website_news:2023151204

លោកហេង សួរ ជំរុញឱ្យខេត្តមីយ៉ាហ្គីរបស់ជប៉ុនជ្រើសរើសពលករជំនាញពីកម្ពុជាបន្ថែម

https://www.kampucheathmey.com/local-news/626833 ថ្ងៃព្រហស្បតិ៍ ១៤ ធ្នូ ២០២៣ Kang Tola

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយលោក Muri Yoshiiro អភិបាលខេត្តមីយ៉ាហ្គីរបស់ប្រទេសជប៉ុន។ ក្នុងជំនួបដែលធ្វើឡើងនៅអគាររដ្ឋបាលខេត្តមីយ៉ាហ្គី លោករដ្ឋមន្ត្រី បានស្នើឱ្យលោកអភិបាលខេត្ត ជំរុញការផ្សព្វផ្សាយ និងជំរុញសហគ្រាសនៅក្នុងខេត្តឱ្យជ្រើសរើសកម្មសិក្សាការី និងពលករជំនាញពីកម្ពុជាបន្ថែម។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “ក្នុងខណៈពេលដែលខេត្តមីយ៉ាគី ទទួលបានការបង្កើតរោងចក្រថ្មីជាច្រើនក្នុងរយៈពេលថ្មីៗនេះ ដូច្នេះសូមអភិបាលខេត្ត ជួយផ្សព្វផ្សាយ និងជំរុញសហគ្រាសនៅក្នុងខេត្តជ្រើសរើសកម្មសិក្សាការី និងពលករជំនាញពីកម្ពុជាបន្ថែម”។ បន្ថែមពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានលើកឡើងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រីករាយនឹងសហការជាមួយខេត្តមីយ៉ាហ្គីក្នុងការបណ្តុះបណ្តាលជំនាញដើម្បីឲ្យចំតម្រូវការឧស្សាហកម្មរបស់ខេត្ត។

សូមបញ្ជាក់ថា នៅក្នុងខេត្តមីយ៉ាគីនេះ មានកម្មសិក្សាការី និងពលករជំនាញរបស់កម្ពុជាចំនួន១០៩នាក់ដែលកំពុងហាត់ការងារ និងបំពេញការងារនៅទីនោះ។ ទន្ទឹមនិងនេះ លោករដ្ឋមន្ត្រី ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណដល់អភិបាលខេត្តមីយ៉ាហ្គីរបស់ប្រទេសជប៉ុនចំពោះការមើលថែរក្សាកម្មសិក្សាការី និងពលករជំនាញកម្ពុជាក្នុងខេត្តបានយ៉ាងល្អ។

មុននឹងបញ្ចប់ជំនួបលោករដ្ឋមន្ត្រី បានអញ្ជើញលោកអភិបាលខេត្ត និងសភាពាណិជ្ជកម្មក្រុងសេនដៃ(Sendai) នៃខេត្តមីយ៉ាហ្គីមកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីឱកាសវិនិយោគ និងការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នៅថ្ងៃដដែលនោះ ក្រៅពីជំនួបជាមួយលោកអភិបាលខេត្ត លោករដ្ឋមន្ត្រីក៏បានជួបជាមួយលោក Hideki Takayama នាយកប្រតិបត្តិ និងអគ្គលេខាធិការនៃសភាពាណិជកម្មក្រុងសេនដៃ(Sendai) របស់ខេត្តមីយ៉ាហ្គី។ ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានស្នើសុំឲ្យសមាជិកនៃសភាពាណិជ្ជកម្មរបស់ខេត្តទទួលយកពលករជំនាញរបស់កម្ពុជា នៅពេលមានតម្រូវការជ្រើសរើសពលករបរទេសបន្ថែម។ ក្នុងជំនួបដដែលលោករដ្ឋមន្ត្រី ក៏បានអញ្ជើញសមាជិកសភាពាណិជ្ជក្រុងសេនដៃមកទស្សនកិច្ចនៅកម្ពុជាដើម្បីពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា ដែលជាប្រទេសមានកត្តានុពលថ្មីផងដែរ៕

website_news/2023151204.txt · Last modified: 2023/12/15 11:14 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki