website_news:2023150905

ភាគីជប៉ុននិងកម្ពុជា បានពិភាក្សាអំពីប្រព័ន្ធបញ្ជូនពលករជំនាញ និងកម្មសិក្សាការីពីកម្ពុជា ទៅប្រទេសជប៉ុន ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពរបស់ពលករជំនាញ

https://cen.com.kh/archives/695050.html Posted ByPen Srey NeatSeptember 15, 2023

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុននៅតែបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែរីកចម្រើន ស្របទៅតាមទស្សនវិស័យគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ដែលជាចំណុចគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេស ដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ការគាំទ្រនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម អ៊ូអិណូ អាត់ស៊ុស៊ី (UENO Atsushi ) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ពិសេសជប៉ុនគឺជាប្រទេសទី១ ដែលបានផ្តល់អាហារូបករណ៍ដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩២ ដែលរហូតមកដល់ពេលនេះ អតីតសិស្ស និស្សិតអាហារូបករណ៍ជប៉ុនមួយចំនួនបាននិងកំពុងបម្រើការនៅក្នុងគណៈរដ្ឋមន្ត្រីថ្មី និងកំពុងកាន់តួនាទីសំខាន់នៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូតជប៉ុន បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ ដែលបានដំឡើងដល់កម្រិតដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ឯកឧត្តមឯកអគ្គរាជទូតជប៉ុនក៏បានសន្យាបន្តគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែរីកចម្រើន ជាក់ស្តែងតាមរយៈការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជាឱ្យទៅសិក្សានៅប្រទេសជប៉ុន ការបណ្ដុះបណ្ដាលជំនាញនៅក្នុងប្រទេស ដែលបាននិងកំពុងក្លាយជាស្ពានចម្លងដ៏សំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរយ៉ាងជិតស្និទ្ធ។

ក្នុងឱកាសនោះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីពង្រឹងចំណេះ ជំនាញដល់សិស្ស និស្សិតខ្មែរ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាសម័យថ្មី។

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់សិស្ស និស្សិតកម្ពុជា ដែលកំពុងសិក្សាបច្ចេកទេស និងធ្វើការនៅក្រុមហ៊ុនជប៉ុន ដើម្បីពង្រឹងសមត្ថភាព ចំណេះ ជំនាញបច្ចេកវិទ្យាថ្មីៗបន្ថែមពីក្រុមហ៊ុនទាំងនោះ។ លើសពីនេះទៀត ភាគីទាំងពីរក៏បានពិភាក្សាអំពីប្រព័ន្ធបញ្ជូនពលករជំនាញ និងកម្មសិក្សាការីពីកម្ពុជាទៅប្រទេសជប៉ុន ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពរបស់ពលករជំនាញ និងកម្មសិក្សាការីដែលកំពុងធ្វើការនៅប្រទេសជប៉ុន។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនឯកឧត្តមឯកអគ្គរាជទូតជប៉ុនថា ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈត្រៀមខ្លួនរួចជាស្រេច ដើម្បីសហការជាមួយស្ថានទូតជប៉ុន ក្រុមហ៊ុនជប៉ុន និងសមាគមអាជីវកម្មជប៉ុនដែលមានវត្តមាននៅកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

website_news/2023150905.txt · Last modified: 2023/09/15 12:31 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki