website_news:2023130203

អភិបាលខេត្តព្រះសីហនុ ស្នើវៀតណាមជួយសម្របសម្រួលឱ្យពលករមកធ្វើការស្របច្បាប់

https://www.postkhmer.com/national/2023-02-09-1815-246818.html យុទ្ធ វីរៈ | Publication date 09 February 2023 | 18:15 ICT

ព្រះសីហនុៈ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានស្នើលោក LAI XUAN CHIEN អគ្គកុងស៊ុលថ្មី នៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តព្រះសីហនុ ជួយសម្របសម្រួល ឱ្យពលករដែលមកពីប្រទេសវៀតណាមចូលមកធ្វើការដោយស្របច្បាប់ក្នុងខេត្តនេះ ដើម្បីកុំឱ្យមានជនខិលខូចឆ្លៀតឱកាសក្នុងការកេងប្រវ័ញ្ចទៅលើកម្លាំងពលកម្មរបស់ពួកគេ។ ការស្នើរបស់ លោក គួច ចំរើន ដូចនេះធ្វើឡើង កាលពីថ្ងៃ ទី ៩ ខែកុម្ភៈ ក្នុងពេលលោកអនុញ្ញាតឱ្យលោក LAI XUAN CHIEN ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលាខេត្តព្រះសីហនុ។ លោក គួច ចំរើន បានថ្លែងថា៖ «យើងបានសិក្សាអំពីលំហូរជនបរទេស ដែលចូលមករកការងារធ្វើ ក្នុងខេត្តព្រះសីហនុដោយខុសច្បាប់ ហើយរដ្ឋបាលខេត្ត អនុវត្តតាមផ្លូវច្បាប់។ ដូច្នេះទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ដើម្បីងាយស្រួលក្នុងការយើងគ្រប់គ្រង ទន្ទឹមនោះត្រូវបង្កើតកិច្ចសហប្រតិបត្តិការ និងជួយបញ្ច្រាបការយល់ដឹងស្តីអំពីច្បាប់កម្ពុជា ដែលពួកគាត់មកធ្វើការនៅខេត្តព្រះសីហនុ ត្រូវគោរពតាមច្បាប់របស់កម្ពុជា ដើម្បីសុខដុមនីយកម្មទាំងអស់គ្នា»។

នាជំនួបនោះដែរ លោក LAI XUAN CHIEN ក៏បានឯកភាពចំពោះការលើកឡើងរបស់លោកអភិបាលខេត្តព្រះសីហនុ ដោយឱ្យពលករបរទេសទាំងអស់ ត្រូវអនុវត្តច្បាប់របស់ប្រទេសនីមួយៗ ដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រង។ លោកអគ្គកុងស៊ុល ក៏បានថ្លែងអំណរគុណដល់លោក គួច ចំរើន ដែលបានអនុញ្ញាតឱ្យលោកដឹកនាំប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការងារសន្តិសុខ សណ្តាប់ធ្នាប់ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ឱ្យកាន់តែស៊ីជម្រៅថែមទៀត និងកាត់បន្ថយនៃលំហូរពលករដោយខុសច្បាប់។

ទាក់ទងនឹងសំណើនេះ ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) ប្រចាំនៅខេត្តព្រះសីហនុ លោក សុខ សុខុម បានសម្តែងការស្វាគមន៍ ចំពោះការលើកឡើងរបស់លោក គួច ចំរើន ដោយសារជាធម្មតា ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ ដែលឆ្លងដែនទៅកាន់ប្រទេសមួយទៀត ត្រូវតែមានការអនុវត្តទៅតាមច្បាប់ទម្លាប់ឱ្យបានត្រឹមត្រូវ ទោះបីទៅសិក្សា បម្រើការងារ ឬក៏មានបេសកកម្មណាមួយក៏ដោយ។ លោកបានប្រាប់ថា៖ «បើសិនជាពលករវៀតណាម ចូលមកបម្រើការងារនៅក្នុងប្រទេសយើង ដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ នឹងធ្វើឱ្យមានភាពអនាធិបតេយ្យ អសន្តិសុខ ខូចសណ្តាប់ធ្នាប់សង្គម ឬក៏ឈានដល់ការកេងប្រវ័ញ្ចពលកម្ម និងការចាប់ជំរិតជាដើម។ ដូច្នេះ ទាំងពលករកម្ពុជា និងវៀតណាម ត្រូវតែគោរពច្បាប់អន្តោប្រវេសន៍ និងច្បាប់ការងារ»៕

website_news/2023130203.txt · Last modified: 2023/02/14 10:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki