website_news:2023150605

ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ គឺជាបញ្ហាសកលដែលពិភពលោកកំពុងតែយកចិត្តទុកដាក់

https://btv.com.kh/article/24729 2023/06/14 02:35:43 pm

ភ្នំពេញ ៖ ឯកឧត្តម ស្រី សួន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអៈអាងថា ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ គឺជាបញ្ហាសកលដែលពិភពលោកកំពុងតែយកចិត្តទុកដាក់ និងរួមគ្នាដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការរំលោភបំពានក្នុងបរិបទប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះ។ ការថ្លែងរបស់ឯកឧត្តម ស្រី សួន យ៉ាងដូច្នេះក្នុងពិធីបើកសិក្ខាសាលាស្ដីពី “កិច្ចការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ” នៅសាលាមធ្យមវិចិត្រសិល្បៈ ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ។

ឯកឧត្តម ស្រី សួន រដ្ឋលេខាធិការ បានបន្តទៀតថា កម្ពុជា ក៏ជាប្រទេសមួយដែលបានបោះជំហានទៅមុខ ក្នុងការចូលរួមចំណែកសំដៅធ្វើឲ្យកាន់តែប្រសើរឡើងនូវការលើកកម្ពស់កិច្ចការពារកុមារ និងឧត្តមប្រយោជន៍របស់កុមារគ្រប់រូប។ ក្រោយពីព្រះរាជាណាចក្រកម្ពុជា បានផ្តល់សច្ចាប័នលើអនុសញ្ញាស្ដីពីសិទ្ធិកុមារ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩២ និងលើពិធីសារបន្ថែមនៃអនុសញ្ញាសិទ្ធិកុមារ ស្តីពីការជួញដូរកុមារ ការធ្វើពេស្យាកម្មកុមារ និងរូបភាពអាសអាភាសកុមារ ព្រមទាំងពិធីសារបន្ថែម ស្តីពីការចូលរួមរបស់កុមារនៅក្នុងជម្លោះ ប្រដាប់អាវុធ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០០២រួចមក រាជរដ្ឋាភិបាលកម្ពុជា បានបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទដ្ឋានទាំងនោះ ដោយខិតខំដាក់បញ្ចូលខ្លឹមសារពាក់ព័ន្ធទៅក្នុងច្បាប់គោលនយោបាយ ផែនការនានា សំដៅពង្រឹងកិច្ចការពារកុមារពីភាពរងគ្រោះទាំងឡាយឲ្យកាន់តែល្អប្រសើរ។

ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សេដ្ឋកិច្ច វប្បធម៌ និងសង្គមជាតិ ត្រូវបានស្តារ និងអភិវឌ្ឍរហូតធ្វើឲ្យសម្រេចកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ក្នុងពីរទសវត្សរ៍ចុងក្រោយនេះ ហើយប្រទេសនានាក្នុងតំបន់និងលើពិភពលោក ទទួលស្គាល់នូវជំហានរីកចម្រើនឈានឡើងយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ដោយបានបង្កើតនូវឱកាសជាច្រើនថែមទៀត ក្នុងការកសាងនិងអភិវឌ្ឍប្រទេស។

យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ បានជំរុញឲ្យការវិភាជន៍ធនធានបន្ថែមដល់វិស័យអប់រំ សុខាភិបាល សង្គមកិច្ច និងវិស័យផ្សេងៗទៀត ដែលក្នុងនោះការអភិវឌ្ឍកុមារ គឺជាអាទិភាពមួយនៃការកសាងធនធានមនុស្សសម្រាប់ការអភិវឌ្ឍជាតិ និងសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព២០១៦-២០៣០។ ទន្ទឹមនឹងនេះ កម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការចូលរួមក្នុងបដិវត្តឧស្សហកម្ម ៤ចុច០ ដែលផ្តោតជាពិសេសលើវិស័យបច្ចេកវិទ្យា ដែលពិភពលោកកំពុងប្រើប្រាស់ជាមធ្យោបាយសម្រាប់វិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងសង្គមកិច្ច យ៉ាងមានប្រសិទ្ធភាព។ ការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន បានកំចាត់នូវភាពអសកម្មជំរុញដល់ការរីកលូតលាស់ ការងារ នយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ដែលធ្វើឱ្យកម្ពុជាមានទំនាក់ទំនងជាមួយបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោកថែមទៀតផង ជាមួយគ្នានោះដែរ។

លោកជំទាវ ឆឹង ស៊ីមន រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនាពេលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ និងកិច្ចការពារកុមារពីការកងប្រវ័ញ្ច និងការរំលោភ បំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាមធ្យមវិចិត្រសិល្បៈ៕ អត្ថបទ ៖ រដ្ឋា

website_news/2023150605.txt · Last modified: 2023/06/15 10:07 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki