website_news:2023130601

មកដឹងប្រាក់ខែពលករ កម្ពុជា និងប្រទេសផ្សេងទៀតដែលធ្វើការនៅ ថៃ

https://www.kampucheathmey.com/global-news/525775 ថ្ងៃចន្ទ ១២ មិថុនា ២០២៣ដោយ Sok Chivon

គណៈកម្មាធិការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់សភាពាណិជ្ជកម្មថៃ (TCC) បានបង្ហើបប្រាប់ពីអំពីប្រាក់ខែរបស់ពលករកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ បន្ទាប់ពីគណបក្សចលនាឆ្ពោះទៅមុខ ដែលទើបជាប់ឆ្នោតថ្មីចេញមុខបំភ្លឺពាក់ព័ន្ធការបណ្ដេញពលករបេរទេសទាំងនោះចេញពីប្រទេស ។ទាក់ទិននឹងបញ្ហានេះដែរ លោក Tawatchai Setjinda ប្រធាន TCC បានប្រាប់ថា ពលករកម្ពុជា និងប្រទេសផ្សេងទៀតដែលមកធ្វើការនៅក្នុងប្រទេសថៃ ទទួលបានប្រាក់ខែអប្បបរមាចន្លោះពី ៣០០ ទៅ ៤០០ ដុល្លារក្នុងមួយខែទៅតាមបណ្ដាខេត្តដែលពួកគេរស់នៅ និងធ្វើការ ។

ស្របពេលជាមួយគ្នានេះ គណបក្សចលនាឆ្ពោះទៅមុខដែលបានឈ្នះការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅ ក៏បានសន្យាដែរថា រដ្ឋាភិបាលគ្រោងនឹងដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃដល់ពលករនៅទូទាំងប្រទេសឲ្យលើសពីនេះផងដែរក្នុងរយៈពេល ១០០ ថ្ងៃដំបូងនៃការកាន់តំណែង ។

លោក Pita Limjaroenrat ដែលជាមេដឹកនាំគណបក្សបានបញ្ជាក់ថា ពលករចំណាកស្រុកគឺមានសារសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចថៃ ជាពិសេសនៅក្នុងឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម ហើយការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសថៃ នឹងមិនទទួលបានជោគជ័យឡើយ ប្រសិនបើមិនមានពលករចំណាកស្រុកនោះ ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១.៣ លាននាក់បានចេញទៅធ្វើការនៅបរទេស ហើយនៅក្នុងនោះមានពលករចំណាកស្រុកចំនួន ១.២ លាននាក់បានទៅធ្វើការនៅក្នុងប្រទេសថៃ ខណៈ ៤៩,០០០ នាក់នៅកូរ៉េខាងត្បូង, ២២,០០០ នាក់នៅម៉ាឡេស៊ី, ១៩,០០០ នាក់នៅជប៉ុន និងមួយចំនួនទៀតនៅសិង្ហបុរី, តំបន់រដ្ឋបាលពិសេសហុងកុងរបស់ចិន និងអារ៉ាប៊ីសាអូឌីតជាដើម ៕

website_news/2023130601.txt · Last modified: 2023/06/13 10:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki