website_news:2023150602

ពលករខ្មែររកការងារនៅថៃ ដែលមិនមានការងារធ្វើប្រឹងរកត្រី និងសុំអង្គការសង់ត្រាល់ស្នាក់នៅ

https://www.rfa.org/khmer/news/human-rights/a-group-of-cambodian-workers-in-thailand-lose-jobs-and-stay-with-central-06122023211100.html ដោយ សេក បណ្ឌិត2023.06.12

ពលករខ្មែរមួយក្រុមដែលធ្វើដំណើរមកដល់ប្រទេសថៃ ដើម្បីរកការងារធ្វើតែគ្មានប្រាក់បន្តដំណើរបានសុំការិយាល័យអង្គការសង់ត្រាល់ (CENTRAL) ស្នាក់នៅបណ្ដោះអាសន្ន។ ក្រុមពលករថ្មីថ្មោងទាំងនោះក៏ឆ្លៀតរកត្រីតាមបឹងប្រឡាយ នៅក្នុងប្រទេសថៃ ដើរបេះបន្លែ ធ្វើម្ហូបជួយសម្រួលជីវភាពបានខ្លះ។

ថ្ងៃចុងសប្ដាហ៍ ជាថ្ងៃពលករគ្រប់គ្នាសម្រាកពីការងារ ប៉ុន្តែ ពលរដ្ឋមួយក្រុមអ្នកខ្លះទើបចូលធ្វើការងារនៅប្រទេសថៃមួយសប្ដាហ៍ ឬពីរសប្ដាហ៍ និងអ្នកខ្លះទៀតរកមិនការងារមិនទាន់បានធ្វើនៅឡើយពួកគាត់យកមងសំណាញ់ ទៅរកត្រីតាមអូរប្រឡាយធម្មជាតិ នៅប្រទេសថៃ ដើម្បីបានត្រីធ្វើម្ហូប។ ពួកគាត់អ្នកខ្លះរកត្រី អ្នកខ្លះបេះបន្លែគ្រាន់បានដោះទាល់ក្នុងគ្រាខ្វះខាត និងមិនទាន់មានការងារធ្វើបែបនេះ។

ដៃកាន់ត្រីមួយថង មានត្រីអណ្ដែងនិងត្រីផ្លានីន ដែលទើបដាក់មងបាន លោកស្រី ព្រំ ស្រីពៅ ទើបពីខេត្តប៉ៃលិនមករកការងារធ្វើនៅប្រទេសជាង១ខែមកហើយ។ លោកស្រីបានទើបចូលធ្វើការងារបានពីរបីថ្ងៃហើយ តែលោកស្រីមិនទាន់មានលទ្ធភាពមានប្រាក់ជួលបន្ទប់ស្នាក់នៅឡើយទេ។ ស្ត្រីវ័យ២៨ឆ្នាំ រូបនេះទាំងនិយាយទាំងមុខញញឹមថា ពេលរកត្រីបានលោកស្រីសប្បាយចិត្តព្រោះបានត្រីធ្វើម្ហូប។ លោកស្រីសរសើរថា ត្រីដែលរកបានពីប្រឡាយនេះត្រីរសជាតិឆ្ងាញ់ជាងត្រីទិញនៅផ្សារ។

លោកស្រី ព្រំ ស្រីពៅ៖ «រកទៅយើងបានធូររួចមួយពេលៗ យកទៅស្ល ប្រឡាក់ហាលអី អ៊ីចឹង អត់ទាន់បានជួលបន្ទប់ទេ យើងអត់ទាន់មានលុយជួលគាត់ (អង្គការសង់ត្រាល់) ឱ្យនៅសិនអ៊ីចឹងណា ដល់ពេលយើងមានលុយអ៊ីចឹងទៅយើងសុំគាត់ទៅជួលបន្ទប់នៅកន្លែងផ្សេង»។ ពលកររកត្រីនៅទីនេះ អ្នកខ្លះដាក់មងអ្នកខ្លះបង់សំណាញ អ្នកខ្លះដាក់សន្ទូច។ ក្រៅពីអ្នករកត្រី ក៏មានពលករផ្សេងទៀតដើរបេះស្លឹកបាសដុះតាមច្រាំងប្រឡាយ។

ពលករម្នាក់ទៀតលោក សាយ គុន កំពុងឱនងើបក្បែរច្រាំងប្រឡាយរាយមង។ លោក សាយ គុន ឱ្យដឹងថា លោកមកដល់ប្រទេសថៃ បានជាង១០ថ្ងៃ ពេលមកដល់ប្រទេសនេះ លោកអស់ប្រាក់ពីខ្លួន រហូតគ្មានប្រាក់ជួលបន្ទប់ និងប្រាក់សម្រាប់ចំណាយថ្លៃហូបចុកប្រចាំថ្ងៃ។ លោកឆ្លៀតមករកត្រីរៀងរាល់ថ្ងៃចុងសប្ដាហ៍ដែលសម្រាកពីការងារ។ លោកយល់ថា ការមករកការងារធ្វើនៅប្រទេសថៃ ទាល់តែប្រឹងសន្សំសំចៃ ទើបអាចសល់ប្រាក់ផ្ញើជូនឪពុកម្ដាយនៅស្រុកខ្មែរ។ លោក សាយ គុន៖ «មកតែថ្ងៃអាទិត្យតែថ្ងៃនេះថ្ងៃបុណ្យគេឈប់អ៊ីចឹងទៅបានមកថ្ងៃសៅរ៍ បានត្រីអណ្ដែង ត្រីផ្លានីន ជួយកាត់បន្ថយយើងរឿងចាយវាយលើម្ហូបអីដែរ ដល់លុយសល់កាក់យើងទុក»។

ក្រុមពលកររកត្រី ទើបតែបានមួយសម្លស្រាប់តែមានពលករម្នាក់ឈ្លើងទាមជើង ពួកគាត់ម្នាក់ៗភ័យស្លន់ស្លោរត់ឡើងគោក លែងហ៊ានរកត្រីទៀត ហើយពួកគាត់ក៏នាំគ្នាសារមងទៅកន្លែងសម្រាកវិញគឺការិយាល័យអង្គការសង់ត្រាល់ ដែលអនុញ្ញាតឱ្យពលករខ្វះខាតទាំងនោះស្នាក់នៅបណ្ដោះអាសន្ន។ នៅទីនេះក្រុមពលករធ្វើបាយម្ហូបពិសាជុំគ្នា អង្គការសង់ត្រាល់ ក្រៅពីផ្ដល់កន្លែងស្នាក់នៅបណ្ដោះអាសន្ន ក៏មានផ្ដល់អង្ករផងដែរ។

ពលករម្នាក់ទៀត លោក ធី ពឿន អាយុ៣៨ឆ្នាំ មានស្រុកកំណើតនៅខេត្តប៉ៃលិន រៀបរាប់ថា ទម្រាំមកលោកធ្វើដំណើរមកដល់ប្រទេសថៃ គឺត្រូវចំណាយប្រាក់ទាំងថ្លៃឯកសារ និងថ្ងៃធ្វើដំណើរអស់ជាង៣០០ដុល្លារ។ លោកថា ប្រសិនគ្មានផ្ដល់កន្លែងស្នាក់នៅបណ្ដោះអាសន្នពីអង្គការសង់ត្រាល់ទេ លោកនិងភរិយា មិនដឹងថាត្រូវទៅរស់នៅទីណាឡើយ។ លោក ធី ពឿន៖ «អត់ច្រើនដែរ ក្នុងម្នាក់ធ្វើប៉ាស្ទ័រ(លិខិតឆ្លងដែន)អស់២១៥ដុល្លារ ហើយយើងជិះឡានគេនាំឱ្យយើងមកចូលទៀតអស់ម្នាក់ៗ៤ពាន់បាត គាត់(អង្គការសង់ត្រាល់) ជួយអង្ករជួយទឹក គាត់ជួយច្រើនម្ហូបភ្លើងទៀត បើអត់ស្គាល់កន្លែងគាត់យើងពិបាកយើងមកពីខ្មែរមកយើងដាច់លុយប៉ិត»។

ការិយាល័យអង្គការសង់ត្រាល់ នៅប្រទេសថៃ អង្គការនេះជួលផ្ទះមួយកន្លែងក្នុងខេត្តឈុនបុរី (Chhon Bori) មានពីរបន្ទប់ និងកន្លែងទទួលភ្ញៀវ។ មួយបន្ទប់ជាកន្លែងរបស់បុគ្គលិកអង្គការប្រចាំទេសថៃបំពេញការងារ បន្ទប់ទំនេរមួយទៀតផ្ដល់ឱ្យពលករដែលប្ដី ឬប្រពន្ធពលករស្នាក់នៅ ចំណែកពលករផ្សេងទៀត គេងនៅកន្លែងទទួលភ្ញៀវ។

មន្ត្រីផ្នែកការពារសិទ្ធពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ (CENTRAL) ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន ឱ្យវិទ្យុអាស៊ីសេរីដឹងថា ក្រុមពលរដ្ឋដែលមកសុំការិយាល័យអង្គការរបស់លោកស្នាក់នៅពេលនេះមានចំនួន ៩នាក់។ លោកបន្តថា ពលករទាំងនេះមកដល់ប្រទេសថៃ រកការងារធ្វើ តែមិនទាន់បានចូលធ្វើ ហើយក៏មានពលករខ្លះបាត់បង់ការងារ ដែលគ្មានប្រាក់ទៅស្រុកវិញ ឬរកការងារថ្មីមិនទាន់ទើបពួកគាត់មកសុំការិយាល័យអង្គការរបស់លោកស្នាក់នៅបណ្ដោះអាសន្នសិន។ លោកបន្តថា នៅពេលកន្លែងស្នាក់នៅ ផ្ដល់អង្គការឬម្ហូបដល់ពលរដ្ឋ ក៏ទាក់ទងទៅមេការជនជាតិខ្មែរ ដែលធ្វើការងារតាមរោងចក្រនៅប្រទេសនេះ ដើម្បីជួយសម្រួលឬអាចជួយឱ្យពលករទាំងនោះបានចូលធ្វើការ។

លោក លឹង សុផុន៖ «អ្នកខ្លះនៅបន្ទប់តូចផង ហើយណាមួយគាត់មានប្រុសស្រីអ៊ីចឹងក៏ទៅដេកផ្ទះខ្ញុំផ្ទាល់ខ្លួនដែលខ្ញុំជួលផ្ទះមួយកន្លែងទៀត នៅពេលពួកគាត់រង់ចាំបានការងារធ្វើទៅ បានប្រាក់ខែទៅគាត់ក៏សម្រេចចិត្តដូរកន្លែងទៅកន្លែងម្ដុំណាជិតកន្លែងគាត់ធ្វើការ ដែលគាត់រស់នៅបាន។ ជួយគាត់ទិញអង្ករ ទិញសម្ភារៈហូបចុកយើងជួយគាត់តាមអ្វីដែលយើងអាចជួយបាន»។

ក្រសួងការងារឱ្យដឹងថា មានពលករ១លាន៣សែននាក់ កំពុងធ្វើការងារនៅប្រទេសថៃ ប៉ុន្តែ អង្គការសង់ត្រាល់រកឃើញថា ពលករខ្មែរធ្វើការនៅប្រទេសនេះមានជាង២លាននាក់ បូករូមទាំងពលករគ្មានឯកសារគ្រប់គ្រាន់។ ក្រុមពលករខ្មែរទម្រាំអាចមកធ្វើការងារនៅប្រទេសថៃ គឺត្រូវចំណាយប្រាក់ច្រើនចាប់ពី៣០០ដុល្លារទៅ៥០០ដុល្លារ ឬច្រើនជាងនេះ ដើម្បីធ្វើឯកសារ និងត្រូវចំណាយមួយចំនួនទៀតសម្រាប់ការធ្វើដំណើរ ហើយប្រសិនបើពួកគាត់ឆ្លងដែនខុសច្បាប់ ត្រូវចំណាយប្រាក់ជិត២០០ដុល្លារ ទម្រាំអាចចូលប្រទេសថៃបាន។ អ្នកខ្លះមានឯកសារគ្រប់គ្រាន់ហើយតែមកដល់ប្រទេសថៃ រកការងារមិនបានធ្វើ ឬក៏ត្រូវអ្នកនាំឱ្យមកធ្វើការងារបោះបង់ចោល៕

website_news/2023150602.txt · Last modified: 2023/06/15 10:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki