website_news:2023150302

ពីរនាក់ប្ដី-ប្រពន្ធបើកហាងខារ៉ាអូខេ បែកគំនិតបង្ខំឱ្យយុវតីក្នុងហាងបម្រើផ្លូវភេទជាមួយភ្ញៀវ ត្រូវបានតុលាការឃុំខ្លួនជាបណ្ដោះអាសន្ន

https://cen.com.kh/archives/632287.html Posted ByPen Srey NeatMarch 13, 2023

ខេត្តកណ្តាល៖ បុរសស្រ្តីពីរនាក់ប្តី-ប្រពន្ឋ ជាម្ចាស់ហាងខាងរ៉ាអូខេមួយកន្លែង ត្រូវបានចៅក្រមសាលាដំបូងខេត្តកណ្ដាល បង្គាប់ឲ្យឃុំខ្លួនជាបណ្ដោះអាសន្ន កាលពីល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងសញ្ចរកម្មអនីតិថិជន, ការឃុំខ្លួននេះធ្វើឡើងបន្ទាប់ពីកម្លាំងប៉ុស្តិ៍នគរបាលឃុំជ្រៃលាស់ ឃាត់ខ្លួនកាលពីព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍មុននេះ ពាក់ព័ន្ធបង្ខំឱ្យយុវតីបម្រើការងារក្នុងហាង បម្រើផ្លូវភេទជាមួយភ្ញៀវ ដោយបង្ខាំងបង្ខំ។ ជនសង្ស័យពីរនាក់ប្ដី-ប្រពន្ធដែលឃាត់ខ្លួននេះ មានឈ្មោះ ជុំ ជឿន ភេទ ប្រុស អាយុ៤៤ និងប្រពន្ធឈ្មោះ ងិន សុខន អាយុ៣៩ឆ្នាំ ជាថៅកែហាងផឹកស៊ី និងខារ៉ាអូខេ បឹងលាភ168 ស្ថិតនៅក្នុងភូមិទួលព្រិច ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

នារីរងគ្រោះមានគ្នា ៣នាក់ រួមមាន ទី១ ឈ្មោះ ក.ឈ.អ ភេទស្រី អាយុ១៤ឆ្នាំ មានស្រុកកំណើត ភូមិកន្ទួតកោងកាង ឃុំថ្នល់ថ្មី ស្រុកពញាក្រែក ខេត្តកំពង់ចាម, ទី២-ឈ្មោះ វ.ស.ន ភេទស្រី អាយុ១៤ឆ្នាំ ស្រុកកំណើតភូមិ៣៨ ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល, និងទី៣-ឈ្មោះ ឡ. ស.ផ ហៅ ភេទស្រី អាយុ២១ឆ្នាំ ស្រុកកំណើតភូមិស្រែក្រសាំង ឃុំពពក ស្រុក ស្ទោង ខេត្តកំពង់ធំ។

លោកវរៈសេនីយ៍ឯក រស់ សាវិន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីជន ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឱ្យដឹងថា អាយុវតីក្មេងៗខាងលើ គឺពួកនាងទើបមកបម្រើការងារនៅក្នុងហាងខារ៉ាអូខេនេះថ្មីៗតែប៉ុណ្ណោះ ថៅកែបើកប្រាក់ខែឱ្យមិនគ្រប់ ហើយថែមទាំងជេរប្រមាថ បៀតបៀនកេរ្តិ៍ខ្មាស បង្ខំបម្រើផ្លូវភេទ ជួញដូរផ្លូវភេទ បំបិទសិទ្ធិមិនឱ្យចេញក្រៅហាង និងចុងក្រោយបញ្ឈប់ពួកនាងដោយមិនបើកប្រាក់ខែឱ្យថែមទៀត។ នារីខារ៉ាអូខែទាំងបីនាក់ខាងលើ និយាយដូចៗគ្នាថា កាលពីពេលថ្មីៗនេះ ពូនាងទាំងបីនាក់រួមនឹងមេការម្នាក់ បានសុំច្បាប់ទៅចូលរួមបុណ្យសាច់ញាតិ១ថ្ងៃ ប៉ុន្តែ ថៅកែស្រី មិនឱ្យទៅ តែពួកនាងនៅតែនាំគ្នាទៅ។ លុះត្រឡប់មកវិញសុំថៅកែបើកប្រាក់ខែ ថៅកែមិនបើកឱ្យ ហើយថែមទាំងជេរប្រមាថ និងពន្យុះឱ្យពួកនាងទៅប្តឹងដល់ណាក៏ប្តឹងទៅទៀតផង ទើបពួកនាងនាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រៃលាស់តែម្តង។

យ៉ាងណាក៏ដោយ ក្រោយការស្រាវជ្រាវ ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាល បានការធ្វើការចោទប្រកាន់ ពី បទ “ផ្តល់ទីកន្លែងសម្រាប់ធ្វើពេស្យាចារកុមារ” , បន្ទាប់មកលោកចៅក្រម នៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បានបង្គាប់ឱ្យឃុំខ្លួនថៅកែហាង២នាក់ប្តី-ប្រពន្ធនេះ ដាក់ពន្ធនាគារខេត្តកណ្តាលជាបណ្ដោះអាសន្ន រង់ចាំនីតិវិធីបន្ត៕ រក្សាសិទ្ធិដោយ ៖ ឈុនហ៊ាត

website_news/2023150302.txt · Last modified: 2023/03/15 09:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki