website_news:2023150903

មីយ៉ាន់ម៉ា តម្រូវឲ្យពលករចំណាកស្រុកបង់ប្រាក់ ២៥ ភាគរយចូលរដ្ឋ

https://www.kampucheathmey.com/global-news/577860 ថ្ងៃព្រហស្បតិ៍ ១៤ កញ្ញា ២០២៣ដោយ ratanak neang

មេដឹកនាំមីយ៉ាន់ម៉ាទាមទារឲ្យពលករធ្វើការនៅក្រៅប្រទេសបង់ប្រាក់យ៉ាងតិច ២៥ ភាគរយនៃប្រាក់ចំណូលរូបិយប័ណ្ណបរទេសប្រចាំខែរបស់ពួកគេចូលរដ្ឋ ហើយត្រូវតែផ្ទេរតាមរយៈធនាគារ CB Bank ដែលជាធនាគារឯកជនធំបំផុតរបស់ប្រទេសរៀងរាល់ខែ ឬ ៣ ខែម្តង ។ បទបញ្ញត្តិថ្មីនេះបានចូលជាធរមាននៅថ្ងៃទី១ ខែកញ្ញា ដោយតម្រូវឲ្យពលករបើកគណនីផ្ទេរប្រាក់តាមធនាគារ CB Bank ដែលគ្រប់គ្រងដោយធនាគារកណ្តាលមីយ៉ាន់ម៉ា ខណៈមានអត្រាប្តូរប្រាក់ផ្លូវការត្រឹមតែ ២,១០០ គីយ៉ាត ក្នុងមួយដុល្លារអាមេរិកប៉ុណ្ណោះ ស្របពេលដែលអត្រាប្ដូរប្រាក់លើទីផ្សារខ្ពស់ជាងដល់ទៅ ៣,៤០០ គីយ៉ាតឯណោះ ។

ចំពោះច្បាប់ថ្មីនេះផងដែរព្រមានថា ពលករចំណាកស្រុកដែលមិនគោរពតាម នឹងត្រូវហាមឃាត់មិនឲ្យធ្វើការនៅបរទេសរយៈពេល ៣ ឆ្នាំ បន្ទាប់ពីប័ណ្ណការងារបច្ចុប្បន្នរបស់ពួកគេផុតកំណត់ ។ ទន្ទឹមនោះ លក្ខខណ្ឌនៃការផ្ទេរប្រាក់នេះ ក៏នឹងផ្ដល់ផលប៉ះពាល់ដល់ពលករចំណាកស្រុកមីយ៉ាន់ម៉ា ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងរដ្ឋាភិបាលទាំងពីរ ។

យោងតាមទិន្នន័យក្រសួងការងារថៃបានឲ្យដឹងថា ជនចំណាកស្រុកមីយ៉ាន់ម៉ាជិត ២ លាននាក់កំពុងធ្វើការដោយស្របច្បាប់នៅក្នុងប្រទេសថៃកាលពីឆ្នាំមុន ៕ ប្រែសម្រួល៖ នាង រតនៈ

website_news/2023150903.txt · Last modified: 2023/09/15 12:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki