website_news:2023140304

ពលករខ្មែរនៅប្រទេសកូរ៉េខាងត្បូង ត្រូវបានថៅកែកូរ៉េគំរាមបណ្ដេញចេញពីការងារ

https://www.rfa.org/khmer/news/human-rights/cambodian-workers-in-south-korea-fired-by-employers-03112023003358.html ដោយ ឡេង ម៉ាលី2023.03.11

ពលករខ្មែរនៅកូរ៉េអំពាវនាវដល់ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ឱ្យជួយអន្តរាគមន៍ចំពោះពលករដែលមកធ្វើការនៅកូរ៉េកំពុងជួបទុក្ខលំបាកដោយសារថៅកែកូរ៉េរំលោភសិទ្ធិការងារ។ ការលើកឡើងនេះគឺបន្ទាប់ពីថៅកែជនជាតិកូរ៉េម្នាក់ស្តីបន្ទោស និងគំរាមបណ្ដេញពលករខ្មែរម្នាក់គឺ កញ្ញា ថៃ ស្រីឡែន ចេញពីការងារទាំងបំពាន។ ពលករខ្មែរជាច្រើនដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង តែងតែប្រឈមការរើសអើង ការជេរប្រមាថ និងការរំលោភសិទ្ធិការងារផ្សេងៗ ពីថៅកែជនជាតិកូរ៉េខាងត្បូង។ ជាក់ស្ដែង កាលពីថ្ងៃទី៩ មីនា មានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ប៉ា រតនា បានបង្ហោះវីឌីអូ (Video) បង្ហាញពីថៅកែស្រីជនជាតិកូរ៉េម្នាក់ បានយកប្រអប់បាយរបស់ស្ត្រីពលករខ្មែរម្នាក់ ឈ្មោះ ថៃ ស្រីឡែន ទៅបោះចោលតាមផ្លូវ និងបានប្រើពាក្យសំដីសម្លុត ចាប់អូសដៃ ស្ដីបន្ទោសខ្លាំងៗ នៅក្នុងកសិដ្ឋានរបស់ខ្លួន ដោយសារនាងមិនសូវយល់ការងារ។ បងប្រុសរបស់កញ្ញា ថៃ ស្រីឡែន និងជាពលករនៅកូរ៉េដែរនោះ គឺលោក ថៃ បូរី ឱ្យដឹងថា ប្អូនស្រីរបស់លោក ត្រូវបានថៅកែជនជាតិកូរ៉េស្ដីបន្ទោសខ្លាំងៗ និងគំរាមបណ្ដាញចេញពីការងារជាច្រើនលើកមកហើយ និងជូនកាលឈានដល់ការប្រើប្រាស់អំពើហិង្សាទៀតផងដោយថា នាងធ្វើការមិនសូវបានល្អ។ លោកបន្តថាប្អូនរបស់លោកធ្វើការនៅទីក្រុងមីលរាំង(Miryang)ក្នុងចម្ការដាំស្លឹកគីនីត (Perilla leaves )។

លោក ថៃ បូរី សោកស្ដាយនៅពេលឃើញប្អូនស្រីរបស់លោកត្រូវថៅកែធ្វើបាបហើយបែរជាមិនអាចជួយអ្វីបាន។ លោកបន្តថាប្អូនស្រីរបស់លោក មកធ្វើរយៈពេល៣ខែនេះមិនទាន់មាន កាតសំគាល់ខ្លួនដែលអាចដើរហើរបានដោយសេរីនៅឡើយទេ។ ម្យ៉ាងលោកថានៅពេលមានបញ្ហាកន្លែងធ្វើការងារម្តងៗ ប្អូនស្រីលោកតែងស្វែងរកកិច្ចអន្តរាគមន៍ពីស្ថានទូតខ្មែរប្រចាំប្រទេសកូរ៉េ ក៏ប៉ុន្តែមិនទទួលបានការឆ្លើយតបឡើយ ។ លោក ថៃ បូរី៖ «ខាងក្រសួងឬក៏ស្ថានទូតគួរតែយកចិត្តទុកចំពោះពលករចំណាកស្រុកពីព្រោះមិនត្រឹមតែប្រទេសកូរ៉េនៅប្រទេសនានាក៏រងសម្ពាធបែបនឹងដែល ប៉ុន្តែនេះនៅប្រទេសកូរ៉េសុំឱ្យស្ថានទូតកូរ៉េយកចិត្តទុកដាក់ចំពោះពលករ ដែលគ្នាមានបញ្ហាទី១ គឺ គ្នាខលទៅមិនរកដំណោះស្រាយឱ្យទេ ឱ្យយើងទ្រាំឱ្យសម្របសម្រួលពេលខ្លះដំណោះស្រាយឱ្យគ្នាសម្របសម្រួលគ្នាចង់តែស្រួលនឹងឯងប៉ុន្តែបើមានបញ្ហាឱ្យគ្នាស្រួលយ៉ាងម៉េច»។ មកទល់ពេលនេះ លោក ថៃ បូរី មិនទាន់ទទួលដំណឹងពីប្អូនស្រីរបស់ថាត្រូវថៅកែបណ្ដេញចេញឬក៏បន្តធ្វើនៅកន្លែងដដែលនោះ ដោយសារគ្មានទូរស័ព្ទដើម្បីទំនាក់ទំនងគ្នា ចំណែកព័ត៌មានដែលលោកទទួលបាននោះគឺមិត្តរួមការងាររបស់ប្អូនលោកផ្ញើឱ្យ។

ទាក់ទិនរឿងនេះវិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីមន្ត្រីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទេនៅថ្ងៃទី១០ មីនា ដោយទូរស័ព្ទហៅចូលពុំមានអ្នកទទួល។

ប្រធានអង្គការវេទិកាសន្តិភាពកម្ពុជានៅប្រទេសកូរ៉េ លោក ស សុខេម មានប្រសាសន៍ថា ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ គួរតែចុះត្រួតពិនិត្យកន្លែងធ្វើការរបស់ពលករ ដើម្បីអាចជួយដល់ពលករ ដែលត្រូវការជំនួយឱ្យបានទាន់ពេលវេលា។ លោកបន្តថា ប្រសិនជាស្ថានទូតមិនអើពើជាមួយពលករខ្មែរនោះទេ ពួកគេអាចប្រឈមនឹងការបាក់ទឹកចិត្ត ដោយសារមានថៅកែមួយចំនួនឆ្លៀតឱកាសកេងចំណេញកម្លាំងពលកម្មដោយមិនឱ្យឈប់សម្រាក និងការរំលោភបំពានសិទ្ធិផ្សេងៗ។ លោក ស សុខេម៖ «ខ្ញុំមិនត្រឹមតែថា កម្រទេ សឹងតែមិនដែលឃើញផងថា ជាវ៉ឹបសៃត៍ (website) របស់ស្ថានទូត ដែលឃើញបើកបង្រៀនណែនាំប្រជាពលរដ្ឋខ្មែរអី វាអត់មាន។ មានតែអ្នកធម្មតាៗ ដែលគាត់បើកបង្រៀនលក់ដូរអីនាយអាយអ៊ីចឹងទៅ។ តែបើជាស្ថានទូត គឺមិនមានទេ»។

ពលករនៅកូរ៉េមួយចំនួន ឲ្យដឹងថា កន្លងមកមានពលករជាច្រើននាក់ត្រូវបានថៅកែគំរាមកំហែងប្រើហិង្សា ហើយជួនកាលឈានដល់ការបៀតបៀនផ្លូវភេទដែលផ្ទុយពីច្បាប់ការងារ ប៉ុន្តែពួកគេមិនអាចស្នើសុំកិច្ចអន្តរាគមន៍ពីមន្ត្រីស្ថានទូតកម្ពុជាបានឡើយ។ ពលករអះអាងថា មន្ត្រីស្ថានទូតទាំងនោះចុះទៅម្ដងម្កាលដែរ ប៉ុន្តែមិនមែនចុះទៅដោះស្រាយបញ្ហាឱ្យពលករឡើយ ផ្ទុយវិញបែរជាបង្ខំសម្លុតពលករឱ្យសម្រួលជាមួយថៅកែ ហើយលុបរូបថត ឬវីឌីអូដែលថៅកែធ្វើបាបនោះចោល។

ស្ថានទូតខ្មែរប្រចាំប្រទេសមួយចំនួនដូចជា កូរ៉េ (S-Korea) ថៃ (Thai) និងម៉ាឡេស៊ី (Malaysia) ជាដើម រងការរិះគន់ជាយូរមកហើយថា អសកម្ម និងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ហើយតែងចុះ យកមុខមាត់ ឬចុះឃោសនាពង្រឹងនយោបាយឲ្យគណបក្សកាន់អំណាច ដោយមិនសូវយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ពលកររស់នៅក្រៅប្រទេសដូចជាស្ថានទូតប្រទេសដទៃឡើយ។ របាយការណ៍ក្រសួងការងារ បង្ហាញថា មកទល់ពេលនេះ ពលករកម្ពុជា កំពុងធ្វើការនៅក្រៅប្រទេសជាង ១លាន ៣សែននាក់ (១.៣២១.៥០៦) ក្នុងនោះនៅប្រទេសកូរ៉េខាងត្បូងចំនួនជិត ៥ម៉ឺននាក់ (៤៩.៧៣៨) ។ ប៉ុន្តែរបាយការណ៍ពីអង្គការសង្គមស៊ីវិលមួយចំនួន បង្ហាញថា ពលករកម្ពុជានៅក្រៅប្រទេសទាំងស្របច្បាប់ និងមិនស្របច្បាប់អាចមានច្រើនជាងនេះ ដោយគ្រាន់តែនៅប្រទេសថៃ មានជាង ២លាននាក់។ ថ្វីត្បិតតែរដ្ឋាភិបាល លោក ហ៊ុន សែន បង្ហាញមោទនភាពចំពោះការបញ្ជូនពលករទៅធ្វើការងារនៅក្រៅប្រទេសកើនឡើងជាបន្តបន្ទាប់ក្តី ក៏ពលករខ្មែរជាច្រើន តែងត្អូញត្អែរពីបញ្ហាទុក្ខលំបាកជាច្រើនដែលពីថៅកែបរទេសធ្វើបាប ដូចជា ការរំលោភបំពានផ្លូវភេទ ការរើសអើង ការប្រើអំពើហិង្សា ការផ្ដាច់ទំនាក់ទំនងជាមួយគ្រួសារ ការបណ្ដេញចេញពីការងារ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការមិនបើកប្រាក់ខែ និងមានពលករខ្លះទទួលរងការធ្វើបាបរហូតបាត់បង់ជីវិតទៀតផង៕

website_news/2023140304.txt · Last modified: 2023/03/14 09:51 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki