website_news:2023140201

លោកជំទាវ ជូ ប៊ុនអេង រំលឹកអំពីហានិភ័យនៃការឆបោកកុមារតាមប្រព័ន្ធអ៊ីនធឺណិត

https://btv.com.kh/article/20116 2023/02/13 12:31:19 pm

ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានរំលឹកឱ្យមានការប្រុងប្រយ័ត្នចំពោះហានិភ័យលើកុមា និងយុវវ័យ តាមរយៈប្រព័ន្ធអ៊ីនធឺណិត ជាពិសេសគឺតាមបណ្តាញសង្គមហ្វេសប៊ុកតែម្តង ។ ក្នុងយុទ្ធនាការគាំទ្រទិវាអន្តរជាតិដើម្បីសុវត្ថិភាពអ៊ីនធឺណិត «តោះ! នាំគ្នានិយាយអំពីការប្រើប្រាស់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាពសម្រាប់កុមារ» ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី១៣ ខែកុម្ភៈ នេះ លោកជំទាវ ជូ ប៊ុនអេង បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ប្រព័ន្ធបច្ចេកវិទ្យានៅប្រទេសកម្ពុជា បាននឹងកំពុងរីកចម្រើនឥតឈប់ឈរ ដែលផ្តល់អត្ថប្រយោជន៍ជាច្រើន ក្នុងការជំរុញ និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ជនខិលខូច ក៏បានឆ្លៀតឱកាសយកប្រព័ន្ធអ៊ីនធឺណិតនេះសម្រាប់បោកប្រាស់ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួនផងដែរ។

លោកជំទាវ បានរំលឹកឱ្យកុមារា កុមារី ត្រូវប្រុងប្រយ័ត្នចំពោះប្រព័ន្ធអ៊ីនធឺណិតនេះ កុំលង់លក់នឹងការឆាតលួងលោមតាមហ្វេសប៊ុក ឬតាមបណ្តាញផ្សេងៗរបស់បុគ្គលមួយចំនួន។ ករណីខ្លះ គឺជាការឆបោក និងបញ្ឆោតឲ្យប្រព្រឹត្តនូវបទល្មើសផ្សេងៗ ដែលសង្គមស្អប់ខ្ពើម ។ លោកជំទាវ ក៏បានលើកឡើងផងដែរថា នាពេលបច្ចុប្បន្ន ប្រទេសកម្ពុជា ត្រូវបានជនខិលខូចយក ធ្វើជាជម្រក សម្រាប់ធ្វើការជួញដូរមនុស្ស និងឆបោកមនុស្សតាមប្រព័ន្ធអ៊ីនធឺណិតនេះ ប៉ុន្តែជនរងគ្រោះ គឺមិនមែនជាខ្មែរនោះទេ គឺសុទ្ធតែជនបរទេស ដែលត្រូវបានជនបរទេសដូចគ្នាធ្វើការបោកបញ្ឆោត។

លោក សំលៀង សីលា នាយកប្រតិបត្តិ នៃអង្គការសម្មភាពដើម្បីកុមារ (APLE) បានលើកឡើង ថា នាពេលបច្ចុប្បន្ន ពិភពលោក មានកុមារជាច្រើន កំពុងត្រូវបានរងគ្រោះ តាមរយៈប្រព័ន្ធអ៊ីនធឺណិត។ នៅក្នុងចន្លោះឆ្នាំ២០១៧និងឆ្នាំ២០១៩ រូបភាពអាសអាភាសកុមារលើអ៊ីនធឺណិត ត្រូវបានកើនឡើងទ្វេដង ហើយបន្តកើនឡើងយ៉ាងគំហុកនៅពេលពិភពលោក មានការរីករាលដាលជំងឺកូវីដ-១៩។ លោកបានធ្វើការអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាធ្វើឲ្យអ៊ីនធឺណិតកាន់តែប្រសើរ និងមានសុវត្ថិភាព និងត្រូវធានាឲ្យបានថា កុមារគ្រប់រូប ត្រូវបានផ្តល់សិទ្ធិអំណាច និងគោរពនៅលើប្រព័ន្ធអនឡាញ។ ចូលរួមទាំងអស់គ្នាដើម្បីធានាថា «គ្មានកុមារណាម្នាក់ ត្រូវបានទុកចោលពីក្រោយឱកាស ដែលបច្ចេកវិទ្យាឌីជីថលអាចផ្តល់ឲ្យ» នាពេលបច្ចុប្បន្ន និងទៅអនាគត៕ បាន ចក់

website_news/2023140201.txt · Last modified: 2023/02/14 11:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki