website_news:2023130306

ករណីជួញដូរមនុស្សនៅកម្ពុជាត្រូវកំរើកជាថ្មីតាមរយៈការចុះផ្សាយរបស់សារព័ត៌មានបរទេស

https://www.rfi.fr/km//20230311?ref=tg_i ចុះផ្សាយនៅថ្ងៃ៖ 11/03/2023 - 07:42

ករណីជួញដូរមនុស្សនៅក្នុងខេត្តព្រះសីហនុ ត្រូវបានកំរើកជាថ្មីម្តងទៀត តាមរយៈការចុះផ្សាយរបស់ស្ថា ប័នសារព័ត៌មានអង់គ្លេស BBC។ វីដេអូឯកសារប្រមាណជាង៥០នាទី របស់BBC ដែលបង្ហោះ កាលពីថ្ងៃទី៨មីនា បានបង្ហាញថា ជនរងគ្រោះជាច្រើននៅតែបន្តជាប់ឃុំឃាំង នៅក្នុងទីតាំងបនល្បែងមួយចំនួន នៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។ បញ្ហាជួញដូរមនុស្សនៅកម្ពុជា នៅតែបន្តទទួលបានការចាប់អារម្មណ៍ពីបណ្តាសារព័ត៌មានអន្តរជាតិ។ តាមរយៈវីដេអូប្រមាណជាង៥០នាទី BBC បានបង្ហាញថា ជនរងគ្រោះ ជាជនបរទេសដែលត្រូវបានឆបោកមកធ្វើការនៅទីតាំងបនល្បែងកម្សាន្តក្នុងខេត្តព្រះសីហនុ បានអះអាងថា រូបគេត្រូវបានបង្ខំឲ្យធ្វើការរយៈពេល១២ម៉ោងក្នុងមួយថ្ងៃ ដោយគ្មានពេលសម្រាក។ ជាការលួចផ្តិតយកវីដេអូខ្លីៗ ជនរងគ្រោះ ដែលស្រង់សម្តីដោយ BBC បានបញ្ជាក់ថា ពួកគេត្រូវបង្ខំឲ្យធ្វើការ បើពុំដូច្នេះ នឹងត្រូវទទួលពិន័យ តាមរយៈការវាយដំ និងការប្រើប្រាស់ឧបករណ៍ឆក់ជាដើម។

តាមជនរងគ្រោះ ដែលស្រង់សម្តីដោយ BBC គឺពួកគេបានចាញ់បោកឧក្រិដ្ឋជនតាមរយៈបណ្តាញសង្គមនានា ដែលឆបោកពួកគេ ពីឱកាសការងារដែលរកប្រាក់ចំណូលបានខ្ពស់នៅក្នុងខេត្តព្រះសីហនុ។ ក៏ប៉ុន្តែអ្វីដែលជាក់ស្តែង គឺពួកគេត្រូវបានឃុំឃាំងនៅកន្លែងការងារ ដោយមិនអនុញ្ញាតឲ្យចេញមកខាងក្រៅ និងមានទំនាក់ទំនងជាមួយសាច់ញាតិ។ ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានច្រានចោលអំពីការចុះផ្សាយរបស់សារព័ត៌មាន BBC ថាមិនមែនជាការពិតទាំងស្រុង។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃនេះថា រាប់តាំងពីខែសីហាមក ក្រសួងមហាផ្ទៃទទួលបានពាក្យបណ្តឹងពីជនរងគ្រោះប្រមាណជាង ៧៧០ករណី តាមរយៈហ្វេសប៊ុកផេករបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងផេករបស់អគ្គស្នងការនគរបាលជាតិ។ តាមលោក ខៀវ សុភ័គ អាជ្ញាធរបានចុះបង្រ្កាបទីតាំងចំនួន៥ និងជួយសង្រ្គោះជនរងគ្រោះប្រមាណជាង ១៨០០នាក់។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអះអាងទៀតថា ទីតាំងដទៃនៅក្នុងខេត្តព្រះសីហនុ ក៏កំពុងស្ថិតនៅក្នុងកណ្តាប់ដៃស៊ើបអង្កេតរបស់អាជ្ញាធរ។ បើតាមលោក ខៀវ សុភ័គ ក្រោយការបង្រ្កាបរបស់អាជ្ញាធរ មួយរយៈកាលចុងក្រោយនេះ បានធ្វើឲ្យករណីជួញដូរមនុស្សនៅកម្ពុជា មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។ នៅទន្ទឹមនេះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃ១២ធ្នូ ធ្លាប់ថាចរន្តនៃការវិលត្រឡប់មកវិញដោយឥតគ្រោងទុករបស់ពលករកម្ពុជា ពីប្រទេសគោលដៅក្នុងអំឡុងកូវីដ-១៩ បានធ្វើឲ្យជនទេសន្តរប្រវេសន៍បរទេសខុសច្បាប់ជាច្រើន មានឱកាសបន្លំខ្លួនចូលមកកម្ពុជាដោយខុសច្បាប់ និងបានសម្ងំលាក់ខ្លួន ធ្វើការងារជាមួយនិយោជកទុច្ចរិតមួយចំនួន ដែលបង្កើតបានជាបទល្មើសយ៉ាងអាណាធិបតេយ្យលើទឹកដីកម្ពុជា។ សម្រាប់លោក ស ខេង ចំពោះបញ្ហានេះ រដ្ឋាភិបាលកម្ពុជា មិនបានព្រងើយកន្តើយឡើយ គឺបានដាក់ចេញនូវវិធានការប្រតិបត្តិការ ដើម្បីរុករក បង្ក្រាប និងបោសសម្អាតបទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសពាក់ព័ន្ធដទៃទៀតយ៉ាងសកម្ម តាមវិធានការច្បាប់រហូតធ្វើឲ្យកម្ពុជាវិលត្រឡប់មករកស្ថានភាពសុវត្ថិភាព និងសន្តិសុខជាប្រក្រតីឡើងវិញនៅទូទាំងប្រទេស ហើយរដ្ឋាភិបាលនៅតែបន្តការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបង្ការទប់ស្កាត់ឧក្រឹដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស និងបន្តអនុវត្តរាល់បទដ្ឋានដែលជាប្រយោជន៍ដល់ការលើកកម្ពស់ការគោរពសិទ្ធិ និងកិច្ចការពារសុវត្ថិភាពមនុស្សជាតិ៕

website_news/2023130306.txt · Last modified: 2023/03/13 09:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki