website_news:2023150901

នាយករដ្ឋមន្ដ្រីកម្ពុជា បង្កើតគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរតាមព្រំដែន, ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជាប្រធាន

https://freshnewsasia.com/index.php/en/localnews/310129-2023-09-14-05-21-28.html 2023-09-14 12:21pm

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា។ ក្នុងសេចក្ដីសម្រេច ដែលចុះហត្ថលេខានៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ហើយបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែកញ្ញានេះ បានឲ្យដឹងថា គណៈកម្មការចំពោះកិច្ចនេះ មានលោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ជាប្រធាន អមដោយអនុប្រធានប្រចាំការ១រូប អនុប្រធាន២រូប និងសមាជិកជាច្រើនរូបផ្សេងទៀត។

គណៈកម្មការចំពោះកិច្ចមានតួនាទី និងភារកិច្ចដូចខាងក្រោម៖

* តាមដាន និងត្រួតពិនិត្យការអនុវត្តវិធានការនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីលុបបំបាត់ភាពមិនប្រក្រតី និងបាតុភាពផ្សេងៗ ក៏ដូចជាបញ្ហាប្រឈមនានាចំពោះពលករខ្មែរ ក្នុងការចេញ ចូល និងឆ្លងកាត់ព្រំដែន

* ជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែន ដើម្បីជួយសម្រួលដំណើរចេញ ចូលរបស់ពលករខ្មែរឲ្យបានត្រឹមត្រូវ

* ទទួល និងដោះស្រាយបណ្ដឹងតវ៉ានានារបស់ពលករខ្មែរពាក់ព័ន្ធនឹងដំណើរឆ្លងកាត់ព្រំដែន

* សិក្សាស្រាវជ្រាវលើប្រភពបញ្ញា ឬភាពមិនប្រក្រតីនានា ដែលបង្កការរំខានដល់ដំណើរចេញចូល ឬប៉ះពាល់ដល់ផលប្រយោជន៍របស់ពលករខ្មែរតាមព្រំដែន

* រៀបចំឲ្យមានប្រព័ន្ធឆ្លើយតបបន្ទាន់មិនប្រក្រតី

* ធ្វើការត្រួតពិនិត្យដើម្បីសម្រួលឲ្យពលករអាចទំនាក់ទំនង និងរាយការណ៍ភាពតាមដានការអនុវត្តតួនាទីភារកិច្ចរបស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងករណីមានបណ្ដឹងមិនសុខចិត្តពីពលករ

* ចុះពិនិត្យ សិក្សា និងវាយតម្លៃអំពីស្ថានភាពនៃការយកកម្រៃក្រៅផ្លូវការសម្រាប់ការធ្វើដំណើរចេញ ចូលនៅច្រកទ្វារព្រំដែន

* ដាក់ចេញវិធានការ ចុះប្រតិបត្តិការ ឬចេញសេចក្ដីណែនាំ ដើម្បីលុបបំបាត់ការយកកម្រៃក្រៅ ផ្លូវការសម្រាប់ការធ្វើដំណើរចេញចូលនៅច្រកទ្វារព្រំដែន សំដៅសម្រួលដល់ការធ្វើដំណើរចេញ ចូលរបស់ពលករនៅតាមព្រំដែន

* ធ្វើរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាលអំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមទាក់ទងនឹងការងារ

* លុបបំបាត់ការយកកម្រៃក្រៅផ្លូវការសម្រាប់ការធ្វើដំណើរចេញចូលនៅច្រកទ្វារព្រំដែន

* អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល៕

website_news/2023150901.txt · Last modified: 2023/09/15 12:24 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki