website_news:2023140703

មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី អំពាវនាវដល់ដៃគូពាក់ព័ន្ធជួយអន្តរាគមន៍ជួយជនរងគ្រោះក្នុងអំពើជួញដូរមនុស្ស

https://www.postkhmer.com/national/2023-07-12-1007-252250.html រី សុចាន់ | Publication date 12 July 2023 | 10:07 ICT

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារីអំពាវនាវដល់ដៃគូពាក់ព័ន្ធ ផ្តល់កិច្ចអន្តរាគមន៍ជួយជនរងគ្រោះក្នុងអំពើជួញដូរមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា ដោយមន្ត្រីរូបនេះអះអាងថា រូបភាពនៃការជួញដូរ និងការធ្វើអាជីវកម្មផ្លូវភេទកាន់តែមានភាពសាំញ៉ាំ។

លោកស្រី ទេស ច័ន្ទសារឿន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ថ្លែងថា គ្រប់ប្រតិបត្តិករពាក់ព័ន្ធបានខិតខំយ៉ាងខ្លាំងក្លាក្នុងការបំពេញបេសកកម្មរបស់ខ្លួនដើម្បីរួមចំណែកទប់ស្កាត់ បង្ក្រាប និងដោះស្រាយអំពើជួញដូរស្ត្រី និងក្មេងស្រី ប៉ុន្តែរូបភាពនៃការជួញដូរ និងការធ្វើអាជីវកម្មផ្លូវភេទកាន់តែមានភាពសាំញ៉ាំ និងផ្លាស់ប្ដូរឥតឈប់ឈរហើយជនល្មើសមានល្បិចខ្ពស់ដើម្បីគេចពីសំណាញ់ច្បាប់ ជាពិសេសការលេចឡើងនូវចរន្តថ្មីនៃការធ្វើអាជីវកម្មផ្លូវភេទតាមរយៈបណ្តាញព័ត៌មានសង្គម។ លោកស្រីថ្លែងដូច្នេះ ក្នុងសិក្ខាសាលាស្តីពីភាពជាដៃគូសម្រាប់ការផ្តល់ជំនាញ និងការងារដល់ស្ត្រីដែលងាយរងគ្រោះនាថ្ងៃទី ១១ ខែកក្កដា នៅរាជធានីភ្នំពេញ ដែលរៀបចំដោយអង្គការ ណូមីណែតវើកកម្ពុជា (Nomi Network)។

លោកស្រី ទេស ច័ន្ទសារឿន ថ្លែងថា៖ «ដោយសារតែភាពសាំញ៉ាំនៃបទល្មើសនេះចាំបាច់ត្រូវបន្តពង្រឹងកិច្ចសហការរវាងដៃគូពាក់ព័ន្ធទាំងអស់ឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីឆ្លើយតប និងប្រយុទ្ធប្រឆាំងបញ្ហាជួញដូរស្ត្រី និងក្មេងស្រីតាមរយៈការផ្តល់កិច្ចអន្តរាគមន៍ និងសេវាជួយជនរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា»។ លោកស្រីកត់សម្គាល់ថា អំពើជួញដូរមនុស្សគឺជារូបភាពនៃទាសករសម័យទំនើបក្នុងសតវត្សរ៍ទី២១ នេះ។ វាគឺជាការរំលោភបំពានសិទ្ធិជាមូលដ្ឋានរបស់មនុស្សយ៉ាងធ្ងន់ធ្ងរ និងផ្តល់ទុក្ខវេទនាដល់ជនរងគ្រោះ ក្រុមគ្រួសារ ព្រមទាំងដាក់បន្ទុកផ្នែកសេដ្ឋកិច្ច និងសង្គមយ៉ាងធ្ងន់ធ្ងរដល់រដ្ឋាភិបាលនៃបណ្ដាប្រទេសទាំងអស់ក្នុងពិភពលោក។ ដោយឡែកស្ត្រី និងក្មេងស្រីមានហានិភ័យខ្ពស់ប្រឈមនឹងអំពើជួញដូរផ្លូវភេទអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ជាពិសេសក្នុងចំណោមស្ត្រីបម្រើការងារតាមផ្ទះ។

លោកស្រីអនុរដ្ឋលេខាធិការថ្លែងបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា តាមរយៈការបង្កើតច្បាប់ គោលនយោបាយបទដ្ឋានគតិយុត្តិព្រមទាំងមានយន្តការជាតិ និងកម្មវិធីជាតិជាច្រើន ដើម្បីដោះស្រាយបញ្ហានេះ និងពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ប្រតិបត្តិករពាក់ព័ន្ធទាំងអស់ទាំងនៅកម្រិតថ្នាក់ជាតិថ្នាក់ក្រោមជាតិ ក៏ដូចជាអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា។ លោកស្រីលើកឡើងថា ដើម្បីរួមចំណែកអនុវត្តការងារនេះឱ្យកាន់តែមានប្រសិទ្ធភាព ក្រសួងកិច្ចការនារី បានដាក់ចេញយុទ្ធសាស្ត្រ និងសកម្មភាពគន្លឹះនៅក្នុងផែនការយុទ្ធសាស្ត្រនារីរតនៈទី៥ ក៏ដូចជាផែនការយុទ្ធសាស្ត្ររបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ ២០១៩-២០២៣ ដើម្បីលើកកម្ពស់សិទ្ធិ និងផ្ដល់កិច្ចការពារដល់ស្ត្រី និងក្មេងស្រីនៅកម្ពុជាឱ្យរួចផុតពីរាល់ទម្រង់នៃអំពើហិង្សា និងអំពើជួញដូរ និងរាល់ទម្រង់នៃការកេងប្រវ័ញ្ច។

ក្រោយពីបានចុះអនុស្សរណៈការយោគយល់គ្នាកាលពីឆ្នាំ ២០២២ ក្រសួងកិច្ចការនារី និងអង្គការ Nomi Network បានព្រមព្រៀងគ្នាសហការអនុវត្តសកម្មភាពរួមគ្នាក្នុងការចែករំលែកចំណេះដឹង ស្ដីពីការលើកកម្ពស់សុវត្ថិភាពសម្រាប់ពលករចំណាកស្រុកជាស្ត្រីតាំងពីមុនចេញដំណើរ និងការទប់ស្កាត់អំពើជួញដូរមនុស្ស និងបានចុះសិក្សាស្វែងយល់លើការអភិវឌ្ឍជំនាញមូលដ្ឋាន។

លោកស្រី ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជបជ) ថ្លែងក្នុងសិក្ខាសាលានេះថា គជបជ មានផែនការយុទ្ធសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការកសាង និងអនុវត្តច្បាប់គោលនយោបាយ និងបទដ្ឋាគតិយុត្តនានា។ លោកស្រីបន្ថែមថា គជបជ ថែមទាំងមានយុទ្ធសាស្ត្រលើកកម្ពស់ការបង្ការទប់ស្កាត់រាល់ទម្រង់នៃអំពើជួញដូរមនុស្ស និងការរំលោភបំពានជាពិសេសស្ដ្រី និងកុមារ ព្រមទាំងលើកកម្ពស់ការអនុវត្តច្បាប់ និងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌឆ្លើយតបទៅនឹងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ព្រមទាំងបង្កើនកិច្ចការពារជនរងគ្រោះជាពិសេសស្ត្រី និងកុមារ។ លោកស្រី ប៉ុណ្ណ សំខាន់ ថ្លែងថា៖ «យុទ្ធសាស្ត្រទាំងអស់នេះ គឺអនុវត្តយ៉ាងសកម្មក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ មានក្រសួងស្ថាប័នពាក់ព័ន្ធថ្នាក់ក្រោមជាតិ មានមន្ទីរ អង្គភាពពាក់ព័ន្ធ និងបើកទូលាយឱ្យអង្គការដៃគូចូលរួម»។

អង្គការ Nomi Network ប្រចាំកម្ពុជាបានលើកឡើងថា ដោយសារតែភាពក្រីក្រ ស្ត្រីបានធ្វើ ចំណាកស្រុកដើម្បីរកការងារធ្វើឆ្ងាយពីផ្ទះរបស់ពួកគាត់ ហើយប្រឈមនឹងការជួញដូរមនុស្ស ជាពិសេសនៅពេលពួកគាត់ចំណាកស្រុកទៅក្រៅប្រទេសដោយមិនមានឯកសារស្របច្បាប់គ្រប់គ្រាន់។ ជាង ១ ទសវត្សរ៍កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាបានពង្រឹងកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។ អង្គការនេះមានគោលបំណងកាត់ផ្តាច់វដ្ដនៃភាពក្រីក្រ និងទាសភាពបែបទំនើប តាមរយៈការផ្តល់ភាពអង់អាចផ្នែកសេដ្ឋកិច្ច និងកម្មវិធីបង្កើតឱកាសការងារដល់ស្ត្រីប្រឈមនឹងការកេងប្រវ័ញ្ចជាងគេ។

អង្គការនេះអនុវត្តកម្មវិធីអភិវឌ្ឍន៍ជំនាញដល់ស្ត្រី ដោយលើកកម្ពស់ការយល់ដឹងក្នុងការបង្ការការជួញដូរមនុស្ស ការផ្តល់វគ្គបណ្តុះបណ្តាលជំនាញបំណិនជីវិត ជំនាញបច្ចេកទេសផ្សេងៗ ដើម្បីមានឱកាសក្នុងការរកប្រាក់ចំណូលដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុ។ អង្គការ Nomi Network ប្រចាំកម្ពុជាលើកឡើងថា៖ «យើងជួយស្ត្រីតាមរយៈបង្កើតការងារធ្វើ ជួយរកន្លែងឱ្យធ្វើការ និងជួយក្នុងការបើកមុខជំនួញតូចៗ។ កម្មវិធីនេះមានបំណងផ្តល់នូវការបណ្តុះបណ្តាល និងពិគ្រោះយោបល់ដើម្បីលើកទឹកចិត្ត និងគាំទ្រស្ត្រីក្នុងការសម្រេចចិត្តប្រកបដោយការពិចារណាខ្ពស់សម្រាប់អនាគតរបស់ពួកគាត់ មានភ្នាក់ងារ និងបង្កើតវិថីទៅរកស្ថិរភាពហិរញ្ញវត្ថុ»។

កញ្ញា Supei Lui អនុប្រធាន និងជាសហស្ថាបនិកអង្គការ Nomi Network ថ្លែងក្នុងសិក្ខាសាលានេះថា អង្គការ Nomi Network បានធ្វើការជាមួយសហគមន៍ដែលខ្វះខាតបំផុតនៅក្នុងប្រទេសឥណ្ឌាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ កញ្ញា Supei Lui លើកឡើងថា៖ «នៅមានកិច្ចការជាច្រើនដែលត្រូវរៀនសូត្រ កសាង និងតភ្ជាប់ ដើម្បីយើងអាចបញ្ចប់គម្លាតការងារ និងនាំមកនូវការផ្តល់សិទ្ធិអំណាចសេដ្ឋកិច្ចដល់គ្រប់សហគមន៍នៅគ្រប់តំបន់នៃព្រះរាជាណាចក្រកម្ពុជា។ សំខាន់បំផុត យើងចង់ធ្វើឱ្យប្រាកដថា សហគមន៍ និងក្រុមដែលងាយរងគ្រោះបំផុតមិនត្រូវបានទុកចោល និងមិនរងគ្រោះក្នុងអំពើជួញដូរ»៕

website_news/2023140703.txt · Last modified: 2023/07/14 10:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki