website_news:2023140603

ក្រសួងការងារ គ្រោងបញ្ចប់ពលកម្មកុមារត្រឹមឆ្នាំ២០២៥

https://btv.com.kh/article/24685 2023/06/13 07:50:13 pm

ភ្នំពេញ៖លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជា អនុប្រធាន គណ:កម្មាធិការជាតិប្រឆាំងពលកម្មកុមារ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធចូលរួមអនុវត្ត គោលនយោបាយ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ ២០១៩-២០២៩ ជាពិសេសគឺការបញ្ចប់ពលកម្មកុមារនៅឆ្នាំ២០២៥។

នៅក្នុងពិធីអបអរសាទរខួបលើកទី៧៤ទិ វាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២២ទិវាពិភពលោក ប្រឆាំងពលកម្ម កុមារ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៣ កាលពីថ្ងៃទី១២ មិថុនា ឆ្នាំ២០២៣កន្លងទៅ លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ថា នាពេលកន្លងមក ក្រសួងបានធ្វើយុទ្ធនាការផ្សព្វផ្សាយទប់ស្កាត់ការប្រើប្រាស់ ពលកម្មកុមារ នៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ និងកសិឧស្សាហកម្ម ដោយមានការចូលរួមពីមន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈរាជធានីខេត្ត អាជ្ញាធរមូលដ្ឋាន និយោជក កម្មករនិយោជិត និងអង្គការសង្គមស៊ីវិល ព្រមទាំងបានជួប ផ្ទាល់ជាមួយកុមារ និងក្រុមគ្រួសារកុមារនៅសហគមន៍ផលិតឥដ្ឋ ដើម្បីជំរុញកិច្ចសហការលើការផ្លាស់ប្តូរព័ត៌មាន និងការរាយការណ៍លើករណីសង្ស័យទាសភាពបំណុល ឬពលកម្មកុមារ ។

លោកជំទាវ ស៊ើង សរសុចិត្តា បានបន្តថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់យ៉ាង ខ្លាំងក្នុងការដោះស្រាយនូវបញ្ហាប្រឈមនានាចំពោះកុមារ តាមរយៈបានដាក់ចេញនូវគោលនយោបាយ ផែនការសកម្មភាពជាតិពាក់ព័ន្ធនឹងកុមារ និងការបង្កើតយន្តការជាច្រើននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីសម្របសម្រួល ពិនិត្យតាមដានវឌ្ឍនភាព និងបញ្ហាប្រឈមស្តីពីស្ថានភាពកុមារ នៅកម្ពុជាឱ្យកាន់ តែមានប្រសិទ្ធភាព។ ដើម្បីឆ្លើយតបការងារខាងលើនេះ លោកជំទាវ បានផ្តល់នូវអនុសាសន៍មួយចំនួន ដូចជា ត្រូវបន្តបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រប់ភាគីពាក់ព័ន្ធ និងកៀរគរធនធានហិរញ្ញវត្ថុ និងស្វែងរកការ គាំទ្រពីសាធារណជនចូលរួមប្រឆាំងពលកម្មកុមារ និងពង្រឹងកិច្ចអន្តរាគមន៍ស្នូល ដើម្បីសង្គ្រោះពលកម្មកុមារ និងហាមឃាត់ការងារដោយបង្ខំ និងបង្កើនកិច្ចសហការក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធក្នុង ការទប់ស្កាត់ ការប្រើប្រាស់ពលកម្មកុមារពីគ្រប់ទម្រង់៕ ដោយ ៖ បូរ៉ាវី

website_news/2023140603.txt · Last modified: 2023/06/14 12:06 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki