website_news:2023140702

ក្រសួងស្នើជប៉ុនពិនិត្យលទ្ធភាពបណ្ដុះបណ្ដាលមន្ត្រីកម្ពុជាលើវិស័យច្បាប់ និងយុត្តិធម៌

https://www.khmertimeskh.com/501322799/%E1%9E%80%E1%9E%9A%E1%9E%9F%E1%9E%84%E1%9E%9F%E1%9E%93%E1%9E%87%E1%9E%94%E1%9E%93%E1%9E%96%E1%9E%93/ ហង្ស ពណ្ណរាយ / Khmer Times July 12, 2023

ក្រសួងយុត្តិធម៌កម្ពុជា ស្នើឲ្យភាគីជប៉ុន ពិនិត្យលទ្ធភាពបណ្ដុះបណ្ដាលមន្ត្រីកម្ពុជាលើវិស័យច្បាប់ និងយុត្តិធម៌ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌ រវាងប្រទេសទាំងពីរ។ ការស្នើជប៉ុន ពិនិត្យលទ្ធភាពបណ្ដុះបណ្ដាលដល់មន្ត្រី និងនិស្សិតកម្ពុជា ធ្វើឡើងក្នុងជំនួបរវាងលោក កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក សៃតូ កេន (SAITO Ken) រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជប៉ុនក្នុងឱកាសប្រជុំពិសេសរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-ជប៉ុន និងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-ប្រទេស G7នៅក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃព្រហស្សតិ៍ ដល់ថ្ងៃសុក្រ។ ក្នុងជំនួបនេះ លោក កើត រិទ្ធិ ស្នើលោក សៃតូ កេន ជួយបណ្តុះបណ្តាលធនធានមនុស្សបន្ថែមដល់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ឱ្យកាន់តែមានជំនាញវិស័យច្បាប់ និងយុត្តិធម៌ ដើម្បីបម្រើប្រជាជនកម្ពុជា និងភាគីពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព។ សំណើនេះរួមមាន ផ្ដល់កម្មវិធីផ្លាស់ប្តូរបទពិសោធការងារ ការសិក្សា និងផ្ដល់អាហារូបករណ៍សិក្សាដោយផ្ទាល់ នៅប្រទេសជប៉ុន សម្រាប់មន្រ្តីក្នុងវិស័យច្បាប់ និងយុត្តិធម៌ ជាពិសេសផ្ដល់ជំនួយក្នុងការរៀបចំបង្កើតឱ្យមានតុលាការពាណិជ្ជកម្ម នៅកម្ពុជានាពេលអនាគត។

លោក កើត រិទ្ធ ក៏បានកោតសរសើរ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមបង្កើត «ការទូតយុត្តិធម៌» (Justice Affairs Diplomacy) របស់ជប៉ុន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌រវាងប្រទេសសមាជិកអាស៊ាន និងប្រទេសជប៉ុន រួមទាំងប្រទេសសមាជិកអាស៊ាន និងប្រទេស G7 ដើម្បីលើកកម្ពស់ការគោរពគោលការណ៍នីតិរដ្ឋ សិទ្ធិមនុស្ស អធិបតេយ្យភាពជាតិ និងបូរណភាពដែនដី។ ជាពិសេសប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីធានាការពារសន្តិសុខ ធានាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានបង្ហាញពីការគាំទ្រគំនិតផ្តួចផ្តើម របស់ជប៉ុន ក្នុងការបង្កើតឱ្យមាននូវវេទិកា ASEAN-G7 Next Leaders’ Forum ដែលនឹងប្រមូលផ្តុំមន្រ្តីរដ្ឋាភិបាលវ័យក្មេង ដើម្បីចែករំលែកចំណេះដឹង ការពង្រឹងសមត្ថភាព និងការកសាងនូវភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការយូរអង្វែងក្នុងវិស័យច្បាប់ និងយុត្តិធម៌ផងដែរ។

ក្នុងជំនួបនេះ លោក កើត រិទ្ធ ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន នៅក្នុងវិស័យច្បាប់ និងយុត្តិធម៌ ដែលមានភាពល្អប្រសើរនាពេលកន្លងមកផងដែរ។ លោកក៏បានបញ្ជាក់អំពីការបណ្តុះបណ្តាលធនធានមនុស្សនៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងវឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ក្រោមកិច្ចសហការជាមួយទីភ្នាក់ងារ JICA ដែលតែងតែគាំទ្រកម្ពុជា ជាពិសេសអរគុណរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលផ្តល់ជំនួយក្នុងវិស័យច្បាប់ និងយុត្តិធម៌ រហូតដល់បច្ចុប្បន្ន។

លោក SAITO Ken រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជប៉ុន បានថ្លែងថា កិច្ចប្រជុំពិសេសរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-ជប៉ុន និងកិច្ចជំនួបរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-ប្រទេស G7 ធ្វើឡើងក្នុងឱកាសខួប ៥០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងអាស៊ាន និងជប៉ុន ក៏ដូចជាខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងប្រទេសជប៉ុនផងដែរ។ លោកបន្ថែមថា កិច្ចប្រជុំពិសេសរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-ជប៉ុន និងកិច្ចជំនួបរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-ប្រទេស G7 នេះជាព្រឹត្តិការណ៍ដំបូងបំផុតក្នុង វិស័យច្បាប់ និងយុត្តិធម៌ ដែលធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការគោរពនីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស។ លោកមានក្តីរំពឹងថា រវាងអាស៊ាន និងប្រទេស G7 នឹងមានទំនាក់ទំនងល្អជាមួយគ្នា រួមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់ និងយុត្តិធម៌ ដែលនឹងមានសកម្មភាពជាច្រើនបន្តបន្ទាប់ទៀតនាពេលខាងមុខ។

កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងយុត្តិធម៌កម្ពុជា ប្រកាសថា ក្នុងកិច្ចប្រជុំពិសេសរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-ជប៉ុន ភាគីពាក់ព័ន្ធបានអនុម័តលើ សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-ជប៉ុន និងផែនការការងារអាស៊ាន-ជប៉ុន ក្នុងវិស័យច្បាប់ និងយុត្តិធម៌។ ជាពិសេសលើកកម្ពស់គោរពគោលការណ៍នីតិរដ្ឋ ការគោរពសិទ្ធិមនុស្ស ការគោរពអធិបតេយ្យភាពជាតិ និងបូរណភាពដែនដី ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និង លើកកម្ពស់បរិយាកាសធុរកិច្ច និងពាណិជ្ជកម្មអន្តរជាតិ។ ក្រសួងបញ្ជាក់ថា ដើម្បីអនុវត្តការប្តេជ្ញាចិត្តដែលមាននៅក្នុងសេចក្តីថ្លែងការណ៍រួមខាងលើនេះ អង្គប្រជុំក៏បានអនុម័តនូវផែនការការងារអាស៊ាន-ជប៉ុន ក្នុងវិស័យច្បាប់ និងយុត្តិធម៌ ដើម្បីរំលេចនូវវិស័យអាទិភាពដែលត្រូវបន្តអនុវត្តក្នុងជំហានបន្ទាប់រវាងអាស៊ានជាមួយជប៉ុន៕

website_news/2023140702.txt · Last modified: 2023/07/14 10:17 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki