website_news:2023150802

ឃាត់ខ្លួននារីបម្រើលើយន្តហោះម្នាក់ នាំមិត្តរួមការងារ ដេកជាមួយភ្ញៀវ ១យប់ ៣ពាន់ដុល្លារអាមេរិក

https://kohsantepheapdaily.com.kh/article/1785153.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram ១១ ខែ សីហា ឆ្នាំ ២០២៣ ម៉ោង ១៩:៣១

ទីក្រុងហូជីមិញ ៖ អតីតនារីអ្នកបម្រើការលើយន្តហោះម្នាក់ ត្រូវបានប៉ូលិសវៀតណាម ចាប់ឃាត់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣ ពីបទជួញដូរសេវាផ្លូវភេ.ទ ដែលផ្តល់ដោយសហការីរបស់នាង(នារីបម្រើការលើយន្តហោះដូចគ្នា) ក្នុងតម្លៃ ១,០០០ដុល្លារអាមេរិក ក្នុងមួយដង និង៣,០០០ដុល្លារអាមេរិក ក្នុងមួយរាត្រី ។

នាង វ៉ូធី ម៉ាយហាន់ (Vo Thi My Hanh) អាយុ ២៦ឆ្នាំ ជាអតីតអ្នកបម្រើការលើយន្តហោះ មានទំនាក់ទំនងជិតស្និទ្ធ(មិត្តភក្តិ)ជាមួយអ្នកបម្រើការ ដែលកំពុងនៅតែធ្វើការនោះ ហើយណែនាំពួកគេផ្តល់សេវាកម្មផ្លូវភេ.ទដល់អតិថិជន “លំដាប់ខ្ពស់” ។ នាងហាន់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីប៉ូលិសបានឆ្មក់ចូលសណ្ឋាគារមួយ ក្នុងទីប្រជុំជននៅផ្លូវ Le Thi Rieng ក្នុងខណ្ឌ១ ទីក្រុងហូជីមិញ កាលពីយប់ថ្ងៃពុធ និងបានចាប់ខ្លួននារី ចំនួន០៤នាក់ ដែលកំពុងផ្តល់សេវាផ្លូវភេ.ទ ។ នារី ០៣នាក់ ជាអ្នកបម្រើលើយន្តហោះ និងម្នាក់ទៀតជាតារាបង្ហាញម៉ូតរបស់វៀតណាម ។

ស្ត្រីទាំងនោះ បាននិយាយដូចៗគ្នាថា នាងហាន់ បានសុំពួកគេឲ្យចូលរួមអាជីវកម្មនេះ។ ហើយពួកនាង បានគិតប្រាក់ ១,០០០ដុល្លារ ក្នុងមួយដង ហើយតម្លៃ ៣,០០០ដុល្លារអាមេរិក ប្រសិនបើអតិថិជនចង់បានរយៈពេលមួយយប់ ។ នាងហាន់ បានដកយក ៧លានដុង ប្រមាណ(ជិត៣០០ដុល្លារអាមេរិក) ក្នុងមួយដង ជាថ្លៃឈ្មួញកណ្តាល។ ប៉ូលិសបាននិយាយថា នាងហាន់ រកបានជាង ១ពាន់លានដុង (ជាង ៤២,០០០ដុល្លារអាមេរិក) ពីអាជីវកម្មនេះ ។

អ្នកស៊ើបអង្កេត បានរកឃើញថា នាងហាន់ បានផ្សព្វផ្សាយខ្លួនឯងនៅលើបណ្តាញសង្គមថា ជាស្ត្រីជោគជ័យ ដោយបង្ហោះរូបថតរបស់នាង ទិញរបស់ប្រណិតៗ និងធ្វើដំណើរទៅកាន់កន្លែងល្បីៗ ជាដើម ។ នាងបានចាត់ទុកខ្លួនឯងថា ជាមនុស្សគំរូ ។ ហើយនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់នាងមានអ្នកតាមដានជាង ៣០០,០០០នាក់ ។ នាងបានលាឈប់ពីការងារជាអ្នកបម្រើលើយន្តហោះ កាលពីប៉ុន្មានខែមុន មុនពេលនាងនឹងចាប់ផ្តើមអាជីវកម្មផ្លូវភេ.ទ ។ នៅពេលចាប់ខ្លួន នាងហាន់ កំពុងគ្រប់គ្រងស្ត្រីបម្រើផ្លូវភេ.ទ ប្រហែល៣០នាក់ ដែលភាគច្រើន ជាអ្នកបម្រើលើយន្តហោះ និងតារាម៉ូដែល ។

ភ្ញៀវភាគច្រើន មកពីទីក្រុងហាណូយ ទីក្រុងហូជីមិញ និងខេត្តដែលមានព្រំប្រទល់ជាប់ទីក្រុងហូជីមិញ ។ បុរសទាំងនោះ បានទាក់ទង នាង ហាន់ តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយនាងនឹងរៀបចំសេវាកម្ម ដែលត្រូវផ្តល់ជូននៅតាមសណ្ឋាគារ និងរមណីយដ្ឋាននានា។ នាងមានរថយន្តទំនើប សម្រាប់ដឹកស្ត្រីទាំងនោះ ទៅនិងមកពីកន្លែងរកស៊ីផ្លូវភេ.ទ ។ នាង ហាន់ ក៏បានផ្តល់សេវាកម្មដោយខ្លួនឯង ពោលគឺ រកស៊ីដោយខ្លួនឯងផង និងជាឈ្មួញកណ្តាលផង ។ ពេស្យាចារ ត្រូវបានគេចាត់ទុកថា ជាអំពើអាក្រក់ក្នុងសង្គម ហើយការជួញដូរផ្លូវភេទ ជាបទល្មើសព្រហ្មទណ្ឌ ក្នុងប្រទេសវៀតណាម ៕

website_news/2023150802.txt · Last modified: 2023/08/15 10:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki