website_news:2023120602

ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ណែនាំឱ្យប្រយ័ត្នករណីឆបោកទិដ្ឋការ

https://www.kampucheathmey.com/local-news/524610 ថ្ងៃសុក្រ ៩ មិថុនា ២០២៣ដោយ Chan Sotheavy

ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា មុននេះបន្តិច បានចេញសារជូនដំណឹងដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្ន បើសិនជាមានស្ថាប័ន ឬបុគ្គលណាម្នាក់ អះអាងថា អាចជួយសម្របសម្រួលទិដ្ឋាការ ក្រោមគម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលីដែលបានគ្រោងទុក។ សេចក្តីជូនដំណឹងនេះ ធ្វើឡើងបន្ទាប់ពីស្ថានទូតទទួលបានព័ត៌មានថា មានស្ថាប័ន និងបុគ្គលមួយចំនួន អះអាងថាអាចជួយសម្របសម្រួលករណីខាងលើនេះ។ ករណីឆបោកទិដ្ឋការនេះ ធ្វើឡើងក្រោមរូបភាពបោកប្រាស់ជនរងគ្រោះ ដោយប្រាប់ថាអាចជួយសម្របសម្រួលទិដ្ឋាការ បាន សម្រាប់អ្នកដែលមានបំណងចង់ធ្វើការនៅប្រទេសអូស្តា្រលី តាមរយៈទិដ្ឋាការ ETA ឬ Visitor ។ តែបើតាមស្ថានទូត គឺមិនមានការអនុញ្ញាតណាមួយ ឱ្យធ្វើការនៅប្រទេសអូស្ត្រាលីតាមរយៈទិដ្ឋាការទាំងពីរនេះឡើយ។

ស្ថានទូតអូស្ត្រាលី បញ្ជាក់ទៀតថា ការអនុញ្ញាតការធ្វើដំណើរតាមប្រព័ន្ធ ETA ឬទិដ្ឋាការ Visitor មិនមែនជាទិដ្ឋាការការងារទេ។ ហេតុនេះ ស្ថានទូតជូនជាដំណឹងថា នោះគឺជាករណីឆបោកទិដ្ឋការហើយ ប្រសិនបើជនណាម្នាក់មកប្រាប់លោកអ្នកថា អាចធ្វើការតាមទិដ្ឋការទាំងពីរខាងលើនេះបាន ព្រោះកម្មវិធីទិដ្ឋាការកសិកម្មអូស្ត្រាលី គឺលែងស្ថិតក្នុងដំណាក់កាលរៀបចំទៀតហើយ ហើយបច្ចុប្បន្ននេះ មិនមានប្រភេទទិដ្ឋាការកសិកម្មអ្វីទៀតនោះទេ។

ស្ថានទូតគូសបញ្ជាក់ដែរថា ស្ថានទូតក៏បានដឹងអំពីបុគ្គល ក៏ដូចជាភ្នាក់ងារ ដែលកំពុងព្យាយាមរៀបចំ ETAs/Visitor visas និងជើងហោះហើរទៅកាន់ប្រទេសអូស្ត្រាលី សម្រាប់មនុស្សធ្វើការដោយខុសច្បាប់នេះផងដែរ និងស្នើឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការក្លែងបន្លំថាអាចជួយសម្រួលទិដ្ឋាការប្រភេទនេះបាន៕

website_news/2023120602.txt · Last modified: 2023/06/12 10:30 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki