website_news:2023131103

ជនចំណាកស្រុក១២៣នាក់ ត្រូវបានគេរកឃើញជាប់ក្នុងកុងតឺន័រកណ្តាលប្រទេសម៉ិកស៊ិក

https://www.postkhmer.com/international/2023-11-10-0535-255918.html ១០ វិច្ឆិកា ២០២៣ | ១២:៣៥ អ្នកយកព័ត៏មាន:ស្រ៊ុន សិរី វឌ្ឍនៈ

ទីភ្នាក់ងារអន្តោប្រវេសន៍របស់ប្រទេសម៉ិកស៊ិក កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បាននិយាយថា អាជ្ញាធរបានរកឃើញជនចំណាកស្រុកអាមេរិកឡាទីនកណ្តាល និងអាមេរិកឡា ទីន ខាងត្បូង ចំនួន ១២៣ នាក់ ជាប់នៅក្នុងកុងតឺន័រមួយនៅកណ្តាលរដ្ឋ San Luis Potosi។ ជន ចំណាកស្រុកទាំងអស់ ត្រូវបានរកឃើញដោយមន្ត្រីពីការិយាល័យមេធាវីរបស់រដ្ឋ San Luis Potosi នៅក្នុងទីក្រុង Matehuala បន្ទាប់ពីបានឮសំឡេងស្រែកឱ្យជួយចេញពីក្នុងកុងតឺន័រមួយដែលបានចាក់សោចោល។

បើយោងតាមវិទ្យាស្ថានអន្តោប្រវេសន៍ជាតិរបស់ប្រទេសម៉ិកស៊ិកបានឱ្យដឹងថា ភាគច្រើននៃជនចំណាកស្រុកដែលត្រូវបានជួយសង្គ្រោះគឺមកពីប្រទេសអាមេរិកឡាទីនកណ្តាលរួមមានប្រទេស ហ្គាតេម៉ាឡា នីការ៉ាហ្គា ហុងឌូរ៉ាស អែលសាល់វ៉ាឌ័រ ព្រមទាំងបួននាក់មកពីប្រទេសអេក្វាឌ័រ និងម្នាក់មកពីប្រទេសគុយបា។ ហើយក្នុងចំណោមជនចំណាកស្រុករងគ្រោះទាំងនេះ មានកុមារចំនួន ៣៤ នាក់។ ទីភ្នាក់ងារអន្តោប្រវេសន៍មិនបានពន្យល់ពីរបៀបដែលជនចំណាកស្រុកមកជាប់គាំងនៅកណ្តាលទីក្រុង ឬបង្ហាញពីកន្លែងដែលពួកគេធ្វើដំណើរនោះទេ។ ចំណែកក្រុមជនចំណាកស្រុកវិញ ដឹងត្រឹមថាខ្លួនអាចនឹងទៅដល់ទឹកដីសហរដ្ឋអាមេរិកប៉ុណ្ណោះ។

នៅថ្ងៃដដែលនេះ ប៉ូលិសនៅទីក្រុង Ciudad Juarez ក្បែរបន្ទាត់ព្រំដែន El Paso រដ្ឋតិចសាស់ បានចាប់ខ្លួនអ្នករត់ពន្ធមនុស្ស ៣ នាក់ បន្ទាប់ពីបានរកឃើញជនចំណាកស្រុកមកពីប្រទេស Guatemalan ចំនួន ១១ នាក់ ជាប់នៅក្នុងផ្ទះមួយ ស្រដៀងនឹងករណីជាប់ក្នុងកុងតឺន័រខាងលើដែរ។

គួរជម្រាបថា គ្រោះថ្នាក់សម្រាប់ជនចំណាកស្រុកដែលរួមមាន ការចាប់ជំរិត ការឆបោក និងការទារប្រាក់ពីក្រុមក្មេងទំនើង ក្នុងតំបន់សម្រាប់ការធ្វើដំណើរឆ្លងកាត់ព្រំដែន បានក្លាយជាបញ្ហាធំមួយសម្រាប់អាជ្ញាធរនៅតំបន់អាមេរិកឡាទីន។ លើសពីនេះ ទាំងព្រំដែនភាគខាងត្បូងរបស់សហរដ្ឋអាមេរិក និងម៉ិកស៊ិក បានប្រឈមមុខនឹងកំណើនជនចំណាកស្រុកធ្វើដំណើរទៅកាន់តែច្រើនឡើងៗក្នុងឆ្នាំនេះ រួមទាំងប្រទេសប៉ាណាម៉ា នៅអាមេរិកឡាទីនកណ្តាលក៏ដូចគ្នា។ បើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលប៉ាណាម៉ាបានឱ្យដឹងថា មនុស្សជាង ៤០ ម៉ឺននាក់បានឆ្លងកាត់តំបន់ Darien Gap ពីប្រទេសកូឡុំប៊ី ចូលទៅក្នុងប្រទេសរបស់ខ្លួនក្នុងឆ្នាំ ២០២៣៕

website_news/2023131103.txt · Last modified: 2023/11/13 08:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki