website_news:2023131201

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស» នាថ្ងៃស្អែនេះ

https://www.hotnews-asia.com/detail/240428 ចេញផ្សាយ ថ្ងៃទី 11 ខែ ធ្នូ ឆ្នាំ 2023

ភ្នំពេញ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជបជ) នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ស្អែកនេះ នឹងអញ្ជើញជាអធិបតីប្រារព្ធ «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស» ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍជាតិ មិនមែនដើម្បីជួញដូរមនុស្ស» នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានឲ្យដឹងថា ដូចរៀងរាល់ឆ្នាំដែរ សមាជិក សមាជិកា ដ៏ឧត្តុង្គឧត្តម នៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ក្រសួងស្ថាប័ន តំណាងអង្គទូត និង ស្ថានតំណាងនានានៃបណ្តាប្រទេសជាមិត្ត ដែលមាននិវេសនដ្ឋាននៅកម្ពុជា អង្គការដៃគូ ជាតិ អន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ និស្សិត សិស្សានុសិស្ស យុវជន យុនារី និយោជក កម្មករ និងប្រជាពលរដ្ឋ សរុបប្រមាណជាង ៣.០០០អង្គ/នាក់ នឹងចូលរួមក្នុងកម្មវិធីដ៏មានសារៈសំខាន់នេះ មុននឹងមានការរៀបចំប្រារព្ធពិធី បន្តនៅតាមបណ្តាខេត្តនានា នៅទូទាំងប្រទេស។

នេះគឺជាយុទ្ធនាការដ៏ធំប្រចាំឆ្នាំមួយ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក្នុងគោលបំណងផ្សព្វផ្សាយការយល់ដឹងយ៉ាងទូលំទូលាយអំពីអំពើជួញដូរមនុស្ស កលល្បិច ជនល្មើស ស្ថានភាពបទល្មើស ដែលមានការវិវត្តន៍កាន់តែស្មុគស្មាញ និងសាហាវឃោរឃៅ ព្រមទាំងដើម្បី បង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីបានជ្រួតជ្រាបកាន់តែទូលំទូលាយ និងចូលរួម សហការ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប ផ្តន្ទាទោស សង្គ្រោះជនរងគ្រោះ និងផ្តល់សេវាគាំពារ ដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស។

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) សង្ឃឹមថា គ្រប់ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានជាតិ និងអន្តរជាតិ នឹងចូលរួមសហការ ក្នុងការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា និងជាមធ្យោបាយក្នុងការ បង្ការទប់ស្កាត់ ឈានទៅលុបបំបាត់អំពើជួញដូរមនុស្ស ការពារសុខ សុវត្ថិភាព ប្រជាពលរដ្ឋគ្រប់ភេទ គ្រប់វ័យ គ្រប់ ស្ថានភាព គ្រប់ពណ៌សម្បុរ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិកម្ពុជា ឱ្យកាន់តែរុងរឿងតរៀងទៅ៕

website_news/2023131201.txt · Last modified: 2023/12/13 10:34 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki