website_news:2023141203

លោក ស សុខា ប្ដេជ្ញាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពមនុស្សជាតិ

https://www.kampucheathmey.com/local-news/625483 ថ្ងៃអង្គារ ១២ ធ្នូ ២០២៣ដោយ Thoeun Vansong

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្ដេជ្ញាចិត្តបន្តបេសកកម្មប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឱ្យកាន់តែសកម្មថែមទៀត ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពមនុស្សជាតិ សម្រាប់ការអភិវឌ្ឍជាតិលើគ្រប់វិស័យ។ ការប្ដេជ្ញានេះ ធ្វើឡើង នាឱកាសអញ្ជើញជាអធិបតីក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ។

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងដូច្នេះថា៖ «ក្នុងតួនាទីជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកសូមប្រកាសក្នុងវេទិកានេះអំពីការប្តេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងអំពើជួញ ដូរមនុស្ស និងចាត់ទុកការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ ដើម្បីការលើកកម្ពស់សន្តិសុខ សុវត្ថិភាពមនុស្សជាតិ និងការលើកកម្ពស់សក្តានុពលនៃធនធានមនុស្សសម្រាប់ការអភិវឌ្ឍជាតិគ្រប់វិស័យ។

ដើម្បីរួមចំណែកឱ្យបេសកកម្មនេះទទួលបានជោគជ័យ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានអំពាវនាវដល់អភិបាលរាជធានី-ខេត្តទាំងអស់ ដែលជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ ក៏ដូចជាស្ថាប័នក្រោមឱវាទគ្រប់ថ្នាក់ និងកងកម្លាំងឈរជើងតាមបណ្តោយខ្សែបន្ទាត់ព្រំដែន បន្តពង្រឹងស្មារតីទទួលខុសត្រូវក្នុងតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ឱ្យបានម៉ត់ចត់ និងកាន់តែសកម្មថែមទៀត។ ត្រង់ចំណុចនេះ លោក ក៏បានជំរុញឱ្យបន្តពង្រឹងការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន កុំជឿតាមការអូសទាញរបស់មេខ្យល់ ដែលនាំឱ្យធ្លាក់ ខ្លួនក្នុងភាពរងគ្រោះដោយអំពើជួញដូរមនុស្ស ដោយត្រូវលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យបានល្អ ពង្រឹងនូវការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ បង្កើនការផ្តល់កិច្ចគាំពារ និងការផ្តល់សេវាសមស្របដល់ជនរងគ្រោះឱ្យបានត្រឹមត្រូវ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យកែលម្អការផ្តល់ឯកសារតាមផ្លូវច្បាប់ជូនពលករ ដែលមានបំណងធ្វើទេសន្តរប្រវេសន៍ការងារនៅក្រៅប្រទេស ឱ្យបានត្រឹមត្រូវទៅតាមគោលការណ៍កំណត់ សំដៅកាត់បន្ថយ និងឈានទៅលុបបំបាត់ការយកកម្រៃសេវាក្រៅផ្លូវការ ដែលនាំឱ្យមានភាពមិនប្រក្រតី និងបង្កើតអំពើពុករលួយក្នុងប្រព័ន្ធការងារ និងប៉ះពាល់ផលប្រយោជន៍របស់ពលករ។ លោកឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល នីតិកាលទី៧នេះ នឹងបង្កើនការយកចិត្តទុកដាក់ក្នុងការកែលម្អប្រព័ន្ធការងារឱ្យមានភាពស្អាតស្អំ តម្លាភាព និងគណនេយ្យភាព ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងបង្កើនផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា សង្ឃឹម និងជឿជាក់ថា ស្ថានតំណាងនៃបណ្តាប្រទេសពាក់ព័ន្ធទាំងឡាយ ក៏ដូចជាអង្គការដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ដែលបាននិងកំពុងធ្វើការងារក្នុងគោលដៅប្រឆាំងអំពើជួញដូរមនុស្ស នឹងនៅតែបន្តកិច្ចសហការ ឱ្យបានកាន់តែទូលំទូលាយ ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការពារសិទ្ធិ ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៃបណ្តាប្រទេស ដែលត្រូវបានឧក្រិដ្ឋជនជួញដូរ និងកេងប្រវ័ញ្ញតាមគ្រប់រូបភាព។ លោក បានគូសបញ្ជាក់ថា មានការងារច្រើនទៀត ដែលត្រូវធ្វើ ហើយនឹងបន្តកែលម្អក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនេះ តាមរយៈការកសាងភាពជាដៃគូឱ្យកាន់តែរឹងមាំជាមួយបណ្តាប្រទេសក្នុងតំបន់ អនុតំបន់ វិស័យឯកជន ជនរងគ្រោះ និងអង្គការក្រៅរដ្ឋាភិបាល៕

website_news/2023141203.txt · Last modified: 2023/12/14 10:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki