website_news:2023141204

ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពាវនាវឲ្យអាជ្ញាធរក្រោមថ្នាក់ជាតិពង្រឹងស្មារតីទទួលខុសត្រូវប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

https://www.kampucheathmey.com/local-news/625536 ថ្ងៃពុធ ១៣ ធ្នូ ២០២៣ Sokhom Khon

លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហៅកាត់ គ.ជ.ប.ជ. បានអំពាវនាវដល់អាជ្ញាធរថ្នាក់ដឹកនាំ និង មន្ត្រី រដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ពីអភិបាល រាជធានី ខេត្ត ប្រធានមន្ទីរ និងអង្គភាព អភិបាលក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់ រហូតដល់កងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រូវពង្រឹងស្មារតីទទួលខុសត្រូវចំពោះការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ការអំពាវនាវនេះបានធ្វើឡើងនៅក្នុងវេទិកាទិវាជាតិប្រឆាំងការជួញដូរមនុស្ស កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាលមហោស្របកោះពេជ្រ។

លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា តួនាទីស្នូលរបស់អាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានដូចជា ពង្រឹងការផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន កុំជឿតាមការអូសទាញរបស់មេខ្យល់ដែលនាំឱ្យធ្លាក់ខ្លួនក្នុងភាពរងគ្រោះដោយអំពើជួញដូរមនុស្ស លើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យបានល្អ ពង្រឹងនូវការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវបង្កើនការផ្តល់កិច្ចគាំពារនិងការផ្តល់សេវាសមស្របជូនជនរងគ្រោះឱ្យបានត្រឹមត្រូវ។

ជាមួយគ្នានេះ លោក ស សុខា ក៏បានជំរុញឱ្យកែលម្អការផ្តល់ឯកសារតាមផ្លូវច្បាប់ជូនពលករដែលមានបំណងធ្វើទេសន្តរប្រវេសន៍ការងារនៅក្រៅប្រទេស ឱ្យបានត្រឹមត្រូវទៅតាមគោលការណ៍កំណត់ កាត់បន្ថយ ឈានទៅលុបបំបាត់ ការយកកម្រៃសេវាក្រៅផ្លូវការ ដែលនាំឱ្យមានភាពមិនប្រក្រតី និងបង្កើតអំពើពុករលួយក្នុងប្រព័ន្ធការងារ និងប៉ះពាល់ផលប្រយោជន៍របស់ពលករ ខណៈរាជរដ្ឋាភិបាលនីតិកាលទី៧នេះ នឹងបង្កើនការយកចិត្តទុកដាក់ក្នុងការកែលម្អ ប្រព័ន្ធការងារឱ្យមានភាពស្អាតស្អំ តម្លាភាព និងគណនេយ្យភាព ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងបង្កើនផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា គិតចាប់ពីខែសីហា ឆ្នាំ២០២២ មកដល់ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សមត្ថកិច្ចបានទទួលបណ្ដឹង ឬសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ចំនួន ១.២៧៦សំណើ។ ក្នុងនោះក្រុមប្រតិបត្តិការ បានធ្វើអន្តរាគមន៍ស្រាវជ្រាវរុករកបទល្មើសបានរហូតដល់ ១.២១៣ករណី គឺប្រមាណ ៩៧,៧០% ដោយបានរកឃើញមនុស្ស ២.១៥៥នាក់ ស្រី ២៦៩នាក់ លើ ២១សញ្ជាតិ។ ទន្ទឹមនឹងការអំពាវទៅកាន់មន្ត្រីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ លោកសន្តិបណ្ឌិត ស សុខា ក៏បានបង្ហាញក្ដីសង្ឃឹម និងជឿជាក់ថា អស់លោក លោកស្រី ជាស្ថានតំណាង នៃបណ្តាប្រទេសពាក់ព័ន្ធទាំងឡាយ ក៏ដូចជាអង្គការដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ដែលបាន និងកំពុងធ្វើការងារក្នុងគោលដៅប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជានឹងនៅតែបន្តកិច្ចសហការឱ្យបានកាន់តែទូលំទូលាយ ដើម្បីបង្កើនប្រសិទ្ធភាព នៃការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការពារសិទ្ធិ ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៃបណ្តាប្រទេស ដែលត្រូវបានឧក្រិដ្ឋជនជួញដូរ និងកេងប្រវ័ញ្ជាតាមគ្រប់រូបភាព៕

website_news/2023141204.txt · Last modified: 2023/12/14 10:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki