website_news:2023140902

ក្រសួងការងារ តម្រង់ទិសដល់ពលករ និងកម្មសិក្សាការីមុនទៅបម្រើការនៅជប៉ុន

https://www.tvk.gov.kh/?p=31491 ចេញផ្សាយ ថ្ងៃទី 12 ខែ កញ្ញា ឆ្នាំ 2023

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបើកវគ្គតម្រង់ទិសដល់ពលករជំនាញ និងកម្មសិក្សាការីចំនួន១០៣នាក់ មុនចេញទៅបម្រើការនៅប្រទេសជប៉ុន។ ក្នុងនោះ ពលករជំនាញមានបីនាក់ និងកម្មសិក្សាការីចំនួន១០១នាក់។

ក្នុងវគ្គតម្រង់ទិសដែលធ្វើនៅទីស្តីការក្រសួង ឯកឧត្តម ឡេង តុង ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារ បានអបអរសាទរដល់ពលករ និងកម្មសិក្សាការីទាំងអស់ ដែលបានទៅធ្វើការនៅប្រទេសជប៉ុន។ ទន្ទឹមនឹងនេះ ឯកឧត្តមទីប្រឹក្សា បានណែនាំឱ្យកម្មសិក្សាការី និងពលករជំនាញត្រូវគោរពច្បាប់ និងវិន័យនៅកន្លែងធ្វើការ ហើយស្ដាប់តាមការណែនាំរបស់និយោជកជាពិសេសពាក់ព័ន្ធនឹងសុវត្ថិភាពការងារ ក៏ដូចជាការសម្របខ្លួនទៅតាមទំនៀមទំលាប់ប្រពៃណីរបស់ជប៉ុន។ ក្រៅពីការផ្តាំឱ្យមើលថែសុខភាពខ្លួនឯង ឯកឧត្តមឡេង តុង បានផ្តាំដាច់ខាតឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងត្រូវចេះសន្សំប្រាក់ និងគ្រប់គ្រងចំណូលនិងចំណាយប្រចាំខែ ដើម្បីអាចសន្សំប្រាក់សម្រាប់ផ្ញើមកកាន់ប្រទេសកំណើត ឬសន្សំទុកប្រកបរបរផ្សេងៗពេលធ្វើមាតុភូមិនិវត្តន៍។

សូមបញ្ជាក់ថា ចាប់ពីខែតុលា ឆ្នាំ២០២៣ខាងមុខតទៅ ប្រទេសជប៉ុននឹងផ្តល់ប្រាក់ឈ្នួលអប្បបរមាដល់កម្មសិក្សាការី និងពលករជំនាញទាំងអស់ចំនួន៧ដុល្លារ ក្នុងពេលធ្វើការមួយម៉ោង ដែលជាមធ្យមទទូលបាន១៤០០ដល់១៦០០ដុល្លារក្នុងមួយខែ។ គិតត្រឹមថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣នេះ កម្មសិក្សាការី និងពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុនមានប្រមាណជាង ២ម៉ឺននាក់ដែលធ្វើការលើវិស័យមួយចំនួនដូចជាវិស័យ កសិកម្ម វិស័យសំណង់ វិស័យឧស្សាហកម្ម និងវិស័យផ្សេងៗទៀត៕

website_news/2023140902.txt · Last modified: 2023/09/14 10:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki