website_news:2023141103

សង្គមស៊ីវិលចង់ឃើញតុលាការផ្ដន្ទាទោសជនជាតិចិនចំនួន១០នាក់ករណីថតវីដេអូអាសអាភាស

https://www.rfa.org/khmer/news/social-economy/civil-society-wants-to-see-court-convict-10-chinese-for-producing-pornographic-videos-11102023074416.html ដោយ សេក បណ្ឌិត2023.11.10

ក្រុមអង្គការសង្គមស៊ីវិល និងអ្នកច្បាប់គាំទ្រចំណាត់ការរបស់តុលាការក្រុងភ្នំពេញ ដែល សំរេចឃុំខ្លួនជនជាតិចិនចំនួន ១០នាក់ក្នុងរឿងលួចថត និងផលិតវីដេអូអាសអាសពាក់ព័ន្ធជាមួយស្ត្រីខ្មែរមួយចំនួននោះ។ ក៏ប៉ុន្តែអ្វីដែលក្រុមសង្គមស៊ីវិលព្រួយបារម្ភ គឺខ្លាចក្រែងតែតុលាការដោះលែង ឬក៏បន្ធូរបន្ថយទោសជនជាតិចិនទាំងនោះ បន្ទាប់ពីតុលាការចេញសាលក្រមកាត់ទោសរួចហើយ។ សង្គមស៊ីវិលថា នឹងតាមឃ្លាំមើលចំណាត់ការផ្លូវច្បាប់របស់តុលាការក្រុងភ្នំពេញទៅលើជនជាតិចិនចំនួន១០នាក់ ដែលពាក់ព័ន្ធនិងករណីថតរូបស្ត្រីខ្មែរនិងផលិតជាវីដេអូ អាសអាភាស។

ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា អង្គការរបស់លោកនឹងតាមឃ្លាំមើលចំណាត់ការផ្លូវច្បាប់របស់តុលាការក្រុងភ្នំពេញទៅលើជនជាតិចិនទាំង១០នាក់នោះ ខ្លាចក្រែងបន្ទាប់ពីមានការដាក់ទោសរួចហើយ ប៉ុន្តែការអនុវត្តទោសធ្វើពុំបានត្រឹមត្រូវតាមច្បាប់។ លោក នី សុខា៖ «ពាក់ព័ន្ធទៅនឹងការថតរូបអាសអាភាសអីផ្សេងៗហ្នឹងគឺវាពាក់ព័ន្ធទៅដល់អំពើពេស្យាចារ ឬអនាចារ ពីព្រោះអានេះវាប្រើប្រាស់រូបភាពមួយចំនួនទាក់ទងផ្លូវភេទដល់ស្ត្រីអីចឹងវាអាចជាបទល្មើសឧក្រិដ្ឋ។ នៅពេលណាដែលសាលក្រមតុលាការសំរេចហើយគឺស្នើឱ្យមានការអនុវត្តន៍ទោសឱ្យបានត្រឹមត្រូវ មានន័យថាត្រូវគោរពច្បាប់ បើទោះបីជាចង់លើកលែងទោសអីក៏សូមអនុវត្តន៍ឱ្យស្របទៅតាមគោលការណ៍របស់ច្បាប់យើង»។

កាលពីថ្ងៃទី៣១ ខែតុលាចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញលោក លិ សុខា បានចេញដីកាឱ្យឃុំខ្លួនជនជាតិចិនចំនួន១០នាក់នៅពន្ធនាគារព្រៃសជាបណ្ដោះអាសន្ន។ ជនជាតិចិនទាំង១០នាក់នោះត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទមានស្ថានទម្ងន់ទោសនៃសញ្ចារកម្ម ការដឹកនាំពេស្យាចារ រូបភាពនិងសម្ភារអាសអាភាសតាមមាត្រា២៧ មាត្រា២៩ និងមាត្រា៣០ នៃច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។

ប្រធានមជ្ឈមណ្ឌលពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង ចង់ឃើញតុលាការក្រុងភ្នំពេញចាត់ការផ្លូវច្បាប់ ទៅលើជនជាតិចិនទាំង១០នាក់នោះ ដោយគ្មានការលើកលែងឬបន្ធូរបន្ថយទោស។ លោក យង់ គិមអេង៖ «ខ្ញុំយល់ថា រឿងដែលតុលាការសំរេចឃុំខ្លួនជនជាតិចិនគឺជារឿងល្អ ប៉ុន្តែសំខាន់បំផុតការដាក់ទោសទណ្ឌ គឺកុំឱ្យមានការបន្ធូរបន្ថយទោស ត្រូវផ្ដន្ទាទោសឱ្យបានធ្ងន់ធ្ងរទៅតាមទង្វើដែលពួកគេបានប្រព្រឹត្ត។ បើសិនជាសាលក្រមដាក់ទោសគាត់រយៈពេល២០ឆ្នាំគឺត្រូវឱ្យគាត់នៅក្នុងគុក២០ឆ្នាំហ្នឹងទៅ កុំឱ្យមានការបន្ធូរបន្ថយទោសឬក៏លើកលែងទោស»។

សមត្ថកិច្ចកម្ពុជាកាលពីថ្ងៃទី២៤ តុលា បានចុះបង្ក្រាបករណីលួចផលិតវីដេអូអាសអាភាស ក្នុងអគារខុនដូមួយកន្លែងឈ្មោះ វ៉ាវ ណាវ (Wow Now) ស្ថិតនៅក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនជាតិចិន និងខ្មែរចំនួន៤៥នាក់។ ប៉ុន្តែក្រោយមកសមត្ថកិច្ចបានដោះលែងមនុស្សចំនួន៣៥នាក់វិញ ដោយអះអាងថា ពួកគេមិនមានជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តបទល្មើសនោះទេ រីឯជនជាតិចំនួន១០នាក់ ក្នុងចំណោមនោះត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ។

អ្នកជំនាញផ្នែកច្បាប់ និងជាមេធាវី លោក សុក សំអឿន ឱ្យដឹងថា យោងតាមការចោទប្រកាន់ពីបទស្ថានទម្ងន់ទោសនៃសញ្ចារកម្មការដឹកនាំពេស្យាចារ រូបភាពនិងសម្ភារអាសអាភាស តាមមាត្រា២៧មាត្រា២៩និងមាត្រា៣០ នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទនោះជនល្មើសអាចជាប់ពន្ធនាគារពី ១៥ឆ្នាំឡើងទៅ ក៏ប៉ុន្តែស្ថានទម្ងន់ទោសអាចស្រាល ឬធ្ងន់ គឺវាអាស្រ័យលើការប្រព្រឹត្តបទល្មើសរបស់ពួកគេរៀងៗខ្លួន។ លោក សុក សំអឿន លើកឡើងថា កម្ពុជាមានច្បាប់សម្រាប់អនុវត្ត និងដាក់ទោសទណ្ឌទៅលើជនល្មើសស្រេចទៅហើយ ក៏ប៉ុន្តែអ្វីដែលលោកព្រួយបារម្ភគឺនៅត្រង់ថា តើការអនុវត្តច្បាប់ អាចធ្វើបានត្រឹមត្រូវ ឬក៏យ៉ាងណា?

លោក សុក សំអឿន៖ «ខ្ញុំយល់ថាច្បាប់យើងមានស្រេចទៅហើយ មិនមែនសំខាន់ទៅលើការដាក់ទោសធ្ងន់ឬក៏មិនធ្ងន់នោះទេ សំខាន់នៅលើថា តើការអនុវត្តច្បាប់នោះរឹងមាំដែរឬក៏អត់? បើចង់ឱ្យរឹងមាំគឺពេលចិនចូលមកត្រូវឱ្យប៉ូលិសតាមដានបន្ថែម ក៏ប៉ុន្តែកន្លងមកយើងឃើញចិនៗឱ្យតែចូលមកស្រុកខ្មែរ អាងអ្នកធំ អាងអី ដល់អីចឹងវាមានបញ្ហាសម្រាប់អ្នកអនុវត្តន៍ច្បាប់ដែរ»។

ចំណែកអ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា លោកសូមលើកទឹកចិត្តដល់តុលាការកម្ពុជាក្នុងការអនុវត្តច្បាប់ប្រឆាំងនឹងជនបរទេស ដែលបានប្រព្រឹត្តខុសច្បាប់នៅកម្ពុជាក៏ប៉ុន្តែលោកចង់ឃើញការអនុវត្តច្បាប់នោះ ធ្វើឡើងឱ្យមានប្រសិទ្ធភាព និងត្រឹមត្រូវ។ បណ្ឌិត ឡៅ ម៉ុងហៃ៖ «ជាការល្អហើយដែលតុលាការសំរេចដាក់ទណ្ឌកម្មអីចឹង យើងអនុវត្តន៍ច្បាប់របស់ប្រទេសយើង ទៅលើជនជាតិបរទេសណាក៏ដោយឱ្យតែបានប្រព្រឹត្តបទល្មើសនៅលើទឹកដីខ្មែរ។ ប៉ុន្តែសុំកុំឱ្យតែបន្ធូរបន្ថយទោសតែប៉ុណ្ណឹង ពីព្រោះពាក់ព័ន្ធនិងស្ត្រីភេទគឺជាទោសធ្ងន់»។

ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ នៅថ្ងៃទី៨ វិច្ឆិកា។ ករណីសមត្ថកិច្ចឈានដល់ការចុះបង្ក្រាបឃាត់ខ្លួនមនុស្សចំនួន ៤៥នាក់ កាលពីថ្ងៃទី២៤ ខែតុលា គឺបន្ទាប់ពីស្ត្រីខ្មែរពីរនាក់ ដែលអះអាងថា ជាជនរងគ្រោះក្នុងសកម្មភាពថតរឿងអាសអាភាសបានដាក់ពាក្យបណ្ដឹង ក្រោយពីពួកគេបានឃើញវីដេអូរឿងអាសអាភាសរបស់ខ្លួន ដែលថតជាមួយជនបរទេសទាំងនោះត្រូវបែកធ្លាយនៅលើបណ្ដាញសង្គម (Facebook) និងប្រព័ន្ធតេឡេក្រាម(Telegram)ព្រមទាំងមានការចែកចាយតៗគ្នាជាច្រើនផង។ ស្របពេល ដែលរដ្ឋាភិបាលកម្ពុជាកំពុង មានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន លំហូរនៃជនបរទេសជាពិសេសជនជាតិចិនមកកម្ពុជា ក៏មានកាន់តែច្រើនឡើង ក្នុងនោះរួមមានទាំងអ្នកវិនិយោគ និងជនជាតិចិនដែលបង្កបទល្មើស ដែលនាំមកនូវបញ្ហាអសន្តិសុខដល់កម្ពុជាផងដែរ។ បទល្មើសដែលជនជាតិចិនប្រព្រឹត្តនៅកម្ពុជាមានដូចជាការចាប់ជំរិតមនុស្សទារប្រាក់តាមប្រព័ន្ធអនឡាញ ការឆបោក ការប្លន់ប្រដាប់អាវុធ ការបាញ់បោះតាមទីសាធារណៈ ការជួញដូរគ្រឿងញៀន ឃាតកម្ម អំពើពេស្យាចារ អំពើហិង្សា និងចុងក្រោយនេះការថតវីដេអូអាសអាភាសជាដើម។

ទង្វើរបស់ជនជាតិចិនមួយចំនួននេះ កំពុងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនិងតំលៃវប្បធម៌របស់កម្ពុជា ថែមទាំងជាឧបសគ្គរាំងស្ទះសម្រាប់កម្ពុជាក្នុងការអូសទាញវិនិយោគិនបរទេសល្អៗ និងភ្ញៀវទេសចរណ៍ មិនចង់ចូលមកវិនិយោគនិងទស្សនាប្រទេសកម្ពុជា ដោយសារតែពួកគេខ្លាចរអានឹងបញ្ហាអសន្តិសុខនៅកម្ពុជា៕

website_news/2023141103.txt · Last modified: 2023/11/14 08:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki