website_news:2023151206

ពលករខ្មែរធ្វើការនៅថៃមួយចំនួនត្រឡប់មកកម្ពុជាវិញក្រោយរកចំណូលមិនសូវបាននិងប្រឈមបញ្ហាលិខិតស្នាម

https://www.rfa.org/khmer/news/economy/some-cambodian-workers-in-thailand-return-to-home-after-earning-low-incomes-and-facing-paperwork-problems-12112023012244.html ដោយ នៅ វណ្ណារិន2023.12.11

ពលករខ្មែរធ្វើការនៅប្រទេសថៃមួយចំនួនបង្ខំចិត្តត្រឡប់មកកម្ពុជាវិញ ក្រោយពីរកចំណូលមិនសូវបាន និងប្រឈមបញ្ហាលិខិតស្នាមនានា។ ពួកគាត់បារម្ភថា ពីបញ្ហាជីវភាពជាពិសេសគ្មានលទ្ធភាពសងបំណុលធនាគារ ដោយសារគ្មានការងារធ្វើទៀងទាត់។ តើមានកត្តាអ្វីខ្លះធ្វើឲ្យពលករទាំងនោះបោះបង់ចោលមុខរបរនៅប្រទេសថៃហើយត្រឡប់មកកម្ពុជាវិញ?

ពលករខ្មែរមួយចំនួនធ្វើការនៅប្រទេសថៃលើកឡើងថា ការងារក្នុងវិស័យឧស្សាហកម្មនៅប្រទេសថៃរកចំណូលមិនសូវបាន ដោយសារតែក្រុមហ៊ុន ឬរោងចក្រខ្វះអ្នកបញ្ជាទិញដែលត្រូវកាត់បន្ថយចំនួនថ្ងៃធ្វើការនិងការធ្វើការថែមម៉ោង។ ចំណែកឯពលករក្នុងវិស័យសំណង់វិញថា ពួកគាត់នៅតែជួបបញ្ហាថៅកែមិនបើកប្រាក់ឈ្នួលឲ្យ និងលក្ខខណ្ឌការងារមិនល្អ។

ពលករខ្មែរធ្វើការសំណង់នៅខេត្តជាប់ទីក្រុងបាងកក មានវ័យ ១៨ឆ្នាំ កញ្ញា វែង លីណា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ ធ្នូ ថា កញ្ញាបានមកធ្វើការនៅប្រទេសថៃជាមួយម្ដាយឪពុក និងបងស្រី រយៈពេលជិត ៣ឆ្នាំ ហើយក៏ប៉ុន្តែថ្មីៗនេះម្ដាយ និងឪពុកកញ្ញាបានវិលត្រឡប់ទៅប្រទេសខ្មែរវិញដោយសារតែថៅកែមិនបើកប្រាក់ឈ្នួលឲ្យរយៈពេល ២ខែ។ កញ្ញាបន្តថា ឪពុកម្ដាយ និងបងស្រីកញ្ញាទទួលបានប្រាក់ឈ្នួលប្រមាណ ៤០០បាត ឬស្មើនឹង ១១ដុល្លារ ទៅ ៥០០បាត ឬជិត១៥ដុល្លារក្នុងមួយថ្ងៃចំណែកកញ្ញាវិញទទួលបានត្រឹមតែជាង ៣០០បាត (៣៥០) ឬស្នើនឹង ១០ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ។ កញ្ញាបន្ថែមថា ម្ដាយឪពុកកញ្ញាបានបង្ខំចិត្តត្រឡប់ទៅកម្ពុជាវិញ គឺដោយសារតែការងារនៅកន្លែងថ្មីមិនសូវមានការងារធ្វើ។ កញ្ញា វែង លីណា៖ «ដោយសារតែគាត់រកមកកន្លែងនេះ តែគេអត់យកមនុស្សរបៀបថា មនុស្សពេញ អីចឹងទៅគេយកតែខ្ញុំ និងបងខ្ញុំ ចំណែកម៉ាក់ប៉ាខ្ញុំគាត់ទៅផ្ទះមុន។គាត់ទៅចងការគេពីខ្មែរ ចា៎ឥឡូវហ្នឹងកំពុងតែដោះសងគេបណ្ដើរៗ»។

ពលករម៉ៅការសំណង់នៅខេត្តជាប់ទីក្រុងបាងកកម្នាក់ទៀតគឺលោក សឿ វ៉ាន់ឆៃ ប្រាប់វិទ្យុអាស៊ីសេរីថា លោកត្រូវបានថៅកែបោកប្រាស់ដោយឲ្យធ្វើការមិនបើកប្រាក់ឈ្នួលឲ្យក្នុងទឹកប្រាក់ជិត ៦ម៉ឺនបាត ឬស្នើនឹងជិត ២ពាន់ដុល្លារអាមេរិក។ លោកបន្តថា ប្រសិនបើស្ថានភាពនៅតែលំបាកបែបនេះលោកនឹងត្រឡប់ទៅកម្ពុជាវិញ។ លោកស្នើដល់រដ្ឋាភិបាលឲ្យពន្យារពេលសងការប្រាក់ធនាគាររយៈពេល១ឆ្នាំ ដើម្បីសម្រាលបន្ទុកក្នុងគ្រួសារក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ច។ លោក សឿ វ៉ាន់ឆៃ៖ «បានដូចកូននិយាយហ្នឹងល្អពេកហើយ ដូចថា បញ្ហាជីវិត ដែលយើងជាពលករឆ្លងដែនមករកស៊ីស្រុកគេ ជូនណាដេកកាត់ភក់ ជូនណាដេកត្រាំភក់ដូចថា ផ្លាស់ការងារពីមួយកន្លែងទៅមួយកន្លែង ប្រសិនណាជាមានថៅកែល្អក៏គេមាន រោងស័ង្កសីឲ្យយើងដេក បើថា គ្មានទេយើងអាចទៅរកការងារផ្សេងក៏ដេកតង់ទៅ កំសត់ណា៎ជីវិតឆ្លងដែន ជាពលករមិនមែនស្រណុកទេ គឺលំបាកមែនទែន»។

ចំណែកឯអតីតពលករវិស័យកាត់ដេរផលិតផលស្បែកសត្វនៅខេត្តសមុទ្រប្រាកាន (Samut Prakan) ប្រទេសថៃ កញ្ញា កប គីមហុង ប្រាប់វិទ្យុអាស៊ីសេរីថា កញ្ញាបានវិលត្រឡប់មកកម្ពុជាវិញ កាលពីចុងខែតុលាកន្លងទៅ។ កញ្ញាបញ្ជាក់ថា មូលហេតុដែលកញ្ញាត្រឡប់មកវិញនេះដោយសារនៅប្រទេសថៃមិនសូវមានការងារធ្វើ។ កញ្ញា កប គីមហុង៖ «ប្រសិនណានៅខ្មែរមានមុខរបរមានការងារធ្វើស្រួលជាងនៅថៃយើងអត់សូវចំណាយច្រើន ថ្លៃផ្ទះ ថ្លៃទឹក ថ្លៃអីហើយនៅខ្មែរយើងធ្វើការនៅភ្នំពេញអីយើងត្រូវចំណាយថ្លៃទឹកថ្លៃភ្លើង ថ្លៃផ្ទះតែវាអត់អស់ថ្លៃប៉ាសស្ព័រហើយប៉ាសស្ព័រ វាត្រូវ៣ខែ រាយការណ៍ទៅខាងប៉ូលិសគេម្ដងឲ្យគេដឹងថា យើងនៅហ្នឹងម្ដង ហើយរាយការណ៍ហ្នឹងយើងអស់លុយទៀត»។ ក្រោយពីថៅកែមិនបើកប្រាក់ឈ្នួលឲ្យពលករធ្វើការសំណង់នៅប្រទេសថៃទាំងនោះមិនមានលទ្ធភាពបង់ថ្លៃជួលបន្ទប់គ្មានលុយផ្ញើទៅឲ្យគ្រួសារនៅឯប្រទេសកម្ពុជា ជាពិសេសនោះគឺគ្មានលទ្ធភាពសងបំណុលធនាគារ។ ជាងនេះទៅទៀត ពលករមួយចំនួនបង្ខំចិត្តសុំកន្លែងពលករខ្មែរដូចគ្នាក្នុងប្រទេសថៃស្នាក់នៅបណ្ដុះអាសន្នទម្រាំរកបានការងារ និងកន្លែងស្នាក់នៅថ្មី។ មួយវិញទៀតពលករមួយចំនួនខ្ចីលុយពីបងប្អូន និងសាច់ញាតិបន្ថែមដើម្បីធ្វើជាសោហ៊ុយត្រឡប់មកកម្ពុជាវិញ។

ពួកគាត់ឲ្យដឹងដែរថា មូលហេតុដែលពួកគាត់ចំណាកស្រុកនោះគឺដោយសារតែនៅក្នុងតំបន់ដែលពួកគាត់រស់នៅពុំសូវមានការងារធ្វើការធ្វើស្រែចំការ ខាតបង់ប្រាក់ចំណូលដោយសារតែគ្មានទីផ្សារនិងពុំមានលទ្ធភាពសងបំណុលធនាគារ។ ពួកគាត់រំពឹងថា ការចំណាកស្រុកទៅធ្វើការនៅប្រទេសថៃនឹងទទួលបានប្រាក់ឈ្នួលសមរម្យអាចផ្គត់ផ្គង់ការចំណាយរបស់ក្រុមគ្រួសារ និងសងបំណុលធនាគារជាដើម។ ទោះយ៉ាងណាពេលពួកគាត់ត្រឡប់ទៅកម្ពុជាវិញនេះ ពួកគាត់ត្រូវរកលុយសងបំណុលធនាគារ ដែលធ្លាប់ខ្ចីពីមុន និងបំណុលថ្មីដែលខ្ចីធ្វើសោហ៊ុយត្រឡប់ពីប្រទេសថៃទៅកម្ពុជាវិញ។

វិទ្យុអាស៊ីសេរីនៅពុំទាន់អាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា អ្នកនាំពាក្យក្រសួងការងារលោក កត្តា អ៊ន និងមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃ លោក ផៃ លន ដើម្បីសុំការឆ្លើយតបសំណើនេះ បាននៅឡើយទេ នៅថ្ងៃទី១០ ខែធ្នូ ដោយទូរស័ព្ទចូលច្រើនដងតែគ្មានអ្នកទទួល។

កាលពីដើមខែកញ្ញាកន្លងទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ថ្លែងទទួលស្គាល់ថា តម្លៃធ្វើលិខិតឆ្លងដែននៅកម្ពុជាមានតម្លៃខ្ពស់ បើធៀបនឹងប្រទេសក្នុងតំបន់។ លោកណែនាំដល់ស្ថាប័នពាក់ព័ន្ធ គួរពិនិត្យឡើងវិញចំពោះតម្លៃធ្វើលិខិតឆ្លងដែននេះ។

ជុំវិញបញ្ហានេះមន្ត្រីគម្រោងនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស អង្គការសង់ត្រាល់ (CENTRAL) លោក លឹង សុផុន មានប្រសាសន៍ថា ចាប់តាំងពីចុងខែតុលា មក រោងចក្រនៅក្នុងតំបន់ឧស្សាហកម្មមួយចំនួនក្នុងខេត្តឈុនបុរី (Chhun Buri) និងខេត្តសមុទ្រប្រាកាន ជាដើម មិនសូវមានការងារធ្វើ និងបានកាត់បន្ថយចំនួនកម្មករនៅក្នុងរោងចក្រ បន្ថយចំនួនថ្ងៃធ្វើការក្នុងមួយសប្ដាហ៍នៅត្រឹម ៤ថ្ងៃ និងការកាត់បន្ថយការធ្វើការថែមម៉ោងជាដើម។

លោកបន្ថែមថា ជារឿយៗលោកតែងទទួលបានសំណើពីពលរដ្ឋឲ្យជួយស្វែងរកដំណោះស្រាយនៅពេលថៅកែក្រុមហ៊ុនមិនបើកលុយឲ្យ ជាពិសេសពលករក្នុងវិស័យសំណង់។ លោកលើកឡើងថា ការធ្វើឯកសារដើម្បីក្លាយជាពលករស្របច្បាប់រួមមាន ទិដ្ឋាការការងារ លិខិតឆ្លងដែន និងឯកសារមួយចំនួនទៀត នៅប្រទេសថៃមានតម្លៃថ្លៃដែលជាបន្ទុកបន្ថែមទៀតសម្រាប់ពលករចំណាកស្រុក។

លោក លឹង សុផុន៖ «យើងដឹងស្រាប់ហើយថា បងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅតាមព្រំប្រទល់ ដែលគាត់ឆ្លងដែនមកហ្នឹង សឹងតែថា អ្នកដែលខុសច្បាប់វាច្រើនជាងអ្នកស្របច្បាប់ដោយសារតែរឿងប៉ាសស្ព័រវាថ្លៃ ដោយសារតែរឿងឯកសារហ្នឹងវាថ្លៃអ៊ីចឹងហា ទើបធ្វើឲ្យពួកគាត់បង្ខំចិត្តចំណាកស្រុកអ៊ីចឹងច្រើន ហើយនៅពេលពួកគាត់ជួបបញ្ហាប្រឈមក៏ច្រើនអ៊ីចឹង។ បើសិនជារដ្ឋាភិបាលគិតគូររឿងហ្នឹងទាក់ទងទៅនឹងការបញ្ចុះតម្លៃ យើងអាចធ្វើបានយើងអាចអនុវត្តបាននោះវាជារឿងល្អសម្រាប់រដ្ឋាភិបាល»។

ពលករមួយចំនួនក្រោយពីមកដល់កម្ពុជាពួកគាត់វិលទៅរកមុខរបរជាកសិករវិញ រីឯពលករខ្លះទៀតស្វែងរកការងារនៅទីក្រុងភ្នំពេញ និងប៉ោយប៉ែតជាដើម។ ពលរដ្ឋ និងមន្ត្រីអង្គការសង្គមស៊ីវិលទទូចដល់រដ្ឋាភិបាលពន្លឿនការបញ្ចុះតម្លៃការធ្វើលិខិតឆ្លងដែននិងចរចាជាមួយភាគីថៃ ដើម្បីបញ្ចុះការធ្វើទិដ្ឋាការការងារ ដើម្បីសម្រួលដល់ការរស់នៅរបស់ពលករខ្មែរ៕

website_news/2023151206.txt · Last modified: 2023/12/15 11:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki