website_news:2023141202

ថៃ ចាប់ផ្ដើមអនុវត្តបញ្ចុះតម្លៃការធ្វើទិដ្ឋាការការងារដល់កម្មករខ្មែរ ពី ជិត ២ ពាន់បាត មកត្រឹម ៥ រយបាត

https://www.kampucheathmey.com/local-news/625369 ថ្ងៃអង្គារ ១២ ធ្នូ ២០២៣ដោយ Inn Pisey

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅថ្ងៃទី ១២ ធ្នូនេះថា រាជរដ្ឋាភិបាលថៃ បានចាប់ផ្ដើមអនុវត្តការបញ្ចុះតម្លៃការធ្វើទិដ្ឋាការការងារដល់កម្មករខ្មែរ ពី ១៩០០ បាត មកនៅត្រឹម ៥០០ បាត ចាប់ពីដើមខែធ្នូ ឆ្នាំ ២០២៣ នេះ តទៅ។ លោក កត្តា អ៊ន បានបន្តថា ការបញ្ចុះតម្លៃការធ្វើទិដ្ឋាការនេះ នឹងជួយសម្រួលដល់ពលករខ្មែរទៅធ្វើការនៅប្រទេសថៃបានយ៉ាងច្រើនដូចជា ជួយកាត់បន្ថយការចំណាយរបស់ពលករ និងជួយលើកទឹកចិត្តពលករមកបំពេញបែបបទស្របច្បាប់ ក្នុងការចូលធ្វើការនៅប្រទេសថៃជាដើម។

លោក កត្តា អ៊ន បានបន្ថែមថា «ខ្ញុំ សូមអំពាវនាវដល់បងប្អូនពលករខ្មែរដែលចូលទៅធ្វើការនៅប្រទេសថៃ សូមចូលទៅស្របច្បាប់ តាមរយៈភ្នាក់ងារជ្រើសរើសពលករដែលបានចុះបញ្ជី និងទទួលស្គាល់ដោយក្រសួងការងារ ជៀសវាងការចូលទៅប្រទេសគេខុសច្បាប់ ដែលនឹងប្រឈមផ្លូវច្បាប់ប្រទេសគេ និងការជួញដូរមនុស្ស។ តម្លៃទិដ្ឋាការការងារនៅប្រទេសថៃបច្ចុប្បន្នត្រឹមតែ ៥០០ បាត ដូច្នេះជាការងាយស្រួល និងជួយកាត់បន្ថយការចំណាយបងប្អូនបានច្រើន។ ដូច្នេះ សូមបំពេញបែបបទតាមច្បាប់ទាំងអស់គ្នា ដើម្បីសុខសុវត្ថិភាពបងប្អូនពលករ និងលើកកិត្តិយសជាតិសាសន៍ខ្មែរយើងលើឆាកអន្តរជាតិផងដែរ»។

ថ្មីៗនេះ គណៈរដ្ឋមន្ត្រីថៃ បានចេញសេចក្ដីសម្រេចមួយទៀតក្នុងការអនុវត្តការកាត់បន្ថយថ្លៃសេវាទិដ្ឋាការបណ្ដោះអាសន្នពីចំនួនផ្លូវការ ២០០០ បាត និងថ្លៃបន្តបន្ទាប់ពី ១៩០០ បាត ទៅ ៥០០ បាត សម្រាប់ប្រទេសទាំងពីរ។ ការសម្រេចចិត្តកាត់បន្ថយថ្លៃទិដ្ឋាការជាបណ្ដោះអាសន្នបង្ហាញពីការប្ដេជ្ញាចិត្តរបស់ភាគីថៃ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកាត់បន្ថយឧបសគ្គផ្នែកហិរញ្ញវត្ថុ ជួយសម្រួលដល់ការធ្វើចំណាកស្រុកជាទៀងទាត់ និងលើកកម្ពស់ការងារស្របច្បាប់របស់ពលករបរទេស។

ការកាត់បន្ថយថ្លៃទិដ្ឋាការជាបណ្ដោះអាសន្ននេះ មានសុពលភាពរយៈពេល ៤ ឆ្នាំ ចាប់ពីថ្ងៃចូលជាធរមាន នៃបទបញ្ជាក្រសួង (TBA) រៀងៗ ខ្លួន ហើយអាចអនុវត្តបានចំពោះពលករបរទេសទាំងអស់នៅក្នុងប្រទេសថៃ មិនថាអ្នកនៅក្រោមប្រព័ន្ធ MOU ឬ អ្នកត្រូវបានអនុញ្ញាតពិសេសឱ្យស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃក្រោមការឧបត្ថម្ភ នៃដំណោះស្រាយគណៈរដ្ឋមន្ត្រីរៀងៗ ខ្លួន៕ អត្ថបទ ៖ សំអឿន

website_news/2023141202.txt · Last modified: 2023/12/14 10:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki