website_news:2023140802

កម្ពុជា និងឥណ្ឌូណេស៊ី បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការ ដើម្បីលុបបំបាត់ការជួញដូរមនុស្ស

https://www.khmertimeskh.com/1341550// August 12, 2023

កម្ពុជា និងប្រទេសឥណ្ឌូនេស៊ី បានប្តេជ្ញាសហការលុបបំបាត់ការជួញដូរមនុស្សនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អគ្គនាយកអន្តោប្រវេសន៍ និងប្រធានកុងស៊ុលអាស៊ានលើកទី២៦(DGICM)ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៨-១១ ខែសីហា នៅទីក្រុងភូកេត ប្រទេសថៃ។ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំខាងលើ លោក Silmy Karim អគ្គនាយកអន្តោប្រវេសន៍នៃក្រសួងច្បាប់ និងសិទ្ធិមនុស្សរបស់ប្រទេសឥណ្ឌូនេស៊ី បានជួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍កម្ពុជា។

លោក Silmy Karim បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មួយនៅថ្ងៃសុក្រថា “ក្នុងអំឡុងពេលនៃជំនួបពិភាក្សាខ្ញុំបានលើកឡើងថាមានប្រជាជនឥណ្ឌូនេស៊ីជាច្រើនបានក្លាយជាជនរងគ្រោះនៃល្បែងអនឡាញ ការក្លែងបន្លំតាមអ៊ីនធឺណិត និងការជួញដូរក្រលៀន”។

គណៈប្រតិភូកម្ពុជាបានជម្រាបជូនលោក Silmy Karim ថា អាជីវកម្មល្បែងអនឡាញធ្លាប់ប្រព្រឹត្តិទៅដោយស្របច្បាប់នៅកម្ពុជា។ ប៉ុន្តែចាប់តាំងពីខែមិថុនា ឆ្នាំ២០១៩ មក អាជ្ញាប័ណ្ណសម្រាប់ប្រតិបត្តិការល្បែងស៊ីសង និងល្បែងអនឡាញត្រូវបានប្រកាសថាខុសច្បាប់។

លោក Silmy Karim បានបន្តថា “នៅឆ្នាំ២០២២ អាជ្ញាធរមូលដ្ឋានបានចុះបង្រ្កាបនៅទីតាំងមួយក្នុងខេត្តព្រះសីហនុ ដែលត្រូវបានគេសង្ស័យថាជាកន្លែងល្បែងស៊ីសង។មានមនុស្សជាង២០០ នាក់ត្រូវបានចាប់ខ្លួន ហើយពួកគេភាគច្រើនមកពីប្រទេសឥណ្ឌូនេស៊ី”។ លោកបានអោយដឹងទៀតថា បន្ទាប់ពីការបង្រ្កាបនេះ ជនជាតិឥណ្ឌូនេស៊ីដែលជាជនរងគ្រោះត្រូវបានការពារដោយស្ថានទូតឥណ្ឌូនេស៊ីនៅទីក្រុងភ្នំពេញ។ លោកបានបន្តថា៖ «ជនរងគ្រោះត្រូវបានអោយស្នាក់នៅបណ្ដោះ អាសន្ននៅទីតាំងដែលផ្តល់ជូន ចំណែកអ្នកដែលមិនមែនជាជនរងគ្រោះត្រូវបានដាក់ក្នុងបន្ទប់ឃុំឃាំងអន្តោប្រវេសន៍កម្ពុជា។ លោកបាននិយាយទៀតថាករណីជួញដូរក្រលៀនជាព័ត៌មានថ្មីដែលរដ្ឋាភិបាលកម្ពុជាទើបនឹងទទួលបាន។ ទន្ទឹមនឹងនេះ សម្រាប់រដ្ឋាភិបាលឥណ្ឌូនេស៊ី ការិយាល័យរបស់លោកបានអំពាវនាវដល់មន្ត្រីអន្តោប្រវេសន៍ ចាត់វិធានការពារ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។

លោកបានសង្កត់ធ្ងន់ថាអន្តោប្រវេសន៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការចេញលិខិតឆ្លងដែន និងត្រួតពិនិត្យនៅច្រកអន្តោប្រវេសន៍។ នៅក្នុងពាក្យសុំលិខិតឆ្លងដែន មន្ត្រីអន្តោប្រវេសន៍ត្រូវតែកំណត់អត្តសញ្ញាណអោយបានច្បាស់លាស់ ឬស៊ើបអង្កេតលើជនណាដែលបានផ្តល់ព័ត៌មានមិនត្រឹមត្រូវ។ លោកបានបន្តថា សម្រាប់ជនទាំងនោះការដាក់ពាក្យសុំធ្វើលិខិតឆ្លងដែនអាចត្រូវបានផ្អាករហូតដល់ទៅពីរឆ្នាំ។ លោកបានបញ្ជាក់ថា ដើម្បីចាត់វិធានការអោយមានប្រសិទ្ធភាពអគ្គនាយកដ្ឋានអន្តោប្រវេសន៍នឹងដាក់ចំណាត់ការជាក់លាក់ដើម្បីពន្យារពេលសុំធ្វើលិខិតឆ្លងដែនរហូតដល់៣ឆ្នាំ។

ការត្រួតពិនិត្យនៅច្រកអន្តោប្រវេសន៍ក៏ជាវិធានការបន្ទាប់ក្នុងការទប់ស្កាត់ការជួញដូរមនុស្សផងដែរ។ លោកបាននិយាយទៀតថារាល់ការធ្វើដំណើរអាចពន្យាពេល ប្រសិនបើមានបញ្ហាមិនប្រក្រតីណាមួយត្រូវបានរកឃើញលើអ្នកដំណើរដែលជាពលករចំណាកស្រុក។ លោកបានបន្តថា “ទាក់ទងនឹងការជួញដូរមនុស្ស ប្រទេសឥណ្ឌូនេស៊ី នឹងផ្តួចផ្តើមកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីតាមដានលើបញ្ហានេះ។ យើងសង្ឃឹមថា កិច្ចការនេះនឹងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខ”។ Antara News Agency

website_news/2023140802.txt · Last modified: 2023/08/14 09:15 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki