website_news:2023140704

ទិវាជាតិអន្តរសាសនាលើកទី៧ នឹងធ្វើឡើងដោយផ្សារភ្ជាប់សាសនាទៅនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

https://www.postkhmer.com/national/2023-07-12-1007-252256.html ជា សុខនី | Publication date 12 July 2023 | 10:07 ICT

ភ្នំពេញៈ ក្រសួងមហាផ្ទៃ និងក្រសួងធម្មការ និងសាសនា រួមទាំងស្ថាប័នពាក់ព័ន្ធ គ្រោងរៀបចំទិវាជាតិអន្តរសាសនា លើកទី៧ នៅក្នុងឆ្នាំនេះ ដើម្បីផ្សារភ្ជាប់សាសនា ប្រយុទ្ធប្រឆាំងទៅនឹងអំពើជួញដូរមនុស្សនៅកម្ពុជា ពីព្រោះមានតែសាសនាទេ ដែលអប់រំផ្លូវចិត្តរបស់មនុស្សឱ្យមានសីលធម៌ និងមានគុណធម៌ កុំឱ្យប្រព្រឹត្តនូវអំពើទុច្ចរិត។

យោងតាមគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានឱ្យដឹងនៅថ្ងៃ ១០ ខែកក្កដាថា ស្ថាប័នពាក់ព័ន្ធរួមមានក្រសួងមហាផ្ទៃ, ក្រសួងធម្មការ និងសាសនា,គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, អង្គការការីតាសកម្ពុជា,តំណាងអ៊ិស្លាមសាសនា គ្រិស្តសាសនា និងព្រះពុទ្ធសាសនា បានពិភាក្សាគ្នាពីការត្រៀមរៀបចំទិវាជាតិអន្តរសាសនា ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា។

ទាក់ទងនឹងទិវានេះ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន អចិន្រៃ្តយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១១ ខែកក្កដាថា អាជ្ញាធរតែងតែប្រារព្ធធ្វើទិវានេះរៀងរាល់ឆ្នាំ នាថ្ងៃទី ២០ សីហា ខណៈដែលឆ្នាំនេះជាលើកទី៧ ហើយ ដែលទិវាអន្តរសាសនានេះ នឹងត្រូវប្រារព្ធជាមួយស្ថាប័នពាក់ព័ន្ធនានា។លោកស្រីបន្តថា ទិវាជាតិអន្តរសាសនា ដើម្បីប្រឆាំងការជួញដូរមនុស្សនេះ ក៏ជាកម្មវិធីមួយដ៏មាន សារៈសំខាន់ដែលរាជរដ្ឋាភិបាលបានសម្រេចឱ្យការប្រារព្ធទិវានេះធ្វើឡើងទាំងថ្នាក់ជាតិ រហូតដល់ថ្នាក់ខេត្តនៅទូទាំងប្រទេស។

លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា៖ «យើងគិតថា មានតែសាសនាទេដែលបានអប់រំ និងជួយអប់រំផ្លូវចិត្តទៅដល់មនុស្សគ្រប់រូប ហើយបើគ្រប់គ្នាបានទទួលការអប់រំផ្លូវចិត្តឱ្យបានល្អ មានសីលធម៌ មានគុណធម៌ និងការរស់នៅក្នុងសង្គមបានល្អគឺគាត់នឹងមិនប្រព្រឹត្តអំពើទុច្ចរិតបែបនេះទេ ហើយការកសាងសុខដុមរមនារវាងសាសនាទាំងអស់ ត្រូវតែរួមគ្នាដើម្បីការពារកុំឱ្យមនុស្សលោកធ្លាក់ចូលទៅក្នុងភាពរងគ្រោះនៃអំពើជួញដូរមនុស្ស»។ សម្រាប់ប្រធានបទ នៃទិវាជាតិអន្តរសាសនា ដើម្បីប្រឆាំងការជួញដូរមនុស្សឆ្នាំនេះដែរ ភាគីពាក់ព័ន្ធកំពុងពិភាក្សាគ្នានៅឡើយ ដោយមិនទាន់សម្រេចត្រូវយកអ្វីមួយជារួមនៅឡើយទេ ប៉ុន្តែលោកស្រី ជូ ប៊ុនអេង បញ្ជាក់ថា ក្នុងកិច្ចពិភាក្សាគ្នាកាលពីថ្ងៃទី ១០ កក្កដាភាគីពាក់ព័ន្ធចង់ផ្សារភ្ជាប់អន្តរសាសនា ជាមួយនឹងសន្តិភាពទៅនឹងបញ្ហាការជួញដូរមនុស្ស។

នៅក្នុងវេទិកាអន្តរសាសនាថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើកទី៦ កាលពីឆ្នាំ ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងដោយមានជំនឿថា យុទ្ធនាការបង្ក្រាបល្បែងស៊ីសងនឹងរួមចំណែកកាត់បន្ថយការជួញដូរមនុស្ស និងបង្កើនសុវត្ថិភាព ភូមិ-ឃុំមានសុវត្ថិភាពផងដែរ។ លោកថា៖ «វិធីដែលល្អគឺបំបាត់ល្បែងស៊ីសងនៅតាមមូលដ្ឋាន ជំរុញការបំបាត់ការជួញដូរគ្រឿងញៀននៅតាមមូលដ្ឋាន ដែលទាំងនេះគឺជាធាតុផ្សំនៃការទប់ស្កាត់ការជួញដូរមនុស្ស»។

សូមបញ្ជាក់ដែរថា លោកនាយករដ្ឋមន្ត្រី បានប្រកាសយកថ្ងៃទី ២០ ខែសីហា ជារៀងរាល់ឆ្នាំដើម្បីប្រារព្ធទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ដែលលោកបានបញ្ជាក់ថា ទិវានេះមិនធ្វើតែ ១ ថ្ងៃ ២០ សីហានោះទេ គឺត្រូវធ្វើជារៀងរាល់ថ្ងៃតែម្ដង ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង ទប់ស្កាត់ការជួញដូរមនុស្សនៅកម្ពុជា៕

website_news/2023140704.txt · Last modified: 2023/07/14 10:22 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki