website_news:2023130903

នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ សហប្រតិបត្តិការឃាត់ខ្លួនមុខសញ្ញាជនជាតិថៃចំនួន ៤នាក់

https://www.kampucheathmey.com/security/575511 ថ្ងៃចន្ទ ១១ កញ្ញា ២០២៣ដោយ Sokhom Khon

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នគរបាលជាតិកម្ពុជាបានសហការជាមួយនគរបាលភូមិន្ទថៃបើកប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់កំណត់បាន និងឃាត់ខ្លួនមុខសញ្ញាជាជនជាតិថៃ ចំនួន០៤នាក់ ដែលកំពុងសំងំលាក់ខ្លួនក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធអនឡាញ បណ្តាលឲ្យកើតមានអំពើឃាតកម្មពលរដ្ឋថៃមួយគ្រួសារនៅខេត្តសាមុតប្រកាន កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ និងមានមនុស្សស្លាប់ចំនួន ០៣នាក់។

ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរជាតិកម្ពុជា ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងមានការចង្អុលដឹកនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង នាយកដ្ឋានកណ្តាលសន្តិសុខបានសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការផ្លាស់ប្តូរព័ត៌មានជាមួយនគរបាលភូមិន្ទថៃរហូតកំណត់បាន និងឃាត់ខ្លួនមុខសញ្ញាជាជនជាតិថៃចំនួន០៤នាក់ ដែលកំពុងរត់គេច និងសំងំលាក់ខ្លួនពីការតាមចាប់របស់សមត្ថកិច្ច ក្រោយធ្វើសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ បណ្តាលអោយជនរងគ្រោះជាជនជាតិថៃសម្លាប់គ្រួសាររបស់ខ្លួនឯង ដែលមានម្តាយនិងកូនពីរនាក់ រួចព្យាយាមធ្វើអត្តឃាតខ្លួនតាមក្រោយ ក្រោមកិច្ចសម្របសម្រួលនីតិវិធីដោយអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

ប្រតិបត្តិការនេះបានធ្វើឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម នាយឧត្ដមសេនីយ៍ Surachate Hakparn អគ្គស្នងការរងនគរបាលភូមិន្ទថៃ និងគណៈប្រតិភូកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ខណៈកិច្ចពិភាក្សានេះបានផ្តោតសំខាន់ អំពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ឲ្យមានភាពរឹងមាំជិតស្និទ្ធបន្ថែមទៀត សំដៅសម្រេចឲ្យបាននូវលទ្ធផលធំៗ ក្នុងកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់ និងប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ៕

website_news/2023130903.txt · Last modified: 2023/09/13 11:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki