website_news:2023141104

ពលករខ្មែរមួយចំនួនបង្ហាញការឈឺចាប់ក្រោយធ្វើការនៅថៃជាង២០ឆ្នាំ តែជីវភាពនៅតែខ្វះខាត

https://www.rfa.org/khmer/news/social-economy/some-cambodian-workers-worry-after-working-in-thailand-for-more-than-20-years-life-is-still-poor-11102023104222.html ដោយ ឡេង ម៉ាលី2023.11.10

ពលករខ្មែរមួយចំនួន បង្ហាញការឈឺចាប់ ក្រោយពេលពួកគេទៅធ្វើការនៅប្រទេសថៃអស់ រយៈពេលជាង២០ហើយ នៅតែមានជីវភាពខ្វះខាត ខណៈមានពលករខ្លះមិនបានទៅលេងស្រុកកំណើតជាច្រើនឆ្នាំមកហើយដោយសារតែគ្មានប្រាក់។ តើពលករទាំងនោះធ្វើការងារលំបាកនិងជួបបញ្ហាអ្វីខ្លះបានជាមានជីវភាពខ្វះខាតបែបនេះ? ក្រុមពលករខ្មែរទាំងនោះ ជាកម្មករធ្វើការងារស្របច្បាប់នៅប្រទេសថៃ។ ពួកគេលើកឡើងថា មិនចង់មកធ្វើការនៅប្រទេសមួយនេះនោះទេ ក៏ប៉ុន្តែដោយសារគ្មានជម្រើស ព្រោះមានជីវភាពក្រីក្រ ហើយនៅក្នុងស្រុកគ្មានការងារធ្វើ និងពុំមានទីផ្សារលក់កសិផលក្នុងតម្លៃសមរម្យ។

បុរសសម្បុរស្រអែមមាឌក្រអាញអាយុ ៤៣ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ លោក សុខ បាន ប្រាប់វិទ្យុអាស៊ីសេរីថា លោកមកធ្វើការងារនៅប្រទេសថៃអស់រយៈពេលជាង២០ឆ្នាំមកហើយ ដោយសារតែជីវភាពក្រីក្រ និងអត់ការងារធ្វើនៅកម្ពុជា។ ពលកររូបនេះធ្វើការងារផ្នែកបម្រើភ្ញៀវទេសចរនៅឆ្នេរសមុទ្រលើកោះមួយក្នុងខេត្តឈុនបូរី (Chunbori) ដែលមានចម្ងាយប្រមាណ១០០គីឡូម៉ែត្រពីទីក្រុងបាងកក (Bangkok)។ លោក សុខ បាន រៀបរាប់ថា ទម្រាំតែលោកបានមកធ្វើការងារលើកោះមួយនេះ លោកត្រូវបានជនជាតិថៃនាំយកទៅលក់ឱ្យធ្វើការនៅលើទូកនេសាទថៃ នៅកណ្ដាលសមុទ្រ អស់រយៈពេលជាង១ខែរួចមកហើយ។ លោកថា ក្នុងពេលដែលលោកធ្វើការនៅទីនោះថៅកែជនជាតិថៃ ប្រើលោកនិងពលករខ្មែរប្រមាណ ១០នាក់ផ្សេងទៀតឱ្យធ្វើការងារលើទូកនេសាទស្ទើរតែពុំមានពេលសម្រាក ហើយមិនផ្ដល់ប្រាក់ឈ្នួលឱ្យពួកលោកនោះទេ។ បន្ថែមពីនេះលោកថា លោកអាចនឹងត្រូវក្រុមជនជាតិថៃនៅលើទូកនោះសម្លាប់ចោលនៅកណ្ដាលសមុទ្រ ប្រសិនបើធ្លាក់ខ្លួនឈឺធ្វើការមិនកើត ព្រោះនៅលើទូកនោះមានក្រុមជើងកាងយាមការពារប្រដាប់ដោយកាំភ្លើងគ្រប់ដៃ។ លោកបន្តថា ដោយសារព្រួយបារម្ភពីសុវត្ថិភាព ថ្ងៃមួយលោកក៏ប្រថុយជីវិតលោតពីលើទូកនេសាទចូលទៅក្នុងកប៉ាល់របស់ឈ្មួញទិញត្រីជនជាតិថៃ ដែលមកទិញត្រីនៅតំបន់នោះ ដោយចូលទៅសំងំក្នុងទូទឹកកកដាក់ត្រីដើម្បីគេចខ្លួនត្រឡប់មកដីគោកវិញ។

លោក សុខ បាន៖ «ទាំងយប់ខ្ញុំលួចរត់ទាំងយប់តើ ខ្ញុំលោតពីគែមទូកខាងក្រោយចូលទៅកប៉ាល់ ទៅចូលក្នុងធុងត្រី ព្រោះកប៉ាល់វាមានធុងច្រើន ហើយមេការគេអត់ដឹងទេ ដឹងតែអ្នកធ្វើការជាមួយគ្នាទេ តែគេអត់ប្រាប់ទេ។អីចឹងដល់គេកប៉ាល់គេឡើងត្រីអស់អីចឹងក៏ចាប់ផ្ដើមចេញដំណើរមកថៃ ចេញមកថៃបានប្រហែលកន្លះម៉ោងឬមួយម៉ោងបានមេការដឹង។ ហើយវាដឹងអីចឹងវាឆ្ងាយដែរហើយវាតាមចង់ទៅយកខ្ញុំតើ បើតាមទៅយកវាបាញ់ខ្ញុំងាប់ហើយ។ ដល់អីចឹងវាឃើញឆ្ងាយដែរហើយប្រហែលមួយជាងហើយវាខ្ជិលតាម ខ្ញុំមកដល់ថៃគេចាប់ខ្ញុំយកលុយម្ដងទៀត គំរាមយកលុយទៀតវេទនាណាស់កាលមកថៃដំបូង»។

លោក សុខ បាន បន្តទៀតថា ក្រោយពីរត់គេចខ្លួនចេញពីទូកនេសាទរបស់ថៃបានហើយ លោកក៏បានធ្លាក់ខ្លួនឈឺ និងបានត្រឡប់ទៅព្យាបាលជំងឺនៅកម្ពុជាវិញអស់រយៈពេលប្រមាណ២ខែ។ លោកប្រាប់ថា ក្រោយមកលោកក៏សម្រេចចិត្តត្រឡប់ទៅធ្វើការនៅប្រទេសថៃជាលើកទី២ទៀតកាលពីឆ្នាំ២០០១ ហើយបានមកធ្វើការនៅលើកោះមួយក្នុងខេត្តឈុនបូរី រហូតមកទល់សព្វថ្ងៃ។ លោកថា អំឡុងពេលធ្វើការនៅលើកោះរយៈពេលប្រមាណ ៣ឆ្នាំដំបូងថៅកែជនជាតិថៃឱ្យប្រាក់ឈ្នួលប្រមាណ ៣ពាន់បាត ឬស្មើប្រមាណ១០០ដុល្លារក្នុងមួយខែ។ សព្វថ្ងៃនេះលោកធ្វើការងារបានប្រាក់ឈ្នួល និងលុយធីបដែលភ្ញៀវឱ្យផងបានចន្លោះពី ១ម៉ឺន ៥ពាន់ ទៅ២ម៉ឺនបាត(២០,០០០)ឬស្មើប្រមាណពី៤៦០ ទៅ ៦០០ដុល្លារក្នុងមួយខែ។ ប៉ុន្តែលោកថា ប្រាក់ឈ្នួលទាំងនេះមិនអាចធ្វើឱ្យជីវភាពរបស់លោកប្រសើរឡើងបាននោះទេ ព្រោះប្រាក់មួយចំនួនត្រូវបែងចែកទៅឱ្យឪពុកម្ដាយនៅកម្ពុជា និងមួយផ្នែកទៀតសម្រាប់ចាយវាយនៅប្រទេសថៃផង និងសន្សំដើម្បីទុកធ្វើឯកសារធ្វើការងារស្របច្បាប់ផង។

លោក សុខ បាន៖ «មិនមែនតែខ្ញុំមួយទេបង ខ្ញុំចង់ឱ្យរដ្ឋាភិបាលគាត់ជួយមើលបញ្ហាលិខិតឆ្លងដែន (Passport) ក៏ថ្លៃអ្នកខ្លះបង្ខំឱ្យគ្នាធ្វើ ដូចខ្ញុំអីចឹងជួនកាលធ្វើការពីរបីខែគ្រាន់តែបង់ថ្លៃលិខិតឆ្លងដែន នឹងថៅកែកាត់អស់ដដែលហ្នឹងវាថ្លៃពេក។ ថ្នាក់ដឹកនាំយើងមើលខ្មែរយើងដូចថា ប្រទេសមួយនឹងគេដែរគឺថាអត់មានសិទ្ធិសេរីភាពអត់អីចឹង គេអត់គោរពសិទ្ធិ គេរំលោភសិទ្ធិមកលើយើងអីចឹង ខ្ញុំវាតូចចិតដែរ យើងជាខ្មែរម្នាក់ដែរ ជាមនុស្សម្នាក់ ហើយគេមើលមកដូចសត្វដូចធាតុ។ គេរំលោភសិទ្ធិដូចថាគេអត់ឱ្យសិទ្ធិសេរីភាពយើងគេចង់វាយយើងគេចង់ធ្វើបាប ទោះបីជាយើងត្រូវក៏ដូចខុសស្រេចតែគេចោទប្រកាន់យើងអីចឹងអត់មានអ្នកការពារសិទ្ធិសេរីភាពយើងខ្មែរយើង»។

ស្រដៀងគ្នានេះដែរ ពលករវ័យ ៤៥ឆ្នាំ មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ លោក ថង ឈុន ថ្លែងថា លោកមកធ្វើការនៅប្រទេសថៃអស់រយៈពេលជាង៣០ឆ្នាំហើយ ក៏ប៉ុន្តែជីវភាពគ្រួសាររបស់លោកនៅតែក្រីក្រ និងមានជីវភាពកាន់តែដុនដាប។ លោកប្រាប់ថា សព្វថ្ងៃនេះលោកធ្វើការសំណង់នៅខេត្តរ៉ាក់យ៉ង (Rayong) ជាមួយប្រពន្ធនិងមានកូន៤នាក់ ប៉ុន្តែកូន៣នាក់រស់នៅជាមួយលោកក្នុងប្រទេសថៃ ចំណែកកូនប្រុសម្នាក់ទៀតអាយុ ១១ឆ្នាំរស់នៅជាមួយយាយនៅខេត្តបន្ទាយមានជ័យ។ លោកបន្តថា សព្វថ្ងៃនេះការងាររបស់លោកមិនទៀងទាត់នោះទេ ដោយក្នុងមួយខែលោកធ្វើការពីរនាក់ប្រពន្ធបានប្រាក់ឈ្នួលប្រមាណ ២ម៉ឺនបាត ឬស្មើប្រមាណ៦០០ដុល្លារប៉ុណ្ណោះ។ លោកបញ្ជាក់ថា ប្រាក់ឈ្នួលទាំងនោះស្ទើរតែមិនគ្រប់សម្រាប់ដោះស្រាយជីវភាពនោះទេ ព្រោះលោកមានសមាជិកគ្រួសារដល់ទៅ៦នាក់ ខណៈដែលកូនរបស់លោកនៅតូចមិនទាន់ធ្វើការងារអ្វីបាននៅឡើយទេ។ លោកថា ជីវភាពលំបាកខ្លាំងនៅពេលធ្វើលិខិតឆ្លងដែននិងបន្តសុពលភាពទិដ្ឋាការ ដែលត្រូវចំណាយប្រាក់អស់ច្រើនដើម្បីធ្វើឯកសារស្របច្បាប់។ លោកបន្ថែមថា ដោយសារតែធ្វើការបានប្រាក់ឈ្នួលតិចតួចនេះហើយ ទើបលោកសម្រេចចិត្តមិនទៅលេងកម្ពុជាអស់រយៈពេល៤ឆ្នាំមកហើយ ដោយសារគ្មានប្រាក់ធ្វើដំណើរ។

លោក ថង ឈុន៖ «ធ្វើម៉េចបានបង ទី១ ដូចខ្ញុំនិយាយអីចឹងឯង ណាផ្ញើឱ្យកូននៅផ្ទះផង ហូបខ្លួនឯងផង ថ្លៃលិខិតឆ្លងដែនផង ដល់ខែគេៗ គេចេះតែកាត់លុយយកពីយើង តែលិខិតឆ្លងដែនក៏មិនបាន។ យើងធ្វើដំណើរក៏លំបាក យើងធ្វើដំណើរអ្នកអត់លិខិតឆ្លងដែនម្នាក់ជាង៥ពាន់បាត ទៅខ្មែរ ឡើងមក អ្នកអត់លិខិតឆ្លងដែនសុទ្ធតែ ៦ ទៅ ៧ពាន់បាត ដល់អ៊ីចឹងយើងស៊ូអត់ទៅវាមិនល្អជាង បើទៅមានតែជំពាក់គេទៀតពេលឡើងមក។ និយាយតាមត្រង់តែម្ដងគ្មានសល់ទេ បានតែម៉ារស់ ហើយមានតែជំពាក់គេថែម ខ្លះណាក៏ជំពាក់ស្ថាប័នមីក្រូហិរញ្ញវត្ថុទៅ បើអ្នកធ្វើការជាមួយខ្ញុំភាគច្រើនជំពាក់ស្ថាប័នមីក្រូហិរញ្ញវត្ថុ សឹងតែគ្រប់គ្នាបណ្ដោយ»។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក កត្តា អន ដើម្បីសាកសួរជុំវិញពីទុក្ខលំបាករបស់ពលករខ្មែរទាំងនេះបានទេនៅថ្ងៃទី៩ វិច្ឆិកា។

ប៉ុន្តែកាលពីថ្ងៃទី១ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កន្លងទៅមន្ត្រីរបស់លោកដែលប្រចាំការនៅក្រៅប្រទេស ជាពិសេសនៅប្រទេសថៃ (Thailand) កូរ៉េខាងត្បូង(South Korea) ជប៉ុន (Japan) និងម៉ាឡេស៊ី (Malaysia) បានយកចិត្តទុកដាក់ចំពោះសុខទុក្ខពលករខ្មែរចំណាកស្រុកតាមរយៈការអន្តរាគមន៍ផ្ដល់ជំនួយផ្លូវច្បាប់ ម្ហូបអាហារ និងផ្ដល់សេវាផ្សេងទៀត។

លោក ហ៊ុន ម៉ាណែត៖ «កន្លងទៅយើងចរចានៅទីផ្សារការងារជាមួយជប៉ុន កូរ៉េ ជាមួយកាណាដា និងប្រទេសផ្សេងទៀត ដើម្បីឱ្យបងប្អូនមានឱកាស គឺមិនមែនជាការបង្ខិតបង្ខំនោះទេ បងប្អូនរបស់យើងដែលចេញទៅធ្វើការនៅក្រៅប្រទេស គឺយើងមានទូត ទីប្រឹក្សាពលករ ទីប្រឹក្សាការងារនៅតាមស្ថានទូត ហើយប្រទេសមួយចំនួនដែលមានប្រជាពលករច្រើន យើងគិតដើម្បីបង្កើនចំនួនបន្ថែមទៀតនៃទីប្រឹក្សាការងារដើម្បីឱ្យពួកគាត់អាចចុះជួប»។

កាលពីថ្ងៃទី១៣ កញ្ញា កន្លងទៅរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក៏បានបង្កើតគណៈកម្មការត្រួតពិនិត្យនិងដោះស្រាយបញ្ហាចេញចូលរបស់ពលករខ្មែរនៅតាមព្រំដែន ដើម្បីសម្រួលដល់ការធ្វើដំណើរចេញចូលកម្ពុជា និងថៃរបស់ពលករខ្មែរ ដោយពុំមានការយកប្រាក់ក្រៅផ្លូវការ។ ទោះជាយ៉ាងណាក្រុមពលករខ្មែរលើកឡើងថា គណៈកម្មការនេះមិនបានជួយអ្វីដល់ពួកគេដែលកំពុងមានបញ្ហាជីវភាពនៅប្រទេសថៃបានឡើយ។

ជុំវិញរឿងនេះ ប្រធានផ្នែកប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍ នៃអង្គការសង់ត្រាល់ (Central) លោក ឌី ថេហូយ៉ា មានប្រសាសន៍ថា ពលករខ្មែរនៅប្រទេសថៃដែលប្រឈមនឹងការបោកប្រាស់កម្លាំងពលកម្មនិងពិបាករកប្រាក់ចំណូលមាន៣ផ្នែកគឺ អ្នកធ្វើការងារផ្នែកសំណង់ ធ្វើការងារនៅលើទូកនេសាទ និងធ្វើការផ្នែកកសិកម្មនៅតាមស្រែចម្ការ។ លោកបញ្ជាក់ថា បញ្ហាទាំងនេះកើតឡើង ដោយសារតែរដ្ឋាភិបាលខ្មែរមិនសូវយកចិត្តទុកដាក់ជួយអន្តរាគមន៍ផ្នែកច្បាប់ និងមិនបានជួយអន្តរាគមន៍ទៅអាជ្ញាធរថៃឱ្យបានទាន់ពេលវេលា។ លោក ឌី ថេហូយ៉ា៖ «ដូចខ្ញុំបានលើកអ៊ីចឹង វិស័យបីបួននឹងដែលរងគ្រោះជាងគេ ហើយក៏មិនទាន់ទទួលបានការដោះស្រាយពីរដ្ឋនៅឡើយ។ ហើយក៏យើងមើលឃើញការខិតខំប្រឹងប្រែងរបស់រដ្ឋនឹងជាទូទៅមិនបានប្រឹងប្រែងដោះស្រាយបញ្ហាទាំងអស់នោះទេ ។ ប្រឹងប្រែងរឿងអីផ្សេងដែលមិនតម្រូវការរបស់ពលករដែលធ្វើការនៅក្នុងប្រទេសថៃក្នុងវិស័យបីបួននឹង»។

របាយការណ៍អង្គការសង់ត្រាល់ឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរធ្វើការស្របច្បាប់និងមិនស្របច្បាប់ជាង២លាននាក់នៅប្រទេសថៃ។ ក្នុងចំណោមពលករទាំងនោះមានអ្នកខ្លះត្រូវបានថៅកែបោកប្រាស់កម្លាំងពលកម្ម ដោយធ្វើការមិនបើកប្រាក់ឈ្នួលឱ្យ និងខ្លះទៀតត្រូវបានថៅកែវាយធ្វើបាបនិងប្ដឹងទៅសមត្ថកិច្ចថៃឱ្យចាប់ដាក់ពន្ធនាគារក៏មានដែរ។

មន្ត្រីសង្គមស៊ីវិលលើកឡើងថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលកម្ពុជាគួរតែអន្តរាគមន៍ទៅរដ្ឋាភិបាលថៃឱ្យសម្រួលធ្វើឯកសារស្របច្បាប់ដល់ពលករទាំងនោះឱ្យបានឆាប់ និងក្នុងតម្លៃថោក។ទី២រដ្ឋាភិបាលត្រូវតាមដានការអនុវត្តច្បាប់របស់ថៅកែថៃមកលើពលករខ្មែរដើម្បីកុំឱ្យពួកគេកេងប្រវ័ញ្ចកម្លាំងលើពលករ និងទី៣រដ្ឋាភិបាលក៏គួរផ្សព្វផ្សាយអប់រំណែនាំដល់ពលករឱ្យចេះសន្សំសំចៃដើម្បីមានប្រាក់សល់ខ្លះផ្ញើទៅឱ្យគ្រួសារនៅកម្ពុជា៕

website_news/2023141104.txt · Last modified: 2023/11/14 08:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki