website_news:2023151205

សង្គមស៊ីវិលស្នើរដ្ឋាភិបាលលុបបំបាត់អំពើជួញដូរមនុស្សឱ្យមានប្រសិទ្ធភាព ដើម្បីកម្ពុជាមានកេរ្តិ៍ឈ្មោះល្អឡើងវិញ

https://www.rfa.org/khmer/news/human-rights/csos-ask-govt-to-eliminate-human-trafficking-effectively-to-eliminate-cambodia-bad-reputation-on-international-stage-12112023030011.html ដោយ មាន ឫទ្ធិ2023.12.11

មន្ត្រីសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាល លុបបំបាត់អំពើជួញដូរមនុស្សឱ្យមានប្រសិទ្ធភាព ដើម្បីទាក់ទាញអ្នកវិនិយោគទុនមកពីបណ្ដាប្រទេសលទ្ធិប្រជាធិបតេយ្យ និងលើកកេរ្តិ៍ឈ្មោះកម្ពុជាឱ្យល្អឡើងវិញនៅលើឆាកអន្តរជាតិ។ ពលរដ្ឋរស់នៅសង្កាត់សំពៅពូនម្នាក់លើកឡើងថា កាស៊ីណូដែលមានថៅកែជាជនជាតិចិនមួយចំនួននៅក្នុងសង្កាត់សំពៅពូន នៅតែបន្តឃុំបុគ្គលិកដោយខុសច្បាប់។

មន្ត្រីសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលចាត់វិធានការម៉ឺងម៉ាត់ ទៅលើបុគ្គល និងក្រុមហ៊ុនបនល្បែងកាស៊ីណូទាំងឡាយណា ដែលពាក់ព័ន្ធទៅនឹងការជួញដូរមនុស្ស។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត លើកឡើងថា ការដាក់ទណ្ឌកម្មជាកញ្ចប់របស់ចក្រភពអង់គ្លេស (UK) សហរដ្ឋអាមេរិក (United States) និងប្រទេសកាណាដា (Canada) ទៅលើបុគ្គល និងក្រុមហ៊ុនជាក់លាក់មួយចំនួន នៅក្នុងប្រទេសកម្ពុជាដែលពាក់ព័ន្ធនឹងការជួញដូរមនុស្ស មិនត្រឹមតែប៉ះពាល់ទៅដល់បុគ្គលដែលប្រព្រឹត្តកំហុសទាំងនោះទេ តែក៏ប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជាផងដែរ។ លោកបន្តថា ការមិនមានវិធានការផ្លូវច្បាប់ធ្ងន់ធ្ងរទៅលើបុគ្គលប្រព្រឹត្តបទឧក្រិដ្ឋជួញដូរមនុស្ស នឹងធ្វើឱ្យកម្ពុជាត្រូវប្រឈមនឹងវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ តាមរយៈការបាត់បង់ជំនួយពីបណ្ដាប្រទេសនាំមុខលទ្ធិប្រជាធិបតេយ្យ ដែលធ្វើឱ្យអ្នកវិនិយោគទុនល្អៗ មិនហ៊ានធ្វើអាជីវកម្មនៅកម្ពុជា។ លោក អំ សំអាត៖ «យើងជាអង្គការសង្គមស៊ីវិលនៅតែទទូចបន្ថែមឱ្យរដ្ឋាភិបាល ត្រូវតែបង្កើនការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សហ្នឹងឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដោយអនុវត្តឱ្យបានពេញលេញនៅច្បាប់ប្រទេសកម្ពុជា ក៏ដូចជាច្បាប់អន្តរជាតិ ដើម្បីធ្វើម៉េចទប់ស្កាត់ទៅលើការជួញដូរមនុស្សហ្នឹង ជាពិសេសរាល់អ្នកដែលពាក់ព័ន្ធហ្នឹង ត្រូវតែធានាថា យកមកអនុវត្តចំពោះមុខច្បាប់ ហើយកាត់ទោសទៅតាមច្បាប់»។

ការស្នើសុំនេះ ធ្វើឡើងបន្ទាប់ពីបណ្ដាប្រទេសលោកសេរីចំនួន៣ រួមមាន ចក្រភពអង់គ្លេស (U.K) សហរដ្ឋអាមេរិក (United States) និងប្រទេសកាណាដា (Canadana) ប្រកាសរួមគ្នាដាក់ទណ្ឌកម្មជាកញ្ចប់ដ៏ធំមួយ ទៅលើបុគ្គលដែលពាក់ព័ន្ធជាមួយការរំលោភសិទ្ធិមនុស្ស នៅជុំវិញពិភពលោក នៅចំខួបលើកទី៧៥ នៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស ថ្ងៃទី១០ ខែធ្នូ។ ប្រទេសលោកសេរីធំៗទាំង៣នេះ បានសម្រេចដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងហាមឃាត់មិនឱ្យបុគ្គល ឬបុគ្គលដែលពាក់ព័ន្ធជាមួយក្រុមហ៊ុនសរុប៤៦ ធ្វើដំណើរទៅកាន់ប្រទេសពួកគេឡើយ។ ក្នុងនោះក្រុមហ៊ុន និងបុគ្គលនៅកម្ពុជាមួយចំនួនក៏មាននៅក្នុងបញ្ជីទណ្ឌកម្មនេះដែររួមមាន ក្រុមហ៊ុន ហ្សាំង ហេង គ្រុប (Zheng Heng Group) នៅរាជធានីភ្នំពេញ កាស៊ីណូ ហេង ហ័រ (Heng He Casino) នៅខេត្តស្វាយរៀង សណ្ឋាគារ ខេ ប៊ី (K.B Hotel ) នៅខេត្តព្រះសីហនុ ក្រុមហ៊ុនអចលនទ្រព្យ ប៉ាស៊ីហ្វិក រៀល អ៊ីស្តេត មេនិច្ចមិន (Pacific Real Estate Management) នៅខេត្តកណ្ដាល និងក្រុមហ៊ុនហ្គោលដេន សាន់ ស្កាយ អ៊ីនធើថិនម៉ិន (Golden Sun Sky Entertainment) នៅខេត្តព្រះសីហនុជាដើម។

ចំណែកបុគ្គលដែលត្រូវទណ្ឌកម្មវិញរួមមានម្ចាស់ក្រុមហ៊ុន ប៉ាស៊ីហ្វិក រៀល អ៊ីស្តេត មេនិច្ចមិន លោក ហ៊ុំ សុវណ្ណនី (Hum Sovanny) និង លោក ឌុង លីឆេង (Dong Lecheng ) ជាម្ចាស់ក្រុមហ៊ុន ហ្គោលដេន សាន់ ស្កាយ អ៊ីនធើថិនម៉ិន។

វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងរដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបាននៅឡើយទេ នៅថ្ងៃទី១០ ខែធ្នូ។

ជុំវិញរឿងនេះ ពលរដ្ឋម្នាក់រស់នៅសង្កាត់សំពៅពូន ខេត្តកណ្ដាល ប្រាប់វិទ្យុអាស៊ីសេរីក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ និងសំឡេងថា កាស៊ីណូដែលមានថៅកែជាជនជាតិចិនមួយចំនួន នៅក្នុងសង្កាត់សំពៅពូនរួមមានដូចជា កាស៊ីណូ យ៉ុងយ័ន (Yong Yuan) កាស៊ីណូ ហ្គោលឌិន ហ្វរធ្យូន (Golden Fortune) ហៅកាស៊ីណូព្រីម និងក្រុមហ៊ុន ប៉ាស៊ីហ្វិក រៀល អ៊ីស្តេត មេនិច្ចមិន (Pacific Real Estate Management) ហៅកាស៊ីណូ ដំរី២ នៅតែមានបង្ខាំងមនុស្សជាច្រើននាក់ដោយខុសច្បាប់។ ពលរដ្ឋរូបនេះបន្តថា ជនរងគ្រោះពីការឃុំខ្លួនដោយខុសច្បាប់ មិនត្រឹមតែត្រូវបានថៅកែជាជនជាតិចិន បង្ខំឱ្យឆបោកតាមអនឡាញប៉ុណ្ណោះទេ ពួកគេក៏រងការប្រើប្រាស់អំពើហិង្សា ការរំលោភបំពានផ្លូវភេទ និងការបង្ខំឱ្យថតរឿងអាសអាភាសទៀតផង។

មន្ត្រីសង្គមស៊ីវិលលើកឡើងថា មូលហេតុដែលបង្កឱ្យអំពើជួញដូរមនុស្ស នៅតែបន្តកើតមានឡើងនៅក្នុងប្រទេសកម្ពុជា គឺបណ្ដាលមកពីមន្ត្រីរដ្ឋាភិបាលដែលមានតួនាទីគ្រាក់ៗមួយចំនួន តែងឈរឈ្មោះកាង ការពារមិនឱ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្តច្បាប់ទៅលើទីតាំងបង្ខាំងមនុស្សខុសច្បាប់។ ជាក់ស្ដែងកាលពីខែតុលា ឆ្នាំ២០២២ កន្លងទៅ បើទោះបីជាមានជនជាតិវៀតណាមប្រមាណ៤០នាក់ នាំគ្នាសម្រុកចេញពីអគារ ប៉ាស៊ីហ្វិក រៀល អ៊ីស្តេត មេនិច្ចមិន ហែលទឹកឆ្លងព្រែកព្រំដែនជ្រៃធំ ឡុងប៊ិន ក្នុងក្រុងសំពៅពូន ខេត្តកណ្ដាល ឆ្ពោះទៅខាងប្រទេសវៀតណាម (Vietnam) ដើម្បីរំដោះពីការឃុំខ្លួនដោយបង្ខំក្ដី ក៏អភិបាលរងខេត្តកណ្ដាល លោក គ្រុយ ម៉ាឡែន បែរជាអះអាងថា ជនជាតិវៀតណាមដែលរត់គេចចេញពីអគារកាស៊ីណូ ប៉ាស៊ីហ្វិក រៀល អ៊ីស្តេត មេនិច្ចមិន ទាំងនោះ ដោយសារតែពួកគេចង់គេចវេះពីការទទួលខុសត្រូវការងារ និងបំណុលពីការលេងល្បែងទៅវិញ។

របាយការណ៍របស់អង្គការសហប្រជាជាតិចេញផ្សាយកាលពីខែសីហា រកឃើញថា កម្ពុជា និងភូមា ឬមីយ៉ាន់ម៉ា (Myanmar) គឺជាមជ្ឈមណ្ឌលស្នូលនៃការប្រព្រឹត្តអំពើឆបោកតាមអនឡាញនៅតំបន់អាស៊ីអាគ្នេយ៍ ។ យ៉ាងហោចណាស់ មានមនុស្ស ១សែននាក់បានក្លាយជាជនរងគ្រោះ ដោយសារតែការបង្ខំឱ្យប្រព្រឹត្តិអំពើឆបោកតាមអនឡាញនៅកម្ពុជា៕

website_news/2023151205.txt · Last modified: 2023/12/15 11:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki