website_news:2023150906

ពលករខ្មែរឆ្លងដែនទៅប្រទេសថៃជួបបញ្ហាសុវត្ថិភាព

https://www.rfa.org/khmer/news/human-rights/cambodian-workers-facing-safety-during-illegal-crossing-to-thailand-09102023224709.html ដោយ សេក បណ្ឌិត2023.09.10

ពលករខ្មែរមួយចំនួន ឆ្លងដែនទៅប្រទេសថៃ ទាំងប្រថុយប្រថាន ដោយសារតែបញ្ហាជីវភាព គ្មានទីផ្សារលក់ទិន្នផលកសិកម្ម ភាពគ្មានការងារធ្វើសមរម្យ និងបញ្ហាជំពាក់បំណុលធនាគារ។ ពួកគាត់ថា គ្មានពលករណាម្នាក់ចង់ឃ្លាតឆ្ងាយពីក្រុមគ្រួសារ ធ្វើការរសាត់អណ្ដែតនៅក្រៅប្រទេសនោះទេ ប្រសិនបើនៅក្នុងប្រទេសសម្បូរការងារធ្វើ និងទិន្នផលលក់បានតម្លៃថ្លៃ។ ពលករមួយចំនួន មិនអាចទ្រាំនឹងកត្តាទាំងនេះបាន ពួកគាត់បានចងការប្រាក់នាយទុន មួយចំនួន ដើម្បីឲ្យទៅមេខ្យល់នាំពលករទៅប្រទេសថៃ។ ក្នុងដំណើរឆ្លងដែន ពលករទាំងនោះ ឆ្លងដែនទាំងប្រថុយប្រថាន ដោយពុំស្គាល់ទិសតំបន់ និងច្បាប់នៅក្នុងប្រទេសថៃឡើយ។

ពលករនៅប្រទេសថៃ លោក លោក គូ សាវឿន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៩ កញ្ញាថា លោកចំណាកស្រុកច្រើនលើកច្រើនសា អស់រយៈពេលជិត២០ឆ្នាំមកហើយ ដើម្បីធ្វើជាពលករក្រៅប្រទេស ព្រោះកត្តាជីវភាព និងគ្មានលទ្ធភាពសងបំណុលធនាគារ។ លោកបន្តថា ការធ្វើចំណាក ស្រុកទៅក្រៅប្រទេសនេះ លោកតែងជួបប្រទះការរត់ពួនលូនក្រាបពីសមត្ថកិច្ចថៃតាមឃាត់ខ្លួនរបស់គេ។ លោក គូ សាវឿន៖ «ទីមួយយើងចំណាកស្រុកពីប្រទេសយើងចូលមកប្រទេសថៃ ទី១ណា។ ពេលហ្នឹងខ្ញុំត្រូវគេ យកទៅលក់នៅប្រទេសម៉ាឡេស៊ីទៀត ខ្ញុំមានការប្រឈមជាច្រើនអ៊ីចឹងហើយ បានជាខ្ញុំមានភាពតស៊ូ អារឿងពលករបងប្អូនយើង ខ្ញុំចេះតែទទូចរាល់គ្រប់ពេលវេលា ដែលបញ្ហា ដែលខ្ញុំជួបផ្ទាល់អីចឹងហា»។

ពលករនៅប្រទេសថៃម្នាក់ទៀត កញ្ញា គឹម ហុង ថ្លែងថា កញ្ញាធ្លាប់លួចឆ្លងដែនដោយខុសច្បាប់ ដើម្បីធ្វើជាពលករនៅប្រទេសថៃ បើទោះបីជាមានការភ័យខ្លាចសមត្ថកិច្ចថៃឃាត់ខ្លួនក៏ដោយ។ កញ្ញាបន្តថា ក្នុងពេលឆ្លងដែននោះ មេខ្យល់បានឲ្យកញ្ញាដើរថ្មើរជើងឆ្លងព្រំដែន ដែលមានចម្ងាយឆ្ងាយ និងត្រូវរង់ចាំនៅទឹកដីថៃ ដើម្បីរង់ចាំរហូតឡានថៃ មកដឹកទៅគោលដៅ។ កញ្ញា គឹម ហុង៖ «ពិបាក ពេលខ្លះយើងដើរឆ្ងាយហា៎បង ដើរកាត់ព្រៃកាត់បន្លាកាត់អី អ៊ីចឹងហា ឆ្លងទឹកអ្នកខ្លះឆ្លងទឹកក៏មានដែរ អ្នកខ្លះដាច់បាយដាច់ទឹក២ ៣ថ្ងៃដេកក្នុងព្រៃក៏មានចា៎ រត់កាត់ព្រៃក៏មាន។ គេអ្នកខ្លះទៅប៉ះទាហានដេញក៏មានដែរបង តែបើយើងដើរឆ្លងចូលដីគេហើយ យើងគេចៗខ្លួនហ្នឹងហើយខ្លាចគេឃើញអីចឹងហា៎»។

ពលករអះអាងដូចៗគ្នាថា បើនៅកម្ពុជា មានការងារ ដែលមានប្រាក់ខែសមរម្យ ឲ្យពួកគាត់រស់នៅប្រកបដោយភាពថ្លៃថ្នូរ គ្មានពលករ ខ្មែរណាម្នាក់ ចំណាកស្រុកឆ្ងាយផ្ទះសម្បែង សាច់ញាតិបងប្អូននោះទេ។ ពួកគេស្នើដល់រដ្ឋាភិបាលថ្មីដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បង្កើតឱកាសការងារក្នុងប្រទេស ដើម្បីឲ្យពលករចំណាកស្រុកក្រៅប្រទេស ត្រឡប់មកធ្វើការជិតផ្ទះ និងបានជួបជុំក្រុមគ្រួសារវិញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងពីការធ្វើចំណាកស្រុករបស់ពលរដ្ឋនៅបណ្ដាលប្រទេសនានា គឺដើម្បីទទួលបានប្រាក់ចំណូលច្រើន ក្នុងនោះសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងក៏មានពលករចំណាកស្រុកស្វែងរកការងារនៅក្រៅប្រទេសផងដែរ។ លោកក៏ថ្លែងទទួលស្គាល់ថា មន្ត្រីត្រួតពិនិត្យច្រកព្រំដែនគិតសេវាក្រៅផ្លូវការពីពលរដ្ឋ។ លោក ហ៊ុន ម៉ាណែត បន្តថា រដ្ឋាភិបាល អនុញ្ញាតឲ្យរៀបចំធ្វើលិខិតឆ្លងដែន ជូនពលករខ្មែរនៅក្រៅប្រទេស ចាប់ផ្ដើមពីប្រទេសកូរ៉េខាងត្បូង និងណែនាំដល់ក្រសួងការបរទេស បង្កើតកុងស៊ុលនៅភាគខាងត្បូងប្រទេសថៃ ដើម្បីពង្រីកសេវានានាជូនពលករខ្មែរ។

លោក ហ៊ុន ម៉ាណែត៖ «ពលករយើងបង្កើតទាំងក្នុងប្រទេសទាំងក្រៅប្រទេស មិនមែនយើងជំរុញពលរដ្ឋយើងទៅធ្វើខ្ញុំគេទេណា។ យើងបង្កើនការងារដើម្បីប្រជាពលរដ្ឋយើងមានជម្រើស។ យើងខិតខំបង្កើតផ្ទៃក្នុងដើម្បីឲ្យបងប្អូនយើងមានឱកាស តែយើងក៏មិនហាមឃាត់បងប្អូនទៅក្រៅប្រទេសដែរ។ ហើយនៅលើពិភពលោកនេះ គ្មានគោលនយោបាយណាមួយ ដែលហាមឃាត់ប្រជាពលរដ្ឋពលករមិនឲ្យចេញទៅក្រៅប្រទេសធ្វើការនោះទេ លើកលែងតែប្រទេសខ្លះ ដែលពាក់ព័ន្ធរឿងការដាក់ទណ្ឌកម្ម ដោយយូអ៊ិន(UN-អង្គការសហប្រជាជាតិ) គេបិទមិនឲ្យកូរ៉េខាងជើងមិនអាចចេញបាន តែគ្រប់ប្រទេសទាំងអស់ ឥឡូវគ្រប់ប្រទេសទាំងអស់ខិតខំនាំគ្នាជំរុញគេហៅ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី»។

ឆ្លើយតបនឹងការលើកឡើងនេះ មន្ត្រីគម្រោង នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស អង្គការសង់ត្រាល់ (CENTRAL) លោក លឹង សុផុន មានប្រសាសន៍ថា លោកត្រេកអរចំពោះនាយករដ្ឋមន្ត្រីថ្មី ដែលរៀបចំធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស ដោយសារកន្លងទៅពលករខ្មែរចំណាកស្រុកទៅក្រៅប្រទេស រួមទាំងប្រទេសថៃ តែងជួបបញ្ហាឯកសារដូចជា លិខិតឆ្លងដែន និងទិដ្ឋាការការងារជាដើម។ លោក លឹង សុផុន៖ «ពួកគាត់ភាគច្រើន ដែលចូលមក(ប្រទេសថៃ)គឺដោយសារតែជីវភាពខ្វះខាត ជីវភាព ដែលពួកគាត់មិនអាចទ្រទ្រង់បានដូចជា គាត់មានបញ្ហាបំណុលធនាគារ គាត់មានប្រាក់ចំណូលតិចជាងប្រាក់ចំណាយអីចឹងហាណាបាទ ។ ហើយធ្វើឲ្យគាត់ហូរចូល តែប្រសិនបើរដ្ឋាភិបាលមានវិធានការដើម្បីឲ្យមានការងារច្រើនពួកគាត់មិនចូលមកប្រទេសថៃទេ»។

របាយការណ៍ក្រសួងការងារបង្ហាញថា មកទល់ពេលនេះ ពលករកម្ពុជា កំពុងធ្វើការនៅក្រៅប្រទេសជាង១លាន ៣សែននាក់ (១.៣២១.៥០៦) ក្នុងនោះនៅប្រទេសថៃមានចំនួនជាង ១លាន ២សែននាក់ និងនៅប្រទេសកូរ៉េខាងត្បូងមានចំនួនជិត៥ម៉ឺននាក់។ ប៉ុន្តែអង្គការសង្គមស៊ីវិលផ្នែកការពារសិទ្ធិពលករវិញបង្ហាញថា ចំនួនពលករកម្ពុជានៅក្រៅប្រទេសអាចមានទៅដល់ជាង ២លាននាក់ដោយរាប់ទាំងពលករស្របច្បាប់ និងមិនស្របច្បាប់៕

website_news/2023150906.txt · Last modified: 2023/09/15 12:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki