website_news:2023150501

ក្រសួងការងារ ប្រកាសឲ្យពលករខ្មែរជំនាញផ្នែកកសិកម្ម ប្រញាប់ដាក់ពាក្យធ្វើតេស្ត ដើម្បីបានទៅធ្វើការនៅជប៉ុន

https://www.kampucheathmey.com/local-news/510179 ថ្ងៃសៅរ៍ ១៣ ឧសភា ២០២៣ដោយ Inn Pisey

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសឲ្យពលករខ្មែរជំនាញផ្នែកកសិកម្មទាំងអស់ ប្រញាប់មកដាក់ពាក្យធ្វើតេស្តជំនាញ និងភាសា ដើម្បីបានទៅធ្វើការនៅប្រទេសជប៉ុន ទទួលបានបទពិសោធន៍ការងារល្អៗ និងទទួលបានប្រាក់ខែខ្ពស់។

លោក ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងនៅក្នុងសេចក្ដីជូនដំណឹងមួយទើបទទួលបាននៅថ្ងៃទី ១៣ ឧសភានេះថា អង្គភាពទទួលបន្ទុកការធ្វើតេស្ដភាសាជប៉ុន និងតេស្តជំនាញ នឹងរៀបចំការធ្វើតេស្តភាសា និងតេស្តជំនាញផ្នែកកសិកម្ម តាមរយៈប្រព័ន្ធកុំព្យូទ័រ។ លោករដ្ឋលេខាធិការ បានបន្តថា ការធ្វើតេស្តភាសាជប៉ុន និងតេស្តជំនាញនេះ នឹងប្រព្រឹត្តិទៅនៅវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ ដែលមានអាសយដ្ឋាននៅសង្កាត់បឹងកេងកង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងតម្លៃធ្វើតេស្តចំនួន ២៦ ដុល្លារអាមេរិក ដោយកាលបរិច្ឆេទ នៃការធ្វើតេស្តរួមមាន ថ្ងៃទី ១១ ឧសភា ,២១ ឧសភា ,២៥ ឧសភា ,២៦ ឧសភា ,១និង ២ មិថុនា ៦ ,៧ ១៤, ២៣, ២៤,និងថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៣។ លោករដ្ឋលេខាធិការ បានបន្តទៀតថា ចំពោះការចុះឈ្មោះធ្វើតេស្តភាសាជប៉ុន និងតេស្តជំនាញ បេក្ខជនត្រូវមានអាយុចាប់ពី ១៧ ឆ្នាំឡើងទៅ ដោយមិនគិតពីកម្រិតវប្បធម៌ឡើយ និងត្រូវភ្ជាប់មកជាមួយនូវឯកសារមួយចំនួនដូចជា លិខិតឆ្លងដែន ឬ ប័ណ្ណបើកបរ។ ពិន្ទុធ្វើតេស្តជាប់ជាស្ថាពរចាប់ពី ៦០% ឡើងទៅ ហើយចំនួនបេក្ខជនដែលអាចទទួលសម្រាប់ការស្នើសុំធ្វើតេស្តបាន ៥០ នាក់ ក្នុង ១ ខែ។

យោងតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា ឆ្នាំ ២០២៣ នេះ កូរ៉េ ត្រូវការកម្លាំងពលកម្មពីប្រទេសកម្ពុជាប្រមាណជាង ១ ម៉ឺននាក់ ខណៈបច្ចុប្បន្នមានពលករខ្មែរកំពុងធ្វើការនៅកូរ៉េប្រមាណជាង ៤៥០០០ នាក់៕ អត្ថបទ ៖ សំអឿន

website_news/2023150501.txt · Last modified: 2023/05/15 07:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki