website_news:2023130905

អនុពន្ធការងារប្រចាំស្ថានទូតកម្ពុជា នាទីក្រុងបាងកក សាទរចំពោះការបង្កើតអគ្គកុងស៊ុលខ្មែរនៅប៉ែកខាងត្បូងប្រទេសថៃ

https://www.postkhmer.com/national/2023-09-10-1844-254361.html វណ្ណ សុជាតា | Publication date 10 September 2023 | 18:44 ICT

ភ្នំពេញៈ អនុពន្ធការងារកម្ពុជាប្រចាំស្ថានទូតកម្ពុជា នៅទីក្រុងបាងកក បានប្រកាសគាំទ្រពេញទំហឹងចំពោះការបង្កើតអគ្គកុងស៊ុលកម្ពុជានៅប៉ែកខាងត្បូងប្រទេសថៃ ដើម្បីជួយសម្រួលដល់ការលំបាក ក៏ដូចជាការបង្ខិតសេវារបស់រដ្ឋាភិបាល ទៅកាន់ពលករខ្មែរ ដែលកំពុងតែរស់នៅ និងធ្វើការនៅទីនោះ។ អនុពន្ធការងារកម្ពុជាប្រចាំស្ថានទូតខ្មែរនៅទីក្រុងបាងកក លោក ឈឹម វិបុល បានថ្លែងកាលពីថ្ងៃទី១០ កញ្ញាថា ការបង្កើតអគ្គកុងស៊ុលនៅប៉ែកខាត្បូងថៃ គឺជាការដាក់ថ្នាំចំជំងឺ ដោយលោកបានប្រកាសគាំទ្រពេញទំហឹងចំពោះការបង្កើតអគ្គកុងស៊ុលនៅតំបន់នោះ ព្រោះថា ជាគោលនយោបាយដែលត្រឹមត្រូវ និងមានប្រសិទ្ធភាព ដោយសារកន្លងមក ពលរដ្ឋខ្មែរនៅប៉ែកខាងត្បូងត្រូវចំណាយពេលវេលាច្រើន និងសោហ៊ុយដើម្បីទទួលបានសេវាគាំទ្ររបស់រដ្ឋាភិបាលដែលមានទីតាំងនៅក្រុងបាងកក។

លោកបាននិយាយថា៖«នេះគឺជាអ្វីដែលពលករនៅប៉ែកខាងត្បូងគាត់ត្រូវការខ្លាំងណាស់ ទាំងការផ្តល់សេវា ទាំងការគាំពារ ដែលវាត្រូវតែមានសម្រាប់បងប្អូនយើង។ បងប្អូនពលករនៅខេត្តដទៃទៀត និងបាងកកជាដើម ក៏សប្បាយរីករាយចំពោះដំណឹងនេះដែរ ព្រោះនេះ ជាបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំយើង»។ លោកឈឹម វិបុល បានបន្តថា ការបង្កើតនេះអាចជួយដល់ការបន្ថយការចំណាយ កាត់បន្ថយពេលវេលាក្នុងការដោះស្រាយបញ្ហាដែលកើតមានចំពោះពលករ។លោកបញ្ជាក់ថា៖«ពលករភាគច្រើនមានតម្រូវការច្រើន លើការធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ ឬលិខិតបញ្ជាក់ការងារធ្វើដំណើរក្នុងនាមជាពលករស្របច្បាប់,លិខិតបញ្ជាក់ដើម្បីទទួលការធានារ៉ាប់រង ឬអត្ថប្រយោជន៍ផ្សេងៗពីរោងចក្រ និងការកែតម្រូវឯកសារផ្សេងៗ និងការដោះស្រាយបញ្ហាថៅកែ មិនបើកប្រាក់ខែឱ្យជាដើម មិនចាំបាច់ធ្វើដំណើរមកឆ្ងាយ ដើម្បីទទួលសេវាទាំងនេះទៀតទេ»។

ប្រធានសហភាពការងារកម្ពុជា (CLC) លោក អាត់ ធន់ ក៏បានសាទរផងដែរដោយថ្លែងថា ជាអ្វីដែលពលករខ្មែរនៅប្រទេសថៃកំពុងមានតម្រូវការ។ លោក អាត់ ធន់ បាននិយាយដូច្នេះថា៖«ខ្ញុំគិតថា វាជាការល្អណាស់សម្រាប់ការបង្កើតអគ្គកុងស៊ុលនៅតំបន់ខាងត្បូងប្រទេសថៃនេះ ដើម្បីជួយសម្រួលដល់ការរៀបចំឯកសារ ជូនបងប្អូនប្រជាពលរដ្ឋយើង ខណៈដែលប្រជាពលរដ្ឋដែលរស់នៅតាមបណ្តាខេត្តក្នុងតំបន់ភាគត្បូងនិងខេត្តជាប់នោះ មិនទាន់មានឯកសារគ្រប់គ្រាន់ និងមួយចំនួនរស់នៅធ្វើការដោយខុសច្បាប់នៅឡើយ»។

សូមរំឭកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ នៅអំឡុងពេលជួបសំណេះសំណាលជាមួយកម្មករនៅខេត្តកំពង់ស្ពឺ ប្រមាណជិត២ម៉ឺននាក់ បានប្រកាសបង្កើតអគ្គកុងស៊ុលខ្មែរ នៅប៉ែកខាងត្បូងប្រទេសថៃដើម្បីជួយសម្រួលដល់ការលំបាក ក៏ដូចជាការបង្ខិតសេវារបស់រដ្ឋាភិបាលទៅកាន់ពលករខ្មែរ ខណៈដែលប្រជាពលរដ្ឋ ដែលធ្វើការនៅប្រទេសថៃមានចំនួនច្រើនជាងនៅបណ្តាប្រទេសដទៃទៀត។ លោកបញ្ជាក់ថា៖«នៅភាគខាងត្បូងប្រទេសថៃ យើងអត់ទាន់មានកុងស៊ុលនៅឡើយទេ នៅម្តុំស៊ុងខ្លា ហាតយ៉ៃ យ៉ាឡា ជាដើម។ឥឡូវខ្ញុំបានជជែកជាមួយឯកឧត្តម អ៊ុច បូររិទ្ធ ហើយ គឺសូមឱ្យបង្កើតអគ្គកុងស៊ុលយើងមួយនៅទីនោះ ហើយរៀបចំមនុស្សបន្ថែមទៀត ដោយមានទីប្រឹក្សាការងារ ទៅអមនៅទីនោះផងដែរ ដោយនេះជាការពង្រឹងសេវាជូនពលរដ្ឋយើង»។

យោងតាមរបាយការណ៍ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្ន មានពលករខ្មែរ បាននិងកំពុងរស់នៅនិងធ្វើការនៅប្រទេសថៃ មានប្រមាណជាង១,២លាននាក់ ដែលភាគច្រើនធ្វើការនៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម កសិកម្ម និងនេសាទជាដើម៕

website_news/2023130905.txt · Last modified: 2023/09/13 11:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki