website_news:2023150502

ពលករខ្មែរដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនរៀបរាប់ពីទុក្ខលំបាកដែលសមត្ថកិច្ចថៃធ្វើបាបពួកគាត់

https://www.rfa.org/khmer/news/human-rights/arrested-cambodian-workers-in-thailand-described-their-suffering-after-thai-authorities-torture-them-05142023053232.html ដោយ សេក បណ្ឌិត 2023.05.14

ពលករខ្មែរដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនរៀបរាប់ពីទុក្ខលំបាក ដែលសមត្ថកិច្ចថៃធ្វើបាបពួកគាត់ និងរិះគន់ថា មន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃ មិនបានយកចិត្តទុកដាក់ជួយពលករទេ។ ការលើកឡើងនេះ ខណៈសមត្ថកិច្ចថៃបានចាប់ពលករខ្មែរ ជាបន្តបន្ទាប់ ហើយពលករមួយចំនួន ត្រូវបានសមត្ថកិច្ចថៃដាក់ច្រវាក់ដូចឧក្រិដ្ឋជន។ មន្ត្រីសង្គមស៊ីវិលការពារសិទ្ធិពលកររិះគន់ថា ការដាក់ច្រវាក់លើពលករបែបនេះហាក់បីដូចក្រុមពលករដែលត្រូវចាប់ខ្លួនប្រព្រឹត្តិបទល្មើសធ្ងន់ធ្ងរ ប៉ុន្តែ ក្រុមពលករទាំងនោះគ្រាន់តែមានបញ្ហាខ្វះខាតឯកសារ ឬលួចធ្វើការដោយគ្មានឯកសារប៉ុណ្ណោះ។ ពលករខ្មែរត្រូវបានសមត្ថកិច្ចថៃ ចាប់ដាក់ច្រវាក់ជាក្រុម និងពលករជាប់ឃុំផ្សេងនៅតែតក់ស្លុតក្នុងចិត្ត នៅពេលនឹកដល់ការជាប់ឃុំរបស់ពួកគាត់នៅប្រទេសថៃ។ ក្រុមពលករលើកឡើងថា សមត្ថកិច្ចថៃ យកពួកគាត់ទៅឃុំនៅកន្លែងតូចចង្អៀតពោរពេញដោយអ្នកជាប់ឃុំ ហើយនៅទីនោះកន្លែងគេង កន្លែងហូបបាយ និងបង្គន់គឺរួមគ្នា។

ស្ត្រីពលករម្នាក់ដែលហៅឈ្មោះក្រៅថា ស្រីលក្ខណ៍ ឱ្យវិទ្យុអាស៊ីសេរីដឹងថា សមត្ថកិច្ចថៃបានបើកឡានចេញឆ្មក់ចេញចាប់ក្រុមលោកស្រី ដែលជិះឡានធ្វើសំណង់មួយកន្លែងនៅប្រទេសថៃ កាលពីខែមេសា។ លោកស្រី ឱ្យដឹងទៀតថា មូលហេតុដែលប៉ូលិសថៃ ដេញចាប់ឡានលោកស្រី ព្រោះឡានដឹកកម្មករនោះគ្មានស្លាកលេខ ហើយសមត្ថកិច្ចត្រួតពិនិត្យរកឃើញថា ក្រុមលោកស្រីមិនមានឯកសារធ្វើការងារគ្រប់គ្រាន់ ក៏ត្រូវសមត្ថកិច្ចថៃបានយកដាក់ច្រវាក់ដៃលោកស្រី និងពលករជាង១០នាក់ផ្សេងទៀត ហើយដឹកតាមឡានយកទៅដាក់ឃុំ។ លោកស្រីរំលឹកថា ឱ្យតែនឹកដល់ថា រឿងសមត្ថកិច្ចថៃចាប់ដាក់ច្រវាក់នេះ គឺលោកស្រី នៅតែតក់ស្លុតក្នុងចិត្ត។ ស្រីលក្ខណ៍៖ «កណ្ដោចកណ្ដែងគ្រប់គ្នាយំទាំងអស់តែគ្នា ខ្ញុំអត់ដឹងថា ម៉េចដែរ? នាំគ្នាគ្រាន់តែទោសប៉ុណ្ណឹងដល់ថ្នាក់ដាក់ច្រវាក់ ហើយដល់ពេលហើយនៅពេលខ្ញុំនៅឃុំ គេ (សមត្ថកិច្ចថៃ) គេចាក់សោមួយជាន់ហើយស្រីៗគេចាក់មួយជាន់ទៀត កន្លែងតូច»។

ស្ត្រីពលកររូបនេះរៀបរាប់ទៀតថា សមត្ថកិច្ចថៃ បានយកលោកស្រី និងពលករខ្មែរផ្សេងទៅឃុំខ្លួនក្នុងបន្ទប់ឃុំឃាំងមួយកន្លែងដែលបណ្ដោយជាង ៥ម៉ែត្រ និងទទឹងជាង ៤ម៉ែត្រ ក្នុងនោះមានអ្នកជាប់ឃុំជនជាតិខ្មែរ និងជនជាតិផ្សេងទៀតជាង ៥០នាក់។ លោកស្រីបន្តទៀតថា អ្នកជាប់ឃុំនៅទីនេះត្រូវគេងប្រជ្រៀតគ្នា ហើយក្នុងបន្ទប់នោះទាំងកន្លែងគេង កន្លែងហូបបាយ និងបង្គន់គឺនៅរួមគ្នា ហើយបង្គន់នោះ គ្មានទ្វារបិទបាំងជិតនោះទេ។ លោកបន្តថា អាហារដែលសមត្ថកិច្ចថៃផ្ដល់ឱ្យពិបាកហូប ចំណែកទឹកផឹក គឺជាទឹកចម្រុះពីទុយោ តែបើអ្នកជាប់ឃុំណាមានលុយអាចទិញទឹកទិញបាយម្ហូបនៅកន្លែងឃុំខ្លួននេះបាន។ ស្រីលក្ខណ៍៖ «ណែនដេកមិនចង់កើតទេ មុជទឹកហ្នឹង បង្គន់ក៏នៅហ្នឹង ហូបបាយក៏ហ្នឹងស្អុះស្អាប់ពិបាកណាស់ ហើយទឹកគេដាក់ទុយោតែគេដាក់ចម្រុះអ្នកខ្លះហូបហើយ ឈឺកគ្រប់គ្នា។ ខ្ញុំនៅប៉ុន្មានថ្ងៃខ្ញុំចង់កើតស្ត្រេស្ត គេមានបង្គន់មានបន្ទប់ទឹកក្នុងហ្នឹង ហើយបង្គន់គេគ្មានទ្វារគ្មានអីទេ ចានបង្គន់ចំមាត់ទ្វារហ្នឹងបណ្ដោយក្បាលនៅជ្រងោកណ្ដាលវាល»។

លោកស្រី ស្រីលក្ខណ៍ និងពលករខ្មែរជាង១០នាក់ទៀត ដែលក្រុមលោកស្រី ត្រូវសមត្ថកិច្ចដាក់ច្រវាក់នោះ បានឃុំនៅប្រទេសថៃអស់រយៈពេល៨ថ្ងៃ។ សមត្ថកិច្ចថៃបានដោះលែងលោកស្រីនិងពលករផ្សេងទៀតកាលពីដើមខែឧសភា ក្រោយពេលក្រុមពលករបង់លុយឱ្យសមត្ថកិច្ចថៃម្នាក់ៗ៣ពាន់បាត ឬជិត ១រយដុល្លារ។ ពេលនេះពលករទាំងនោះបានទៅដល់ប្រទេសកម្ពុជាជាងពីរសប្ដាហ៍ហើយ។ លោកស្រី ស្រីលក្ខណ៍ រិះគន់ថា មន្ត្រីស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក មិនបានជួយអន្តរាគមន៍ដល់លោកស្រី និងពលករផ្សេងទៀតនោះទេ។ លោកស្រីរំលឹកថា នៅពេលក្រុមលោកស្រីកំពុងជាប់ឃុំឃើញមានមន្ត្រីស្ថានទូតទៅជួបសមត្ថកិច្ចថៃ នៅកន្លែងឃុំខ្លួននោះដែរ តែមន្ត្រីស្ថានទូតមិនបានឱ្យដឹងថា ពួកគេជួយលើផ្នែកអ្វីដល់ពលករនោះទេ។ លោកស្រីថា នៅពេលឃើញមន្ត្រីស្ថានទូតបែប ក្រុមលោកស្រី បានសុំឱ្យមន្ត្រីស្ថានទូតជួយអន្តរាគមន៍ និងជួយឧបត្ថម្ភថវិកាខ្លះដល់ក្រុមពលករ តែមន្ត្រីស្ថានទូតត្រឹមទិញទឹកសុទ្ធពីរយូរឱ្យក្រុមពលករដែលជាប់ឃុំជាង ១០នាក់។ ស្រីលក្ខណ៍៖ «គេ(មន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃ) ទៅមើល តែមិនដឹងថា គេជួយម៉េចៗខ្ញុំអត់ដឹងដែរ ខ្ញុំសុំទឹកគេបានពីរយួរ នេះខ្ញុំនិយាយឃើញជាក់ស្ដែង ឬគេបានទៅនិយាយជាមួយប្រធានគុកគេឬក៏រដ្ឋាភិបាលគេអីដែរ ខ្ញុំមិនដឹងទេ ខ្ញុំអត់សូវយល់ដែរ»។

ចំណែក ពលករខ្មែរធ្វើការនៅផ្សារមួយកន្លែងក្នុងខេត្តប៉ាកធុមថានី (Pak Thum Thani ) ដែលត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន កាលពីថ្ងៃទី២៤ ខែមេសា លោក ព្រំ ប៊ុនថន ឱ្យវិទ្យុអាស៊ីសេរីដឹងដែរថា សមត្ថកិច្ចថៃ បានឃុំខ្លួនលោកជាមួយពលករជាង៣០នាក់នៅបន្ទប់តូចចង្អៀត និងគ្មានអាហារហូបគ្រប់គ្រាន់ទេ។ លោក ព្រំ ប៊ុនថន ក៏ត្រូវបានសមត្ថកិច្ចដោះលែងវិញដែរ ក្រោយពេលថៅកែរបស់លោកបង់ប្រាក់មួយចំនួនទៅសមត្ថកិច្ចថៃ ហើយពេលនេះលោកកំពុងធ្វើការងារនៅកន្លែងការងាររបស់លោកដដែល។ លោក ព្រំ ប៊ុនថន៖ «ខ្ញុំក៏មានយោបល់អ៊ីចឹងដែរ អាក្រក់មើល ជនអន្តោប្រវេសន៍ប៉ុណ្ណឹងហើយយើងខុសច្បាប់ ដល់ថ្នាក់ដាក់ច្រវាក់អាក្រក់មើលមែន។ សំណូមពរដល់ខាងអង្គការសហប្រជាជាតិឬអង្គការណាមួយទូទាំងពិភពលោកនេះបើអាចសំណូមពរបានខាងអាជ្ញាធរថៃ បើសំណូមពរបាន ខ្ញុំក៏ជួយត្រេកអរសម្រាប់ប្រជាពលរដ្ឋខ្មែរយើងដែលមករស់នៅស្រុកគេដែរ»។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ចាត់ទុកសកម្មភាពសមត្ថកិច្ចថៃដាក់ច្រវាក់ក្រុមពលករខ្មែរ ជាការរំលោភសិទ្ធិមនុស្ស។ នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិលោក ហ្វីល រ៉ូប៉ឺតសុន (Phil Robertson) ថ្លែងថា ទង្វើសមត្ថកិច្ចថៃនេះជាការប្រមាថមើលងាយពលករខ្មែរដូចសត្វធាតុ។

អង្គការសង់ត្រាល់ (CENTRAL) រកឃើញថា ពលករខ្មែរភាគច្រើនត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន ពួកគាត់ត្រូវបានរងការធ្វើទុក្ខទោស ទារុណកម្ម ដោយការចាប់ដាក់ខ្នោះ និងត្រូវដាក់ឱ្យជាប់ឃុំក្នុងបន្ទប់តូចចង្អៀត។ សេចក្ដីថ្លែងការណ៍របស់អង្គការសង់ត្រាល់ចុះកាលពីថ្ងៃទី០៣ ខែឧសភា ឱ្យដឹងថា នៅរយៈពេលចុងក្រោយនេះ ពលករខ្មែរជាង ៨០០នាក់ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួនកំឡុងពេលធ្វើដំណើរវិលត្រលប់ទៅបំពេញការងារវិញ នៅប្រទេសថៃក្រោយចប់បុណ្យចូលឆ្នាំថ្មី និងចាប់ខ្លួននៅកន្លែងដែលពលករធ្វើការ។

មន្ត្រីផ្នែកការពារសិទ្ធពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ (CENTRAL) ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៣ ខែឧសភា ថា ពលករខ្មែរដែលសមត្ថកិច្ចថៃចាប់ខ្លួនទាំងនោះភាគច្រើនត្រូវបានដោះលែងវិញហើយ។ លោកឱ្យដឹងទៀតថា តាមច្បាប់ប្រទេសថៃ ចំពោះអ្នកជាប់ឃុំស្រាលៗ ឬពលករបរទេសធ្វើការខុសច្បាប់នៅប្រទេសថៃ ជាប់ឃុំត្រឹមរយៈពេល៤៥ថ្ងៃ គឺសមត្ថកិច្ចថៃនឹងបញ្ជូនអ្នកជាប់ឃុំទាំងនោះឱ្យទៅប្រទេសកំណើតវិញ។ អ្នកការពារសិទ្ធិពលកររូបនេះឱ្យដឹងទៀតថា ចំពោះអ្នកដែលបន្តជាប់ឃុំនៅប្រទេសថៃ ព្រោះពួកគេគ្មានប្រាក់បង់ឱ្យសមត្ថកិច្ច គ្មានថៅកែមកធានា និងមិនទទួលបានការជួយធ្វើអន្តរាគមន៍ពីមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃ ហើយអ្នកខ្លះទៀតសំណុំរឿងពួកគាត់ត្រូវឡើងតុលាការ។ លោក លឹង សុផុន៖ «បើតាមរូបភាពដាក់ច្រវាក់អ៊ីចឹងយើងគិតថា គាត់(ពលករខ្មែរ)ជាអ្នកទោសកម្រិតធ្ងន់អីអ៊ីចឹងតែបើទោសធម្មតាអីមិនគួរដាក់ច្រវាក់ទេ ព្រោះកន្លងមក បើយើងជាប់ធម្មតាដូចខ្វះឯកសារអីហ្នឹងគ្រាន់តែហាមឃាត់ពួកគាត់ហើយឱ្យនៅក្នុងមន្ទីរឃុំឃាំងអីអ៊ីចឹងណា»។ ទាក់ទងរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំបំភ្លឺពីមន្ត្រីអនុព័ន្ធការងារនៃស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ លោក ឈឹម វិបុល អ្នកនាំពាក្យក្រសួងការបរទេស លោក អាន សុខខឿន បានទេនៅថ្ងៃទី១៣ ខែឧសភា។

ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន យល់ថា ករណីសមត្ថកិច្ចថៃ ចាប់ពលករខ្មែរជាបន្តបន្ទាប់ជាងមួយខែមកនេះ គឺជាការអនុវត្តច្បាប់របស់សមត្ថកិច្ចថៃ។ ទោះយ៉ាងណា លោករំពឹងថា នៅពេលពលករខ្មែរធ្វើនៅប្រទេសថៃជួបបញ្ហាដូចនេះ គឺមន្ត្រីស្ថានទូតខ្មែរនឹងជួយធ្វើអន្តរាគមន៍។ លោក សុខ ឥសាន៖ «ខ្ញុំមិនដល់យ៉ាងម៉េចទេ ខ្ញុំយល់ថា អាជ្ញាធរថៃគេធ្វើតាមច្បាប់របស់គេត្រង់យើងមើលឃើញមិនគួរគប្បីយ៉ាងណា ជារឿងទេ ក៏ប៉ុន្តែគេអនុវត្តតាមគោលការណ៍ច្បាប់របស់ថៃ អ៊ីចឹងយើងគ្មានអីក្រៅអំពីទំនាក់ទំនងជាមនោសញ្ចេតនាដើម្បីឱ្យគេ(សមត្ថកិច្ចថៃ)ដោះលែងបងប្អូនត្រឡប់មកស្រុកកំណើតវិញ»។ បើទោះជាមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាចរំពឹងបែបនេះក្ដី ពលករដែលត្រូវសមត្ថកិច្ចថៃចាប់ខ្លួនបានឱ្យវិទ្យុអាស៊ីសេរីដឹងថា មន្ត្រីស្ថានទូតខ្មែរមិនបានជួយអ្វីដល់ពួកគេទេ ហើយប្រសិនពលករទាំងនោះគ្មានប្រាក់បង់ឱ្យសមត្ថកិច្ចថៃ ឬគ្មានថៅកែបង់ប្រាក់ធានានោះទេ គឺពួកគេនៅជាប់ឃុំក្នុងពន្ធនាគារឡើយទេ។

លោកស្រី ស្រីលក្ខណ៍ ប្រាប់វិទ្យុអាស៊ីសេរីថា កាលពីលោកស្រីកំពុងជាប់ឃុំ លោកស្រី បានលួចផ្ញើសារជាសំឡេងតាមបណ្ដាញសង្គមហ្វេសប៊ុក ចេញមកក្រៅថា មន្ត្រីស្ថានទូតខ្មែរមិនបានជួយអ្វីដល់អ្នកជាប់ឃុំទេ តែពេលនោះ មានមន្ត្រីស្ថានទូតដឹងរឿងនេះ ហើយព្រមានអ្នកជាប់ឃុំថា បើក្រុមអ្នកជាប់ឃុំហ៊ានរិះគន់ស្ថានទូតទៀត ពួកគាត់នឹងត្រូវជាប់ឃុំយូរជាងនេះ។ លោកស្រី ស្រីលក្ខណ៍៖ «ជួយស្អីមកមិនបានជួយស្អីផង បានទឹកពីរយួរខ្ញុំនិយាយខ្លាំងៗដែរ នៅក្នុងហ្នឹង (មន្ទីរឃុំឃាំង) យើងមួម៉ៅផង ហើយស្ថានទូតគេមកសម្លុតពួកខ្ញុំ គេមិនមកសម្លុតខ្លួនឯងទេ គេផ្ទាល់គេឱ្យឆ្មាំគុកមកសម្លុតគេថា ពួកខ្ញុំហ្នឹងនិយាយផ្ដេសផ្ដាសម៉េចចង់ជាប់គុកថែមទៀតអី? ចង់ជាប់គុកបួនប្រាំខែទៀតអី គេថា អ៊ីចឹង ខ្ញុំភ័យរហូតរាល់ថ្ងៃ»។

ក្រសួងការងារឱ្យដឹងថា មានពលករ ១លាន ៣សែននាក់ កំពុងធ្វើការងារនៅប្រទេសថៃ ប៉ុន្តែ អង្គការសង់ត្រាល់រកឃើញថាពលករខ្មែរធ្វើការនៅប្រទេសនេះមានជាង២លាននាក់បូករួមទាំងពលករគ្មានឯកសារគ្រប់គ្រាន់។

ក្រុមពលករលើកឡើងថា ពួកគាត់មិនចង់ធ្វើការខុសច្បាប់នៅប្រទេសថៃទេ ប៉ុន្តែ ពួកគេត្រូវចំណាយប្រាក់អស់ច្រើន ទម្រាំបានឯកសារ ដោយអ្នកខ្លះត្រូវចំណាយប្រាក់ពី ៧រយ ទៅ១ពាន់ដុល្លារ អ្នកខ្លះទៀតដែលមានឯកសាររួចហើយ តែត្រូវផុតកំណត់ គឺត្រូវចំណាយប្រាក់មួយចំនួនធំថែមទៀត ដើម្បីបន្តសុពលភាពប័ណ្ណការងារ ហើយពេលខ្លះពួកគាត់បង់លុយឱ្យមេការរួចហើយ តែមេការមិនធ្វើឯកសារឱ្យទេ ឬផ្ដល់ឯកសារមកឱ្យពួកគាត់យឺតយ៉ាវ៕

website_news/2023150502.txt · Last modified: 2023/05/15 07:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki