website_news:2023150904

កម្ពុជា និង សហរដ្ឋអាមេរិក ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងយុត្តិធម៌

https://www.postkhmer.com/national/2023-09-14-0850-254450.html សំបាន ច័ន្ទដារ៉ា | Publication date 14 September 2023 | 08:50 ICT

ភ្នំពេញៈ កម្ពុជានិងសហរដ្ឋអាមេរិក ប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ និងយុត្តិធម៌ ជាពិសេសនៅក្នុងអាណត្តិរដ្ឋាភិបាលកម្ពុជាថ្មី ហើយភាគីទាំង ២ ក៏បានបង្ហាញឆន្ទៈខិតខំធ្វើឱ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការនេះកាន់តែប្រសើរឡើង ដើម្បីជាប្រយោជន៍ប្រទេសទាំង ២។ ការប្តេជ្ញារវាងប្រទេសទាំង២នេះ ធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាងលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានៅទីស្តីការក្រសួងយុត្តិធម៌កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៣។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១៣ ខែកញ្ញាថា រដ្ឋមន្ត្រីយុត្តិធម៌ និងឯកអគ្គរដ្ឋទូតអាមេរិក បានសាទរចំពោះកិច្ចសហប្រតិបត្តិការជោគជ័យកន្លងមករវាងប្រទេសទាំង ២ លើផ្នែកច្បាប់ ហើយភាគីទាំង ២ បានពិភាក្សាបន្ថែម ពីយន្តការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហការនេះបន្តទៅទៀត ពិសេសភាគីទាំង ២ បានបង្ហាញសុច្ឆន្ទៈរៀងៗខ្លួន។ លោក ជិន ម៉ាលីន បានបន្តថា៖ «ជាក្តីរំពឹង នៅក្នុងអាណត្តិរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ទំនាក់ទំនងកម្ពុជា និងអាមេរិកកាន់តែប្រសើរឡើង ហើយពាក់ព័ន្ធនឹង វិស័យច្បាប់ និងយុត្តិធម៌វិញ យើងមានកិច្ចសហប្រតិបត្តិការជាមួយគ្នាច្រើន ដែលភាគីទាំង ២ សង្ឃឹមថា នឹងកាន់តែមានភាពប្រសើរឡើងថែមទៀត»។

កន្លងមកកម្ពុជា និងសហរដ្ឋអាមេរិក បានសហការគ្នាលើបញ្ហានានាតួយ៉ាង ការទប់ស្កាត់បទល្មើសឆ្លងដែន ការជួយគ្នាទៅវិញទៅមកលើផ្នែកច្បាប់ ការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់នៅកម្ពុជា និងការអនុវត្តសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ការទប់ស្កាត់និងបង្ក្រាបបទល្មើសជួញដូរមនុស្សជាដើម។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកជិន ម៉ាលីន។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវ នៅមជ្ឈមណ្ឌលមេគង្គ សម្រាប់សិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) យល់ថា ជំនួបរវាងលោក Patrick Murphy និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌កម្ពុជា ជាជំនួបសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកច្បាប់និងយុត្តិធម៌ ដើម្បីជាឱកាសសម្រាប់កសាងសមត្ថភាពស្ថាប័ន និងការកសាងធនធានមនុស្សនៅកម្ពុជាក្នុងវិស័យនេះ ហើយក៏ជាឱកាសដើម្បីពន្យល់ និងបង្ហាញពីជំហរកម្ពុជាលើលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ទៅកាន់ភាគីអាមេរិកផងដែរ។ លោកបានប្រាប់ថា៖ «ជំនួបរវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ជាមួយនឹងបណ្តារដ្ឋមន្ត្រីក្រសួងនៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការស្តារទំនាក់ទំនងជាមួយកម្ពុជាផងដែរ»។

លោក ម៉េងដាវិត យល់ថា សហរដ្ឋអាមេរិកគួរតែមានជំនួបបែបនេះកាន់តែច្រើនជាមួយថ្នាក់ដឹកនាំកម្ពុជា ដើម្បីបន្តស្វែងយល់ កាន់តែច្បាស់ ពីស្ថានភាពកម្ពុជា ទាំងវប្បធម៌ អភិបាលកិច្ចដំណើរការច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ជាជាងពិនិត្យ តែរបាយការណ៍១ជ្រុងណាមួយ។ សម្រាប់លោកសុក សំអឿន ប្រធានក្រុមអ្នកច្បាប់អមរិន្ទ និងជាទីប្រឹក្សាច្បាប់នៃអង្គការតម្លាភាពកម្ពុជា បានសម្តែងការសាទរ ចំពោះកិច្ចសហការរវាងកម្ពុជា និងសហរដ្ឋអាមេរិក លើវិស័យច្បាប់ និងយុត្តិធម៌ប៉ុន្តែលោកបញ្ជាក់ថា វាអាស្រ័យទៅលើសកម្មភាពជាក់ស្តែង និងការអនុវត្តចំគោលដៅ ដើម្បីឱ្យវិស័យនេះប្រសើរឡើង ហើយលោកចង់ឱ្យភាគីទាំង ២ បង្កើនការជជែកគ្នាទៅលើឧបសគ្គនៃការអនុវត្តច្បាប់រួមគ្នាកន្លងមក។

ស្រដៀងគ្នានេះ លោក កង ឫទ្ធិគីរី ជាមេធាវី និងជាសាស្ត្រាចារ្យផ្នែកច្បាប់ ព្រមទាំងជាអតីតមេធាវីតំណាងក្នុងសំណុំរឿង ០១ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក) វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យយុត្តិធម៌ និងច្បាប់រវាងប្រទេសទាំង ២ ដែលជាទិដ្ឋភាពវិជ្ជមាន។ លោក កង ឫទ្ធិគីរី បានថ្លែងថា បើសិនសហរដ្ឋអាមេរិក និងកម្ពុជា បន្តធ្វើការជាមួយគ្នាលើវិស័យយុត្តិធម៌នេះ កម្ពុជានឹងអាចដើរចេញឆ្ងាយពីភាពអសកម្មហើយអាចគោរពគោលការណ៍សិទ្ធិមនុស្ស និងច្បាប់អន្តរជាតិបានល្អ ដោយសារសហរដ្ឋអាមេរិកប្រកាន់គោលការណ៍សិទ្ធិមនុស្ស និងច្បាប់អន្តរជាតិនេះ។

លោកមានប្រសាសន៍ថា៖ «តាមរយៈភាពជោគជ័យជាក់ស្តែងដែលសហរដ្ឋអាមេរិកបានចូលរួមចំណែកក្នុងការបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អវតក) សម្រាប់បញ្ហាខ្មែរក្រហមកន្លងទៅនោះជាសញ្ញាវិជ្ជមានមួយដែលកម្ពុជាគួរមានការទុកចិត្ត និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ជាមួយអាមេរិក ដើម្បីពង្រឹងនីតិរដ្ឋកម្ពុជា»៕

website_news/2023150904.txt · Last modified: 2023/09/15 12:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki