website_news:2023140202

ទូតម៉ាឡេស៊ី៖ ករណីជួញដូរមនុស្សនៅកម្ពុជាមិនអាក្រក់ដូចរបាយការណ៍បរទេសលើកឡើងនោះទេ

https://www.khmertimeskh.com/501237693// តាំង រីនិត្យ / Khmer Times February 13, 2023

ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជាកាលពីសប្តាហ៍មុនបានថ្លែងរិះគន់បណ្តាអង្គការ និងបុគ្គល «ចង់បានការចាប់អារម្មណ៍» ដែលបានរាយការណ៍មិនពិតជាក់ស្តែងពីស្ថានភាពជួញដូរមនុស្សនៅកម្ពុជា ដែលអាចនាំឱ្យមានផលប៉ះពាល់មកលើទំនាក់ទំនងកម្ពុជា ម៉ាឡេស៊ី។ លោកបានបញ្ជាក់ថា ស្ថានភាពពិតប្រាកដគឺមិន «អាក្រក់» ដូចអ្វីដែលក្រុមជនទាំងនេះបានលើកឡើងនោះឡើយ។ ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ក្នុងកម្មវិធី Cross Talk របស់កាសែតខ្មែរថាមស៍កាលពីថ្ងៃពុធសប្តាហ៍មុន លោកឯកអគ្គរាជទូត Eldeen Husaini Mohd Hashim បានអំពាវនាវឱ្យបុគ្គល និងអង្គការមួយចំនួនបញ្ឈប់ការលើកឡើងដោយគ្មានមូលដ្ឋានរបស់ខ្លួន ដែលបរិយាយខុសពីការពិតអំពីស្ថានភាពឧក្រិដ្ឋកម្មជួញដូរមនុស្សនៅកម្ពុជា ដែលកាលពីឆ្នាំកន្លងទៅ បានទាកទាញចំណាប់អារម្មណ៍របស់ពិភពលោកយ៉ាងខ្លាំង។

លោកថ្លែងថា៖ «អង្គការក្រៅរដ្ឋាភិបាលជាច្រើនកំពុងធ្វើបានយ៉ាងល្អ ក្នុងការកំពុងជួយទៅដល់ការប្រយុទ្ធប្រឆាំងការជួញដូរ ប៉ុន្តែអ្នកខ្លះគ្រាន់តែស្វែងរកការទាក់ទាញអារម្មណ៍តែប៉ុណ្ណោះ ដូច្នេះសូមឈប់ធ្វើវាទៅ។ បើមិនដឹងរឿងអស់ទេ សូមបិទមាត់ឱ្យជិត។ បើអ្នកចង់ក្លាយជាវីរជន ចូរទៅក្លាយជាវីរបុរសពិត»។ លោកបានលើកឡើងយ៉ាងដូច្នេះធ្វើឡើងបន្ទាប់ពីមានអង្គការសិទ្ធិជនចំណាកស្រុកឈ្មោះ North South Initiative ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ីនៅដើមសប្តាហ៍នេះ បានរិះគន់ប៉ូលីសម៉ាឡេស៊ី ដោយចោទប្រកាន់ថាពួកគេមិនបាននាំយកជនជាតិម៉ាឡេស៊ីចំនួន ៥ នាក់ទៅស្រុកកំណើតវិញ ក្រោយពីពួកគេបានក្លាយជាជនរងគ្រោះនៃអំពើជួញដូរមនុស្សក្រោមរូបភាព «ផ្តល់ការងារធ្វើ»។

នាយកប្រតិបត្តិរបស់អង្គការនេះគឺ Adrian Pereira បាននិយាយថា ជនរងគ្រោះនៃការបោកប្រាស់បញ្ឆោតគឺជាបុគ្គលដែលត្រូវបានជួញដូរ ហើយនៅក្រោមអនុសញ្ញាអន្តរជាតិប្រឆាំងនឹងការជួញដូរ ពួកគេមិនអាចត្រូវបានគេចាប់ខ្លួនក្រោមបទល្មើសអន្តោប្រវេសន៍ឡើយ។ លោកនិយាយថា៖ «ជនរងគ្រោះនៃការជួញដូរក្រោមរូបភាពផ្តល់ការងារអាចត្រូវបានគេជួយសង្គ្រោះបានកាន់តែងាយស្រួល ប្រសិនបើអាជ្ញាធរប្រើប្រាស់ការមិនផ្តន្ទាទោសជនរងគ្រោះនៃការជួញដូរក្រោមក្រុមសម្របសម្រួលអន្តរទីភ្នាក់ងារប្រឆាំងនឹងការជួញដូរមនុស្ស និងច្បាប់អន្តរជាតិមួយចំនួនទៀតដែលការពារសិទ្ធិជនរងគ្រោះ»។

ជាការឆ្លើយតប លោក Eldeen Husaini ដែលបានធ្វើការជាមួយប៉ូលីសម៉ាឡេស៊ីលើករណីនេះ បានលើកឡើងថា ការលើកឡើងខាងលើនេះគឺគ្រាន់តែជា «ការស្រែកដង្ហើយដែលមិនចាំបាច់» ដែលត្រូវបានធ្វើឡើងដើម្បីទាក់ទាញការចាប់អារម្មណ៍តែប៉ុណ្ណោះ»។ លោកបានពន្យល់ថា៖ «មនុស្សទាំងប្រាំនាក់នេះមិនមែនជាជនរងគ្រោះទេ ព្រោះលក្ខណៈរបស់ពួកគេមិនត្រូវនឹងនិយមន័យនៃ«ជនរងគ្រោះ»នោះឡើយ។ «[យ៉ាងហោចណាស់] ពួកគេពីរនាក់បានមកទីនេះដោយខុសច្បាប់បន្ទាប់ពីឆ្លងកាត់ព្រំដែន ដោយគ្មានឯកសារផ្លូវច្បាប់ ហើយពួកគេមិនមានភស្តុតាងបង្ហាញថាខ្លួនជាជនរងគ្រោះទេ»។ លោកបន្តថា៖ «ពួកគេក៏បានធ្វើការរាយការណ៍រឿងរ៉ាវរបស់ពួកគេខុសគ្នាៗ អាស្រ័យលើអ្នកដែលពួកគេនិយាយជាមួយ។ ខ្ញុំខកចិត្តចំពោះបុគ្គលទាំងនេះដែលបានព្យាយាមទាញយកឱកាសដើម្បីទទួលបានប្រជាប្រិយភាព និងការអាណិតអាសូរ នៅពេលពួកគេត្រលប់ប្រទេសម៉ាឡេស៊ីវិញ»។

លោកឯកអគ្គរដ្ឋទូតបានបន្ថែមថា ករណីបែបនេះជាច្រើនត្រូវបានគេរកឃើញនាពេលថ្មីៗនេះ ជាពិសេសបន្ទាប់ពីក្រសួងមហាផ្ទៃដាក់ចេញនូវយុទ្ធនាការទូទាំងប្រទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងប្រតិបត្តិការជួញដូរមនុស្ស ដែលតម្រូវឱ្យជនរងគ្រោះដាក់ពាក្យបណ្តឹងតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។ ពាក្យបណ្តឹងមួយចំនួនត្រូវបានបញ្ជូនដោយគ្រួសារនៅក្នុងប្រទេសម៉ាឡេស៊ីដែលមាន “ព្រួយបារម្ភ“ ទោះបីជាកូនប្រុសស្រីរបស់ពួកគេកំពុងធ្វើការដោយស្របច្បាប់ និងធ្វើបានល្អនៅក្នុងប្រទេសកម្ពុជាក៏ដោយក្តី។ ឧក្រិដ្ឋកម្មនៃការជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជាបានចាប់ផ្តើមក្លាយជាប្រធានបទដ៏ក្តៅគគុកនៅក្នុងឆ្នាំ ២០២១ ជាពិសេសបន្ទាប់ពីខ្មែរថាមស៍ បានចាប់ផ្តើមស៊ើបអង្កេតក្រុមហ៊ុនចិនមួយចំនួនដែលឃុំខ្លួនកម្មករទុកអគារក្នុងកាលពីខែមីនាឆ្នាំណោះ។ ករណីជាច្រើនទៀតនឹងត្រូវបានលាតត្រដាងដោយឆ្លុះបញ្ចាំងពីប្រទេសកម្ពុជាដែលបានក្លាយជាប្រទេសនាំចូលដ៏ធំមួយនៅក្នុងបទល្មើសនេះ។

ទម្រង់ជាទូទៅ នៃបទល្មើសនេះគឺ ក្រោមរូបភាពនៃការផ្តល់ការងារ ដោយក្រុមជនល្មើស ដែលស្ទើរតែទាំងអស់ត្រូវបានគ្រប់គ្រងដោយជនបរទេស។ ក្រុមទាំងនេះនឹងទាក់ទាញប្រជាជនមកពីប្រទេសផ្សេងទៀតជាមួយនឹងការផ្តល់ការងារមានប្រាក់ខែច្រើន និងមានអត្ថប្រយោជន៍ដ៏មិនគួរឱ្យជឿនៅប្រទេសកម្ពុជា ហើយនៅពេលដែលជនល្មើសបានមកដល់ ក្រុមជនល្មើសបានបង្ខំឱ្យពួកគេចូលរួមក្នុងប្រតិបត្តិការឧក្រិដ្ឋកម្មរបស់ពួកគេ ចាប់ពីល្បែងអនឡាញ រហូតដល់ការបោកបញ្ឆោតតាមទូរស័ព្ទទាំងនៅក្នុង និងក្រៅប្រទេស។ ជនរងគ្រោះដែលត្រូវបានជួយសង្គ្រោះភាគច្រើនបានត្អូញត្អែរអំពី «លក្ខខណ្ឌឋាននរក» ដែលពួកគេរស់នៅខណៈពេលដែលត្រូវបានឃុំឃាំងដោយក្រុមជនល្មើសទាំងនោះ រួមទាំងអំពើអមនុស្សធម៌ ដូចជាការធ្វើទារុណកម្ម ការរំលោភបំពានផ្លូវភេទជាដើម។

ការកើនឡើង នៃការជួញដូរមនុស្សជាមួយនឹងវិធីសាស្រ្តប្រតិបត្តិការបែបនេះទំនងជានាំឱ្យមានការទម្លាក់ ចំណាត់ថ្នាក់ដ៏ចម្រូងចម្រាសរបស់កម្ពុជានៅក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ ២០២២ របស់ស្ថានទូតសហរដ្ឋអាមេរិក។ របាយការណ៍នេះបានដាក់កម្ពុជាចូលទៅក្នុងបញ្ជីខ្មៅកម្ពុជាដោយទម្លាក់ពីចំណាត់ថ្នាក់ទី ២ ដល់កម្រិតទី ៣ ដែលធ្វើឱ្យ កម្ពុជាស្ថិតក្នុងហានិភ័យនៃទណ្ឌកម្មដែលចេញដោយសហរដ្ឋអាមេរិក ចំពោះការខកខានរបស់កម្ពុជាក្នុងការបំពេញស្តង់ដារអប្បបរ មាសម្រាប់ការលុបបំបាត់ការជួញដូរមនុស្ស និងមិនមានការរីកចម្រើនច្រើនលើសមត្ថភាពប្រឆាំងការជួញដូរ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយកាសែតខ្មែរថាមស៍ ឯកអគ្គរដ្ឋទូត Eldeen Husaini បាននិយាយថា អ្នកដែលកំពុងធ្វើការវាយប្រហារមកលើប្រទេសកម្ពុជាគួរតែ «មកទស្សនាប្រទេសកម្ពុជាមុន» មុនពេលធ្វើការសន្និដ្ឋានអំពីបញ្ហានេះ។

លោកបានបន្តថា៖ «របាយការណ៍គឺផ្អែកលើការប៉ានស្មានតែប៉ុណ្ណោះ ហើយប្រសិនបើអ្នកចុះទៅមូលដូចខ្ញុំ នោះអ្នកនឹងដឹងថាស្ថានភាពឥឡូវស្ថិតនៅក្រោមការគ្រប់គ្រងហើយ។ កម្ពុជាបានធ្វើច្រើនណាស់ ដើម្បីកែលម្អស្ថានការណ៍នេះ»។ ទន្ទឹមនឹងទទួលស្គាល់ថា ករណីជួញដូរមនុស្សតាមរបៀបខាងលើពិតជាមានកើតឡើងនៅកម្ពុជាពិតមែន ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីរូបនេះបានអះអាងថា កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាំងពីឆ្នាំមុន ត្រូវបានគេឱ្យតម្លៃមិនគ្រប់គ្រាន់ ដោយសារការបង្រ្កាបភាគច្រើនមិនត្រូវបានគេរាយការណ៍ឡើយ ទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបញ្ជាផ្ទាល់ដល់មន្ត្រីរបស់ខ្លួន ដើម្បីពង្រឹងប្រតិបត្តិការប្រឆាំងការជួញដូរមនុស្ស និងការអនុវត្តច្បាប់អន្តោប្រវេសន៍ក៏ដោយក្តី។ លោក Eldeen Husaini បានលើកឡើងទៀតថា៖ «របាយការណ៍ជាច្រើនមិនបានលើកឡើងពីសមិទ្ធិផលនោះទេ ប៉ុន្តែមានតែចំណុចក្តៅ ដើម្បីទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកទៅរកចំនួនពិត និងរឿងពិតដែលកម្ពុជារួមជាមួយនឹងស្ថានទូតនានាបានធ្វើ អ្នកនឹងដឹងថាស្ថានភាពមិនអាក្រក់ដូចការរាយការណ៍នោះទេ»។

យោងតាមស្ថានទូតម៉ាឡេស៊ី មានជនរងគ្រោះ ចំនួន២៧៤ នាក់មកពីប្រទេសម៉ាឡេស៊ី ត្រូវបានជួយសង្គ្រោះពីក្រុមឧក្រិដ្ឋកម្មនៅកម្ពុជាចាប់តាំងពីឆ្នាំ ២០១៩។ ឯកអគ្គរដ្ឋទូត Eldeen Husaini បានពន្យល់ថា វិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ដែលបានវាយលុកប្រទេសម៉ាឡេស៊ីបានបណ្តាលឱ្យប្រជាជនទាំងនេះដែលភាគច្រើនគ្មានការងារធ្វើ ធ្លាក់ទៅក្នុងអន្ទាក់នៃការបោកបញ្ឆោតរបស់ក្រុមជនល្មើស។ លោកបានបន្តថា៖ «ក្រុមហ៊ុនប្រើប្រព័ន្ធអ៊ីនធឺណិតដូចជា Facebook ដើម្បីផ្សព្វផ្សាយការផ្តល់ការងារដ៏គួរឲ្យទាក់ទាញដើម្បីទាក់ទាញប្រជាជនម៉ាឡេស៊ីក៏ដូចជាប្រជាជនក្នុងប្រទេសផ្សេងទៀត។ នៅពេលដែលពួកគេនៅទីនេះ ពួកគេបានរកឃើញថាពួកគេត្រូវបានគេបង្ខំឱ្យធ្វើការក្នុងប្រតិបត្តិការខុសច្បាប់ ដូចជាការលេងល្បែងតាមអ៊ីនធឺណិត ឬការ បោកប្រាស់តាមទូរស័ព្ទ»។ លោកបន្ថែមថា៖«ដោយទទួលបានជំនួយពីអាជ្ញាធរកម្ពុជា យើងបានជួយសង្គ្រោះពួកគេទាំងអស់គ្នា»។

ឯកអគ្គរដ្ឋទូត Eldeen Husaini បានរំលឹកឡើងវិញថា ក្នុងចំណោមអ្នកដែលត្រូវបានជួយសង្គ្រោះ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេត្រូវបានគេរកឃើញថាបានរស់នៅក្នុងស្ថានភាពឃោឃៅនោះទេ។ លោកបានបន្ថែមថា៖ «នៅពេលដែលយើងចុះទៅ វាភាគច្រើនជាការិយាល័យ ឬឃ្លាំងដែលមានកុំព្យូទ័រ កៅអី និងម៉ាស៊ីនត្រជាក់។មិនមែនមានអ្នកយកកាំភ្លើងទៅភ្ជុងក្បាល ឬដាក់ច្រវាក់ជើងរបស់ជនរងគ្រោះនោះទេ»។ ថ្លែងទៅកាន់បងប្អូនជនរួមជាតិ និងអ្នកផ្សេងទៀតមកពីជុំវិញពិភពលោក លោកឯកអគ្គរដ្ឋទូត Eldeen Husaini មានប្រសាសន៍ថា ប្រទេសកម្ពុជាគឺជាកន្លែងដ៏ល្អមួយដែលមានឱកាសជាច្រើនក្នុងការធ្វើការ និងធ្វើអាជីវកម្ម ដូចដែលបានបង្ហាញដោយអ្នកជំនួញម៉ាឡេស៊ីជាង ៤០០ នាក់ និងពលរដ្ឋម៉ាឡេស៊ីរាប់ពាន់នាក់ដែលកំពុងតែធ្វើការរកទទួលទាបនៅក្នុងប្រទេសកម្ពុជា។ ជោគជ័យនាពេលថ្មីៗនេះរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន គឺជាភស្តុតាងមួយទៀតដែលបង្ហាញថាកម្ពុជាជាប្រទេសដែលមានសុវត្ថិភាពពិតប្រាកដ។

លោកបាននិយាយថា៖«ខ្ញុំបានមកទីនេះជិតបួនឆ្នាំហើយ ហើយខ្ញុំស្រឡាញ់ប្រទេសនេះ”។ “សម្រាប់ខ្ញុំ វាជាប្រទេសដែលមានសុវត្ថិភាពបំផុត និងជាទឹកដីនៃឱកាស ដោយសារប្រទេសនេះរីកចម្រើនលឿន។ លក្ខខណ្ឌការងារគឺដូចគ្នានឹងប្រទេសដទៃទៀតដែរ។ ប្រសិនបើអ្នកសួរជនជាតិម៉ាឡេស៊ីណាម្នាក់នៅទីនេះ គាត់នឹងប្រាប់អ្នកថា គាត់ស្រឡាញ់ប្រទេសកម្ពុជា»។ លោកថ្លែងទៀតថា៖ «សម្រាប់បងប្អូនជនរួមជាតិខ្ញុំដែលចង់មកកម្ពុជា សូមអញ្ជើញមកកាន់ទឹកដីនៃឱកាសនេះ។ ប៉ុន្តែសម្រាប់អ្នកដែលគិតចង់ប្រព្រឹត្តបទល្មើសនៅទីនេះ សូមកុំធ្វើ បើមិនចង់ឱ្យយើងចាប់អ្នក»៕

website_news/2023140202.txt · Last modified: 2023/02/14 11:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki