website_news:2023141102

សហរដ្ឋអាមេរិកជំរុញឱ្យកម្ពុជាប្រយុទ្ធប្រឆាំងការជួញដូរមនុស្សឱ្យមានប្រសិទ្ធភាព

https://www.rfa.org/khmer/news/human-rights/us-urges-cambodian-authorities-to-step-up-fight-against-human-traffickers-11092023015214.html ដោយ សេក បណ្ឌិត2023.11.09

មន្ត្រីសហរដ្ឋអាមេរិកជំរុញអាជ្ញាធរកម្ពុជា អនុវត្តវិធានការប្រយុទ្ធប្រឆាំងលើក្រុមឧក្រិដ្ឋជនជួញដូរមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព ស្របពេលអាមេរិកដាក់កម្ពុជាក្នុងចំណាត់ថ្នាក់អាក្រក់បំផុតនៃអំពើជួញដូរមនុស្ស។ មន្ត្រីសង្គមស៊ីវិលថា ការជំរុញជាថ្មីនេះ ដោយសារសហរដ្ឋអាមេរិកមើលឃើញថា កម្ពុជាមិនទាន់ឆ្លើយតបគ្រប់គ្រាន់ទៅនឹងបញ្ហាជួញដូរមនុស្ស។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាលោក បាទ្រីក ម័រហ្វី (Patrick Murphy) សរសេរសារបង្ហោះនៅលើបណ្ដាញសង្គមអិច (X) អតីតបណ្ដាញសង្គមទ្វីតធឺ (Twitter) កាលពីថ្ងៃទី០៧ វិច្ឆិកា ថា លោកបានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីលោក នេត សាវឿន។ នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាពីបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន និងទទួលស្គាល់កិច្ចសហការរបស់ប្រទេសទាំងពីរ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការពារកុមារ។ លោកបន្តថា ក្នុងជំនួបនោះ លោកក៏ទទូចឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត នៃវិធានការប្រយុទ្ធប្រឆាំងក្រុមជួញដូរមនុស្ស ប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត និងការការពារសិទ្ធិមនុស្ស។

វិទ្យុអាស៊ីសេរីមិនទាន់ទទួលបានការបកស្រាយបន្ថែមពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបាននៅថ្ងៃទី៨ វិច្ឆិកា។ ទោះជាយ៉ាងណាក៏ដោយ ការទទូចរបស់សហរដ្ឋអាមេរិកនេះ ធ្វើឡើងស្របពេលរដ្ឋាភិបាលកម្ពុជា តែងមិនទទួលស្គាល់របាយការណ៍របស់សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ ដែលលើកឡើងនាពេលកន្លងមកថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលសម្បូរករណីជួញដូរមនុស្ស ដែលជាទង្វើរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដោយសារតែអាជ្ញាធរកម្ពុជាពុករលួយ។ មន្ត្រីរដ្ឋាភិបាលឆ្លើយតបទៅនឹងរបាយការណ៍ទាំងនោះ ថា ជាចេតនាធ្វើឱ្យកម្ពុជាបាក់មុខមាត់នៅលើឆាកអន្តរជាតិ ជាហេតុនាំឱ្យអ្នកវិនិយោគ និងអ្នកទេសចរបរទេស មិនហ៊ានធ្វើដំណើរមកកាន់កម្ពុជា។

អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង លើកឡើងនៅថ្ងៃទី៧ វិច្ឆិកាថា ការអះអាងថា អាជ្ញាធរកម្ពុជាពុំបានប្រឹងប្រែងឱ្យបានគ្រប់គ្រាន់ ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជាការលើកឡើងខ្វះចន្លោះ និងសំអាងតែទៅតាមរបាយការណ៍ម្ខាងពីក្រុមអង្គការដៃគូរបស់អាមេរិក។ លោកស្រី ជូ ប៊ុនអេង៖ «ព័ត៌មាន ឬក៏លទ្ធផលដែលទទួលបានហ្នឹង គឺតាមរយៈអង្គការដៃគូ ដែលយើងដឹងហើយថា ធម្មតា អង្គការដៃគូ មិនបានធ្វើការគ្រប់ជ្រុងជ្រោយ ដូចរដ្ឋាភិបាលទេ។ ហើយប្រសិនបើគាត់រាយការណ៍ ប្រហែលនៅក្នុងចន្លោះណា ដែលគាត់បានមើលឃើញនៅក្នុង Project (គម្រោង)គាត់មួយៗហ្នឹង»។

ជាមួយគ្នានេះ កាលពីថ្ងៃទី០៧ វិច្ឆិកា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងនៅពេលចុះជួបក្រុមកម្មករថា អំឡុងពេលទៅទស្សនកិច្ចនៅរដ្ឋធានីប៉េកាំង កាលពីខែតុលា លោកបានខិតខំពន្យល់ទៅដល់អ្នកវិនិយោគចិន ឱ្យឈប់ភ័យខ្លាច ចំពោះបញ្ហាសន្តិសុខនៅកម្ពុជា បន្ទាប់ពីមានភាពយន្តចិនរឿង នូ ម៉រ បិត (No more bets) ដែលបានលាតត្រដាងពីការជួញដូរមនុស្សប្រមាណ១សែននាក់នៅកម្ពុជា។ លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា លោកក៏បានពឹងក្រុមវិនិយោគិនចិនកំពុងរកស៊ីនៅស្រុកខ្មែរ ជួយពន្យល់បន្ថែមទៅដល់អ្នកវិនិយោគចិនផ្សេងទៀត ដែលមិនទាន់ចេញមករកស៊ីនៅស្រុកខ្មែរ។

លោក ហ៊ុន ម៉ាណែត៖ «បើគ្នាគេ(អ្នកវិនិយោគចិន)ដែលបានរស់នៅហ្នឹង គេមកប្រាប់ថា សុវត្ថិភាព អារឿងនោះ(ករណីជួញដូរមនុស្ស) វាមាន ប៉ុន្តែវាតូចតាច។ អារឿងនេ៎! សុវត្ថិភាពទូទៅ គាត់ទៅណាអីបាន គេមកច្រើន។ បើថា ហេ! អំណោយផលរដ្ឋាភិបាលស្រុកខ្មែរ មានគោលការណ៍អនុគ្រោះច្រើន រឿងសេដ្ឋកិច្ចពិសេសអី យើងធ្វើតទៅទៀត គាត់ជឿទុកចិត្ត»។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់ឃើញថា ការជំរុញជាថ្មីរបស់មន្ត្រីសហរដ្ឋអាមេរិកនេះ ដោយសារសហរដ្ឋអាមេរិកបន្តមើលឃើញថា អាជ្ញាធរកម្ពុជា មិនទាន់ឆ្លើយតបឱ្យបានគ្រប់គ្រាន់នៅឡើយ ជុំវិញការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា។ លោក ស៊ឹង សែនករុណា៖ «គេមើលឃើញពីការអនុវត្តហ្នឹង ហាក់ដូចជា មិនទាន់មានភាពឆ្លើយតបទៅនឹងអំពើបទល្មើស ឬក៏ឧក្រិដ្ឋហ្នឹងឱ្យបានគ្រប់គ្រាន់ ដែលគេអាចជឿទុកចិត្ត ឬគេអាចទទួលយកបានទេ។ អ៊ីចឹងហើយ បានមានការលើកឡើង ដើម្បីឱ្យមានការជំរុញ ក្នុងការទប់ស្កាត់ និងការពារកុំឱ្យករណីហ្នឹង ចេះតែបន្តកើតមានឡើងទៀត»។ មន្ត្រីសិទ្ធិមនុស្សរូបនេះ បន្តថា ប្រសិនរដ្ឋាភិបាលកម្ពុជា នៅតែមិនទទួលស្គាល់ការរកឃើញរបស់អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក ដូច្នេះ មិនអាចដោះស្រាយបញ្ហាជួញដូរមនុស្សឱ្យមានប្រសិទ្ធភាពឡើយ ហើយបញ្ហានេះ នឹងបន្តធ្វើឱ្យកម្ពុជាបាក់មុខនៅលើឆាកអន្តរជាតិថែមទៀត រួមទាំងត្រូវខាតបង់ពីវិស័យទេសចរណ៍ និងការវិនិយោគពីបរទេស៕

website_news/2023141102.txt · Last modified: 2023/11/14 08:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki