website_news:2023140710

រដ្ឋមន្រ្តីការងារ៖ កម្លាំងពលកម្មទាំងក្នុង និងក្រៅប្រទេសមានចំនួនជិត ១១លាននាក់

https://btv.com.kh/article/26416 2023/07/13 10:43:39 pm

ភ្នំពេញ៖ ដោយសារតែទីផ្សារការងារកម្ពុជាមានភាពរឹងមាំ ដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣% គិតមកដល់បច្ចុប្បន្ននេះ កម្លាំងពលកម្មទាំងក្នុង និងក្រៅប្រទេសមានចំនួនជិត ១០,៨លាននាក់។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកិច្ចសម្ភាសន៍ពិសេសរបស់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ស្តីពីការរីកចម្រើន ៥ឆ្នាំចុងក្រោយ នៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរាត្រីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ការងារក្នុងប្រទេស សម្រាប់វិស័យឧស្សាហកម្មមានចំនួន ២,៥លាននាក់, វិស័យកសិកម្ម ៣,៤លាននាក់, វិស័យសេវាកម្ម ៣,១លាននាក់ និងមន្រ្តីសាធារណៈចំនួន ៥០ម៉ឺននាក់។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្រ្តីបច្ចុប្បន្ន កម្ពុជាបានខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទទួល ដោយពង្រីកឱកាសការងារបន្ថែមជូនប្រជាពលរដ្ឋនៅក្រៅប្រទេសប្រមាណ ១,៣លាននាក់ និងបានប្រាក់បញ្ញើបញ្ជូនមកប្រទេសវិញប្រមាណ ២,៧ពាន់លានដុល្លារអាម៉េរិក ក្នុង១ឆ្នាំៗ។ ឯកឧត្តម បានរៀបរាប់ថា ក្នុងតួលេខពលករទេសន្តរប្រវេសន៍ខាងលើនេះ ពលករបានកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ មានចំនួនជាង ១លាន ២សែននាក់, កូរ៉េខាងត្បូងជិត ៥ម៉ឺននាក់, ម៉ាឡេស៊ីជាង ២ម៉ឺន ២ពាន់នាក់, ជប៉ុនជាង ១ម៉ឺន ៦ពាន់នាក់, សិង្ហបុរី ៨៥១នាក់, ហុងកុង ២១៥នាក់ និងអារ៉ាប់ប៊ីសាអូឌីត ១១នាក់។

ក្នុងកិច្ចសម្ភាសន៍នេះ ឯកឧត្តមរដ្ឋមន្រ្តី បានពណ៌នាថា ក្រសួងការងារបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍទីផ្សារការងារ ដើម្បីឱ្យឆ្លើយតបនឹងបម្រែបម្រួលរចនាសម្ពន្ធសេដ្ឋកិច្ច-សង្គម និងបច្ចេកវិទ្យា ក៏ដូចជាដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងសុខុមាលភាពសង្គម តាមរយៈការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រ និងគោលនយោបាយជាតិសំខាន់ៗមួយចំនួន ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ ឯកឧត្តម ឲ្យដឹងទៀតថា ក្រសួង បានបន្តបង្កើនឱកាសការងារក្នុងប្រទេស តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដោយបានផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ ពង្រីកការផ្តល់ប្រឹក្សាយោបល់ និងមគ្គុទេសក៍ការងារ, រៀបចំវេទិការការងារ និងបណ្តុះបណ្តាលជំនាញត្រៀមចូលទីផ្សារការងារជាដើម ហើយប្រជាជនក៏មានជម្រើសក្នុងការស្វែងរកឱកាសការងារក្រៅប្រទេសស្របច្បាប់ ដែលមានលក្ខខណ្ឌការងារល្អ និងប្រាក់ចំណូលខ្ពស់ផងដែរ។ក្រៅពីនេះ ក្រសួងនៅតែបន្តលើកកម្ពស់សុវត្ថិភាពការងារ និងសុខភាពកម្មករនិយោជិត តាមរយៈការរៀបចំច្បាប់ ការកែលម្អគុណភាពមធ្យោបាយដឹកជញ្ជូនឱ្យកាន់តែមានសុវត្ថិភាព និងតាមស្តង់ដារបច្ចេកទេស ជំរុញការចូលរួមរបស់និយោជកក្នុងការគាំទ្រដល់ទារកដ្ឋានសហគមន៍ ដែលនៅក្បែរតំបន់រោងចក្រជាដើម៕

website_news/2023140710.txt · Last modified: 2023/07/14 10:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki