website_news:2023130902

ឆបោកការងារ៖ ស្រ្តីវៀតណាមម្នាក់ រងទារុណកម្មដល់ស្លាប់ ក្នុងប្រទេសកម្ពុជា

https://www.rfi.fr/km//20230909-?utm_medium=social&utm_campaign=telegram&utm_source=shorty ចុះផ្សាយនៅថ្ងៃ៖ 09/09/2023 - 07:15

ស្រ្តីជនជាតិវៀតណាមម្នាក់ ក្នុងចំណោម៥នាក់ ត្រូវបានធ្វើទារុណកម្មដល់ស្លាប់ ក្រោយត្រូវបានក្រុមឆបោក រត់ពន្ធមកចាប់ជំរិតក្នុងប្រទេសកម្ពុជា។ ជនឆបោកបានរត់ពន្ធជនរងគ្រោះទាំង៥នាក់នេះ ចូលក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២៥សីហាកន្លងទៅ ក្រោមការសន្យាថាពួកគេនឹងបានការងារល្អធ្វើនៅកោះតៃវ៉ាន់។ អំឡុងជាប់ឃុំឃាំងក្នុងស្រុកកោះធំ ខេត្តកណ្ដាល សាច់ញាតិរបស់ជនរងគ្រោះ៣នាក់ ក៏ត្រូវបានជំរិតទារប្រាក់អស់ប្រមាណ២០៨០០ដុល្លារផងដែរ។

យោងតាមការផ្សាយរបស់កាសែតវៀតណាម VN Express នៅថ្ងៃព្រហស្បត្តិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣ ពលរដ្ឋរស់នៅភាគខាងជើងវៀតណាមចំនួន៥នាក់ ត្រូវបានរត់ពន្ធចូលមកក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២៥ ខែសីហា ថ្មីៗនេះ ហើយក៏ត្រូវបានគេចាប់ជំរិត ធ្វើទារុណកម្ម រហូតដល់មានស្រ្តីម្នាក់បានរបួសផ្នែកខួរក្បាលយ៉ាងធ្ងន់ធ្ងរ ស្លាប់បាត់បង់ជីវិត។ យោងតាមប៉ូលីសវៀតណាម ពួកគេបានចាញ់បោកជនឆបោកដែលជាជនជាតិវៀតណាមដូចគ្នា ក្រោមការសន្យាថានឹងរកការងារឲ្យពួកគេបានធ្វើនៅកោះតៃវ៉ាន់។ ជនរងគ្រោះទាំង៥ មានវ័យចន្លោះពី៣២ទៅ៣៩ឆ្នាំ ក្នុងនោះមានបុរសចំនួន៣នាក់ និងស្រ្តី២នាក់។

យោងតាមប៉ូលីសវៀតណាម ក្នុងខែសីហា ឆ្នាំ២០២៣ ជនរងគ្រោះទាំង៥ បានទាក់ទងជនឆបោកដែលឈ្មោះ Truong Van Chung ដោយស្នើសុំឲ្យជនឆបោករូបនេះ ជួយបញ្ជូនពួកគេទៅធ្វើការងារខុសច្បាប់ក្នុងកោះតៃវ៉ាន់។ លុះដល់ថ្ងៃទី២៥ ខែសីហា លោក Chung និងប្រពន្ធ បាននាំពួកគេមកស្នាក់នៅសណ្ឋាគារមួយក្នុងក្រុងហូជីមិញ ដើម្បីបញ្ជូនបន្តទៅឆ្លងព្រំដែនចូលប្រទេសកម្ពុជា ក្នុងខេត្ត An Giang។ ជាថ្ងៃដែលពួកគេត្រូវបានរត់ពន្ធ ចូលមកឃុំឃាំងក្នុងផ្ទះមួយ ដែលស្ថិតនៅស្រុកកោះធំ ខេត្តកណ្ដាល។ នៅទីនោះ ជនចាប់ជំរិតដែលសុទ្ធតែបានពាក់ម៉ាសលាក់បាំងអត្តសញ្ញាណ បានប្រើកាំភ្លើងនិងកាំបិត គំរាមពួកគេ វាយដំច្រំធាក់ ព្រមទាំងចងពួកគេទុកឲ្យជាប់ឃុំឃាំង។ បន្ទាប់មក ជនចាប់ជំរិតដែលបំពាក់ដោយអាវុធ បានទាក់ទងទៅគ្រួសារជនរងគ្រោះតាមបណ្ដាញទំនាក់ទំនងសង្គម ដើម្បីជំរិតទារប្រាក់ ដោយបានផ្ញើវីដេអូជនរងគ្រោះដែលរងការធ្វើទារុណកម្ម។

ប្រឈមបែបនេះ គ្រួសាររបស់ជនរងគ្រោះ៣នាក់ បានយល់ព្រមផ្ញើប្រាក់សរុប៥០០លានVND ឬស្មើប្រមាណ២០៨០០ដុល្លារ ទៅឲ្យជនចាប់ជំរិត។ ក៏ប៉ុន្តែគ្រួសាររបស់ជនរងគ្រោះ២នាក់ទៀត រួមទាំងគ្រួសាររបស់ជនរងគ្រោះដែលបានបាត់បង់ជីវិត មិនបានផ្ញើប្រាក់ទៅតាមការទាមទាររបស់ជនចាប់ជំរិតនោះទេ។ បែបនេះហើយដែលនាំឲ្យស្រ្តីវៀតណាមម្នាក់នេះ បានរងការវាយដំច្រំធាក់ ប៉ះពាល់សរីរាង្គខួរក្បាល រហូតដល់បាត់បង់ជីវិត។ ជាសំណាងមួយក្នុងចំណោមគ្រោះថ្នាក់ ឆ្លៀតក្នុងពេលដែលជនចាប់ជំរិតធ្វេសប្រហែល ជនរងគ្រោះ៤នាក់ផ្សេងទៀត ក៏បានលួចរត់គេចខ្លួន ហើយក៏បានហែលឆ្លងទឹកទន្លេបន្តឆ្លងទៅច្រកទ្វារអន្តរជាតិ Long Binh ក្នុងខេត្ត An Giang។

គិតមកទល់នឹងពេលនេះ ប៉ូលីសវៀតណាមបានចាប់ខ្លួនជនចាប់ជំរិតចំនួន៣នាក់ និងប្ដីប្រពន្ធវៀតណាម២នាក់ ដែលរត់ពន្ធពួកគេចូលក្នុងប្រទេសកម្ពុជានេះ។ ប៉ូលីសវៀតណាមក៏បានអះអាងថា បានសហការជាមួយប៉ូលីសខ្មែរ បញ្ជូនសាកសពជនរងគ្រោះមកប្រទេសវៀតណាមវិញផងដែរ។ លើសពីនេះ ប៉ូលីសវៀតណាម អះអាងថា កំពុងបន្តការស៊ើបអង្កេត ស្វែងរកបក្សពួកបន្ថែមពាក់ព័ន្ធនៅក្នុងករណីនេះ។

យោងតាម VN Express ករណីពលករវៀតណាមដែលបានព្រមព្រៀងជាមួយជនឆបោក ជួយនាំពួកគេទៅប្រទេសមួយ ដើម្បីបានធ្វើការខុសច្បាប់ក្នុងប្រទេសមួយផ្សេងទៀត មិនមែនជាករណីកម្រនោះទេ។ ក៏ប៉ុន្តែ ស្ទើរតែគ្រប់ករណីហើយ ដែលនេះគឺដោយសារជនរងគ្រោះ មិនបានដឹងមុនពីល្បិចកលបន្តទៅមុខទៀត របស់ជនឆបោកទាំងនេះនោះទេ៕

website_news/2023130902.txt · Last modified: 2023/09/13 11:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki