website_news:2023140708

“តោះជជែកគ្នា” ជាយុទ្ធនាការ ដើម្បីដឹងពីល្បិចជនលួងលោមកុមារលើអនឡាញ

https://www.kampucheathmey.com/local-news/542449 ថ្ងៃព្រហស្បតិ៍ ១៣ កក្កដា ២០២៣ដោយ Ken Malis

អង្គការយូនីសេហ្វកម្ពុជា សហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងធ្វើយុទ្ធនាការដើម្បីកាត់បន្ថយចំនួនកុមារដែលទទួលរងការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទតាមអនឡាញ។ នេះបើតាមការឲ្យដឹងរបស់ UNICEF កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ តាមរយៈយុទ្ធនាការដែលមានលក្ខណៈអន្តរកម្ម និងច្នៃប្រឌិត ដើម្បីឆ្លើយតបចំពោះល្បិចកល “លួងលោម” កុមារ លើអនឡាញ អង្គការយូនីសេហ្វកម្ពុជា បានធ្វើយុទ្ធនាការមួយនេះតាមប្រព័ន្ធឌីជីថលដែលមានឈ្មោះថា “តោះជជែកគ្នា (Let’s Chat)” ចាប់ពីថ្ងៃទី១ ខែមិថុនា រហូតដល់ថ្ងៃទី ៣០ ខែសីហាឆ្នាំ២០២៣ ដើម្បីកាត់ន្ថយហានិភ័យដែលក្មេងជំទង់នៅកម្ពុជាជួបប្រទះ បង្កដោយជនប្រព្រឹត្តអំពើកេងប្រវ័ញ្ចលើអនឡាញ។ យុទ្ធនាការ “តោះជជែកគ្នា” មានគោលបំណងជួយឲ្យក្មេងជំទង់យល់ដឹងពីល្បិចរបស់ជនទាំងនេះ ក៏ដូចជាជួយឲ្យខ្លួនឯង ចេះកំណត់ដឹង និងយល់ពីអ្វីដែលត្រូវធ្វើ ប្រសិនបើខ្លួន ឬមិត្តភក្តិ ក្លាយជាមុខសញ្ញារបស់ជនដែលលួងលោមល្បួងកុមារលើអនឡាញ និងអាចធ្វើការសម្រេចចិត្តប្រកបដោយសុវត្ថិភាព ដើម្បីកាត់បន្ថយហានិភ័យសម្រាប់ខ្លួនឯងផង និងសម្រាប់ក្មេងជំទង់ និងកុមារដទៃទៀតផង។

នៅក្នុងយុទ្ធនាការតាមបណ្តាញទំនាក់ទំនងសង្គមនេះ នឹងមានការបង្ហាញពីមិត្តជិតស្និទ្ធមួយក្រុមដែលមានគ្នា ៤នាក់ ប្រើប្រាស់បណ្តាញសង្គម សម្រាប់ធ្វើសកម្មភាពផ្សេងៗនៅក្នុងជីវិត ទាក់ទងនឹងមនុស្សជាមួយខ្លួនស្រលាញ់ និងទំនាក់ទំនងតាមអនឡាញដទៃទៀត។ រឿងរ៉ាវទាំងនេះត្រូវបានបង្ហាញក្នុងទម្រង់ជាវីដេអូភាគខ្លីៗ បែបជាការ “សន្ទនា” ដោយវីដេអូនីមួយៗផ្តោតលើសេណារីយ៉ូមួយ។ អមជាមួយវីដេអូទាំងនេះ ក៏មានការបង្ហោះពីព័ត៌មានផ្សព្វផ្សាយ និងសកម្មភាពដែលអាចអនុវត្តជាជំហានៗ ដូចជាព័ត៌មានសម្រាប់ទាក់ទងទៅកាន់បណ្តាញទូរសព្ទជំនួយកុមារកម្ពុជា ដែលអាចហៅចូលដោយមិនគិតថ្លៃ (+៨៥៥ ៩២ ៣១១ ៥១១) ជាដើម។

គួរជម្រាបថា ជនប្រព្រឹត្តអំពើកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើអនឡាញក្នុងទម្រង់មួយ ដែលគេហៅថា “ការលួងលោម” ជារឿយៗតែងប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងកម្មវិធីផ្ញើសារ ជជែកកម្សាន្ត ឬអ៊ែបវីដេអូដទៃទៀត។ ជនទាំងនោះចាប់ផ្តើមសាងទំនាក់ទំនងជាមួយយុវជនបន្តិចម្តងៗ ដើម្បីឈ្វេងយល់ពីតម្រូវការ និងភាពទន់ខ្សោយរបស់យុវជន ហើយពេលខ្លះបន្លំខ្លួនធ្វើជាយុវជនទៀតផង។ ក្រោយពេលទទួលបានការជឿទុកចិត្ត ការរំលោភបំពានបានលេចចេញជារូបរាងសន្សឹមៗ ហើយជារឿយៗ ស្តែងចេញតាមរយៈការបោកបញ្ឆោតបែបលាក់កំបាំង និងការទាមទារផ្សេងៗ និងអាចវិវឌ្ឍទៅជាការបង្កគ្រោះថ្នាក់លើរូបរាងកាយផងដែរ។

ជាមួយគ្នានោះ អង្គការយូនីសេហ្វ សង្ឃឹមថា យុទ្ធនាការនេះនឹងអាចជួយផ្សព្វផ្សាយដល់យុវជនជាង ២លាននាក់ តាមប្រព័ន្ធអនឡាញ ក្នុងរយៈពេល៣ ខែខាងមុខនេះ។ យុវជន និងសាធារណៈជន អាចចូលរួមក្នុងយុទ្ធនាការនេះ តាមរយៈទំព័រហ្វេសប៊ុក និង អ៊ីនស្តាក្រាម របស់យូនីសេហ្វកម្ពុជា៕

website_news/2023140708.txt · Last modified: 2023/07/14 10:31 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki