website_news:2023140705

កម្ពុជានឹងរៀបចំទិវាជាតិអន្តរសាសនាលើកដំបូង ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា

https://www.khmertimeskh.com/501323390/%E1%9E%80%E1%9E%98%E1%9E%96%E1%9E%87%E1%9E%93%E1%9E%84%E1%9E%9A%E1%9E%94%E1%9E%85%E1%9E%91%E1%9E%9C/ តន វិបុល / Khmer Times July 13, 2023

កម្ពុជានឹងរៀបចំទិវាជាតិអន្តរសាសនាជាលើកដំបូង ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ពីព្រោះមានតែសាសនាទេ ដែលអប់រំផ្លូវចិត្តរបស់មនុស្សឱ្យមានសីលធម៌ មានគុណធម៌ និងលាចាកការប្រព្រឹត្តអំពើទុច្ចរិត។ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈ កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានប្រាប់ខ្មែរថាមស៍ពីម្សិលមិញថា កាលពីកំលុងខែកញ្ញា ឆ្នាំ២០២២ រដ្ឋាភិបាលបានកំណត់យកថ្ងៃទី២០ ខែសីហា ជាទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សជារៀងរាល់ឆ្នាំ។

លោកស្រីបាននិយាយថា ខ្លួនបានដឹកនាំកិច្ចប្រជុំចំនួនពីរលើករួចមក ហើយជាមួយក្រសួងធម្មការ និងសាសនា អង្គការការីតាសកម្ពុជា តំណាងឥស្លាមសាសនា គ្រិស្តសាសនា និងព្រះពុទ្ធសាសនា និងភាគីពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំទិវាជាតិដ៏មានសារៈសំខាន់មួយនេះ។ លោកស្រីបានបន្តថា ទិវាជាតិដ៏មានសារៈសំខាន់នេះ រៀបចំឡើងគោលបំណងរួមគ្នាផ្សព្វផ្សាយខ្លឹមសារទប់ស្កាត់អំពើជួញដូរមនុស្ស តាមរយៈសាសនានីមួយៗ។ សាសនានីមួយៗយកខ្លឹមសារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សទៅអប់រំមនុស្ស។ លោកស្រីបន្ថែមថា ទិវាជាតិអន្តរសាសនាក្នុងឆ្នាំនេះ ថែមទាំងមានបំណងបង្ហាញអំពីសាសនា ដែលបានចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងអំពើការជួញដូរមនុស្សកន្លងមក ជាពិសេសការបង្ហាញអំពីសុខុដុមនីយកម្មសាសនានៅកម្ពុជា។ សាសនាទាំងអស់នៅកម្ពុជា ដែលបានរួមគ្នាក្នុងន័យដោះស្រាយបញ្ហាសង្គម ជាពិសេសបញ្ហាអំពើជួញដូរមនុស្ស។

លោកស្រីថា៖ «ខ្ញុំយល់ថា ជាមូលដ្ឋានគ្រឹះ ប្រសិនបើយើងធ្វើស្រុះដៃគ្នាល្អ ហើយសាសនានីមួយៗយល់ពីបញ្ហានេះ គឺជួយបានច្រើនណាស់ ជាពិសេសពាក់ព័ន្ធនឹងការបង្ការ ទប់ស្កាត់ និងការជួយជនរងគ្រោះ»។ លោកស្រីបន្តថា៖ «យើងត្រូវការអប់រំឱ្យមនុស្សយល់បុណ្យនិងបាប ឬអ្វីដែលល្អនិងអ្វីដែលមិនល្អសម្រាប់មនុស្ស គួរធ្វើឬមិនគួរធ្វើ ពីព្រោះបើយើងនិយាយពីច្បាប់ គឺយើងត្រូវដាក់ទោស ប៉ុន្តែបើនិយាយពីសាសនា គឺបានអប់រំមនុស្សឱ្យកុំកេងប្រវ័ញ្ចគ្នា ឬក៏ជួញដូរគ្នានោះដែរ»។លោកស្រី ជូ ប៊ុនអេង ពន្យល់ថា ការអប់រំតាមបែបសាសនាជួយបង្កើនការយល់ដឹងពីតម្លៃមនុស្ស ការទទួលខុសត្រូវក្នុងសង្គម ហើយកាលណាមនុស្សម្នាក់ៗមានការយល់ដឹងអំពីតម្លៃសីលធម៌ គុណធម៌ នោះពួកគេមិនអាចប្រព្រឹត្តអំពើអំក្រក់បានទេ។ ផ្ទុយពីនេះ ប្រសិនបើនៅតែមានជនជួញដូរមនុស្ស ក៏ពួកគេដឹងខ្លួនមិនគួរធ្លាក់ចូលក្នុងឧបាយកលរបស់ជនជួញដូរមនុស្សនោះដែរ។ ទន្ទឹមនឹងនេះលោកស្រី អំពាវនាវដល់សាសនាទាំងឡាយចូលរួមក្នុងទិវាជាតិអន្តរសាសនា ដើម្បីរួមគ្នាផ្សព្វ ផ្សាយខ្លឹមសារអប់រំការប្រយុទ្ធប្រឆាំងអំពើការជួញដូរមនុស្ស៕

website_news/2023140705.txt · Last modified: 2023/07/14 10:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki