website_news:2023150801

ចាប់ខ្លួនប្រុសស្រី៤នាក់ និងរំដោះនារីរងគ្រោះ១២នាក់ចេញពីហាងកាហ្វេ៥កន្លែងជាប់ៗគ្នា

https://kohsantepheapdaily.com.kh/article/1786400.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram ភ្នំពេញ ១៥ ខែ សីហា ឆ្នាំ ២០២៣ ម៉ោង ០៩:០៣

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ បានឆ្មក់បង្ក្រាបទីតាំងហាងកាហ្វេចំនួន៥កន្លែងជាប់ៗគ្នា ដែលលួចបង្កប់នូវសេវាកម្សាន្ត ដោយធ្វើការឃាត់ខ្លួនប្រុសស្រីចំនួន៤នាក់ដែលជាម្ចាស់ទីតាំង និងរំដោះនារីរងគ្រោះចំនួន១២នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅចំណុចត្រឡោកបែក តាមបណ្ដោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ សេចក្តីរាយការណ៍បន្តថា សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៦នាក់ ក្នុងនោះមានម្ចាស់ទីតាំងចំនួន៤នាក់ (ស្រី៣នាក់) និង១២នាក់ទៀត គឺជានារីរងគ្រោះ រួមទាំងវត្ថុតាងមានដូចជា ៖ ស្រោមអនាម័យប្រើប្រាស់រួចមួយចំនួន និងមិនទាន់ប្រើប្រាស់មួយចំនួនទៀត។

បើតាមសមត្ថកិច្ច បានប្រាប់ឱ្យដឹងថា «មុននឹងកម្លាំងសមត្ថកិច្ចធ្វើការចុះបង្ក្រាបទីតាំងខាងលើនេះ គឺមានការរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋមកថា ហាងកាហ្វេទាំង៥ទីតាំងនេះ គឺបើកលក់ទាំងយប់ទាំងថ្ងៃ និងមានលួចបង្កប់សេវាកម្សាន្ត (ផ្លូ .វភេ.ទ)»។ សមត្ថកិច្ចប្រាប់បន្តទៀតថា «បន្ទាប់មកកម្លាំងជំនាញក៏បានធ្វើការស៊ើបអង្កេត រហូតនៅយប់ថ្ងៃកើតហេតុ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ សហការជាមួយនឹង អាជ្ញាធរ ព្រមទាំងសមត្ថកិច្ចមូលដ្ឋាន ធ្វើការចុះបង្ក្រាប និងឆែកឆេររកឃើញវត្ថុតាងរួមមាន ៖ ស្រោមអនាម័យប្រើប្រាស់រួចមួយចំនួន និងមិនទាន់ប្រើប្រាស់មួយចំនួន ព្រមទាំងបានរំដោះនារីរងគ្រោះចំនួន១២នាក់ ហើយធ្វើការឃាត់ខ្លួនម្ចាស់ទីតាំងចំនួន៤នាក់ ក្នុងនោះមានស្ត្រីចំនួន៣នាក់ផងដែរ»។

ក្រោយពេលកើតហេតុ នារីរងគ្រោះទាំង១២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច ចំណែកឯម្ចាស់ទីតាំងចំនួន៤នាក់ រួមទាំងវត្ថុតាងវិញ ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការនគរបាលជាតិ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ រីឯហាងកាហ្វេទាំង៥ទីតាំងខាងលើនេះ គឺត្រូវបានឃ្លុំបេបិទជាបណ្ដោះអាសន្នសិន៕

website_news/2023150801.txt · Last modified: 2023/08/15 10:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki