website_news:2023130303

ឃាត់ខ្លួនពលករខុសច្បាប់ប្រុស ស្រី ៧នាក់ លួចឆ្លងដែនតាមច្រករបៀងចូលទឹកដីថៃ

https://www.kampucheathmey.com/security/477255 ថ្ងៃសៅរ៍ ១១ មីនា ២០២៣ដោយ Sokhom Khon

ពលករប្រុស ស្រី ចំនួន៧នាក់ លួចឆ្លងដែនទៅរកការងារធ្វើនៅស្រុកថៃខុសច្បាប់ ត្រូវបានកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ឃាត់ខ្លួនបាននៅវេលាម៉ោង១១ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការបានប្រាប់ឲ្យដឹងថា កាឃាត់ខ្លួនពលករលួចឆ្លងដែនទៅរកការងារធ្វើនៅស្រុកថៃខុសច្បាប់នេះ ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ។ ក្រោយទទួលបានផែនការហើយ លោកបានដឹកនាំមន្រ្តីក្រោមឪវាទចុះល្បាតត្រង់ចំណុចមាត់អូរព្រំដែនស្ថិតក្នុងភូមិសាស្រ្ដភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួនពលករបានចំនួន៧នាក់ មានស្រី៣នាក់ ក្នុងនោះអ្នកនាំផ្លូវចំនួន១នាក់ឈ្មោះ ច្រឹក សំអ៊ី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បំរុងលួចនាំពលករទាំង៧នាក់នេះទៅរកការងារធ្វើនៅប្រទេសថៃខុសច្បាប់ ពលករ៤នាក់ រស់នៅក្នុងខេត្តបន្ទាយមានជ័យ ១នាក់រស់នៅខេត្តកំពត ២នាក់ រស់នៅខេត្ត កំពង់ចាម។

លោកវរសេនីយ៍ឯក សួង សៅ បានបន្តថា ពលករដែលលួចឆ្លងដែនចូលទៅប្រទេសថៃរកការងារខុសច្បាប់ទាំងនេះ ទាំងប្រថុយប្រថាន ពួកគាត់ប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត ដូចជាត្រូវទាហានថៃបាញ់សម្លាប់ ចាប់ដាក់គុក និងធ្វើទារុណកម្ម ជិះរថយន្តរត់គេចពីការតាមចាប់ខ្លួនរបស់ទាហានថៃ បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ និងចាញ់បោកមេខ្យល់កេងកម្លាំងពលកម្ម និងការជួញដូរមនុស្សទៅប្រទេសទី៣ជាដើម ។

ពាក់ព័ន្ធការឆ្លងដែនទៅរកការងារធ្វើខុសច្បាប់របស់ពលករខាងលើនោះ ពលករបាននិយាយថា ពួកគាត់គ្រោងនឹងចេញឆ្លងដែនទៅរកការងារជាកម្មករនៅក្នុងប្រទេសថៃ ហើយឆ្លងដែនតាមច្រករបៀងត្រូវសមត្ថកិច្ចបាប់បានតែម្តង។ ពលករទាំង៧នាក់ខាងលើបន្ទាប់ពីសមត្ថកិច្ចធ្វើការអប់រំ និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការឆ្លងដែនខុសច្បាប់តទៅទៀត ហើយសមត្ថកិច្ចបានប្រគល់ពួកគាត់ជូនទៅផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃដើម្បីអនុវត្តទៅតាមនិតិវិធីបន្ដ៕ អត្ថបទ៖ វ៉ាន់ ណាង

website_news/2023130303.txt · Last modified: 2023/03/13 09:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki