website_news:2023140901

លោក ហ៊ុន ម៉ាណែត ជំរុញអភិបាលរាជធានី-ខេត្ត បង្ក្រាបបទល្មើសជួញដូរមនុស្ស និងគ្រឿងញៀន

https://www.khmertimeskh.com/501360203// ហង្ស ពណ្ណរាយ / Khmer Times September 14, 2023

ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជួបជាមួយអភិបាលរាជធានី ខេត្ត ទាំង២៥ កាលពីម្សិលមិញ ដើម្បីជំរុញឱ្យមានការបង្ក្រាបបទល្មើសជួញដូរមនុស្ស ជួញដូរគ្រឿងញៀន និងផ្តល់សេវាសាធារណៈល្អសម្រាប់បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ប្រាប់កាសែតខ្មែរថាមស៍ កាលពីម្សិលមិញថា កាលពីអាណត្តិទី៦ រដ្ឋាភិបាលអនុវត្តយុទ្ធសាស្ត្រចតុកោណ តែសម្រាប់អាណត្តិទី៧ រដ្ឋាភិបាលមានយុទ្ធសាស្ត្របញ្ចកោណ ដែលមានគោលដៅធ្វើយ៉ាងណា ឱ្យរដ្ឋាភិបាលថ្នាក់ជាតិ សហការជាមួយថ្នាក់ក្រោមជាតិ ដើម្បីបម្រើសេវាសាធារណៈប្រកបដោយគុណភាព និងប្រសិទ្ធភាព។ លោកបន្ថែមថា ការផ្ដល់សេវាសាធារណៈប្រកបដោយគុណភាព និងប្រសិទ្ធភាពសម្រាប់ប្រជាពលរដ្ឋ គឺធ្វើឡើងទាំងផ្ដល់សេវាតម្រូវការ សេវាសំណូមពរ និងសេវាផ្សេងៗជាច្រើនទៀត។ លោកបន្តថា ចំពោះការអនុវត្តតួនាទី និងភារកិច្ចរបស់គណៈអភិបាលខេត្ត គឺពង្រឹងលើការផ្ដល់សេវាសាធារណៈ និងសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសទប់ស្កាត់ការជួញដូរមនុស្ស និងបង្ក្រាបរាល់បទល្មើសជួញដូរគ្រឿងញៀន។

អភិបាលខេត្តកំពង់ស្ពឺ បញ្ជាក់ថា ការប្រព្រឹត្តរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក គឺមានផែនការសកម្មភាពរបស់ខ្លួនជាដំណាក់កាល។ មានន័យថា ឆ្នាំណាត្រូវធ្វើអ្វី? ខែណាត្រូវធ្វើអ្វីខ្លះ? ហើយក៏មានផែនការរយៈពេលខ្លី និងរយៈពេលវែងដូចជាផែនការរយៈពេល ៣ឆ្នាំ ៥ឆ្នាំ ជាដើម។ លោក វ៉ី សំណាង បន្ថែមថា៖ «ជាគោលការណ៍យើងស៊ីប្រាក់ខែរដ្ឋ ត្រូវបម្រើប្រជាពលរដ្ឋ នេះជាគោលដៅរបស់យើង ហើយមេ (លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត) បានផ្ដល់សេចក្ដីទុលចិត្តដល់អភិបាលខេត្ត និងក្រុមប្រឹក្សាខេត្ត ដើម្បីបម្រើប្រជាពលរដ្ឋឱ្យបានល្អ»។ លោកបញ្ជាក់ថា៖ «យើងត្រូវតែប្ដេជ្ញាចិត្តចូលរួមអនុវត្តតាមផែនការថ្នាក់ជាតិ ឱ្យបានខ្ជាប់ខ្ជួន និងឱ្យបានម៉ឺងម៉ាត់តាមការចង្អុលបង្ហាញ ដើម្បីសម្រេចតាមគោលដៅរបស់យើង គឺបម្រើសេវាសាធារណជូនប្រជាពលរដ្ឋ ក៏ដូចជាចូលរួមថែរក្សាសន្តិសុខ និងកៀងគរអ្នកវិនិយោគ ដើម្បីមកអភិវឌ្ឍក្នុងខេត្តរបស់យើង»។

លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានឱ្យដឹងថា ចំពោះការបង្ក្រាបបទល្មើសគ្រឿងញៀន និងជួញដូរមនុស្ស គឺរដ្ឋបាលខេត្តធ្វើជាប្រចាំ។ លោកបន្ថែមថា៖ «ក្នុងភូមិសាស្ត្រខេត្តរបស់យើងនៅតែបន្តអនុវត្តការបង្ក្រាបបទល្មើសគ្រឿងញៀន គឺធ្វើជាសកម្ម ប៉ុន្តែសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ចំពោះបទល្មើសជួញដូរគ្រឿងញៀននេះ ត្រូវតែបង្ក្រាបឱ្យខ្លាំងជាងមុន»។ លោកបន្តថា បច្ចុប្បន្ន ការជួញដូរគ្រឿងញៀននៅក្នុងខេត្តក្រចេះ មិនមានការកើនឡើងច្រើននោះទេ ប៉ុន្តែមានការថយចុះតិចតួច។ ចំពោះការជួញដូរគ្រឿងញៀននេះ គឺមិនមានលក្ខណៈទ្រុងទ្រាយធំៗនោះទេ កើតឡើងករណីតូចតាចតែប៉ុណ្ណោះ។ អភិបាលខេត្តក្រចេះបញ្ជាក់ថា ចំពោះការជួញដូរមនុស្សក្នុងភូមិសាស្ត្រខេត្តក្រចេះ គឺគ្មានករណីនេះកើតឡើងទេ គឺដោយសារខេត្តក្រចេះ ជាខេត្តតូចមួយ ហើយសេដ្ឋកិច្ច ក៏តូចដែរ ជាខេត្តជនបទ។

លោក វ៉ា ថន បន្ថែមថា បច្ចុប្បន្ន ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ គឺមានលក្ខណៈល្អប្រសើរច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារមានយន្តការណ៍ច្បាស់លាស់ និងដាក់ឱ្យមានការបម្រើសេវាច្រកចេញច្រកចូលតែមួយ គឺចាប់ពីរដ្ឋបាលឃុំ ស្រុក ខេត្ត។ លោកបានបន្ថែមថា ក្នុងកិច្ចប្រជុំកាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យអភិបាលខេត្តពង្រឹងសមត្ថភាពមន្ត្រីបន្ថែម គឺត្រូវដុះខាត់សមត្ថភាពរបស់មន្ត្រី ដើម្បីអនុវត្តភារកិច្ចរបស់រដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព និងគុណភាព។ លោកបន្តថា បច្ចុប្បន្ន រដ្ឋាភិបាលឌីជីថល បើសិនមិនចេះប្រព័ន្ធឌីជីថល ធ្វើការមិនទាន់គេនោះទេ ដូច្នេះ ត្រូវពង្រឹងបន្ថែមទៀត ជាពិសេសបណ្ដុះបណ្ដាលសមត្ថភាពមន្ត្រីបន្ថែមជាបន្តបន្ទាប់។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានថ្លែងថា បច្ចុប្បន្ន ការបង្ក្រាបបទល្មើសគ្រឿងញៀន គឺមានលក្ខណៈល្អប្រសើរ ប៉ុន្តែបន្តសកម្មភាពរបស់ខ្លួនជាប្រចាំ ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។ លោកបន្ថែមថា៖ «រដ្ឋបាលរាជធានីប្ដេជ្ញាពង្រឹងការបង្ក្រាបបទល្មើសគ្រឿងញៀន និងការជួញដូរមនុស្ស ដើម្បីឆ្លើយតបទៅនឹងម្ចាស់ឆ្នោតដែលមានជំនឿចិត្តលើរាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧»។ លោកបញ្ជាក់ថា សម្រាប់ការផ្ដល់សេវាសាធារណៈក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានីភ្នំពេញ ក៏មានភាពល្អប្រសើរនាពេលបច្ចុប្បន្ន ប៉ុន្តែរដ្ឋាបាលរាជធានីនៅតែប្រឹងប្រែងបន្ថែមទៀត ដើម្បីបម្រើប្រជាពលរដ្ឋ៕

website_news/2023140901.txt · Last modified: 2023/09/14 10:39 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki