោយប៉ែត គឺព្រោះតែប្រជាជនកំពុងអង្គុយរង់ចាំពិនិត្យបំពេញបែបទនៅខាងទឹកដីថៃ មុននឹងឆ្លងមកទឹកដីកម្ពុជា។ ចំណែកខាងសមត្ថកិច្ចកម្ពុជា ក៏បានយកចិត្តទុកដាក់ ដើម្បីសម្របសម្រួលពន្លឿននីតិវិធី ធ្វើយ៉ាងណាសម្រួលដល់ប្រជាជនខ្មែរដែលមកពីប្រទេសថៃឆាប់បានទៅស្រុកកំណើតរបស់ខ្លួនផងដែរ៕

website_news/2023120406.txt · Last modified: 2023/04/12 12:13 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki