website_news:2023151207

សង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលស៊ើបអង្កេតអំពើឆបោកតាមអនឡាញនៅកម្ពុជា

https://www.rfa.org/khmer/news/human-rights/ngos-urged-govt-to-investigate-human-trafficking-before-responding-to-the-un-report-12142023020001.html ដោយ សេក បណ្ឌិត2023.12.14

មន្ត្រីអង្គការសង្គមស៊ីវិលទទូចដល់រដ្ឋាភិបាលបើកការស៊ើបអង្កេតដោយឯករាជ្យ និងមានការចូលរួមពីអង្គការជាតិ-អន្តរជាតិ ដែលបានរកឃើញអំពើឆបោកតាមអនឡាញ (Online) និងជួញដូរមនុស្សនៅកម្ពុជា។ ការលើកឡើងនេះ ធ្វើឡើងក្រោយពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានច្រានចោលការរបាយការណ៍របស់អង្គការសហប្រជាជាតិ ដែលរកឃើញថា មនុស្សជាង ១០ម៉ឺននាក់ត្រូវបានបង្ខំឱ្យធ្វើការឆបោកតាមអនឡាញ។ មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា រដ្ឋាភិបាលគួរតែឆ្លុះបញ្ចាំងឲ្យឃើញពីការពិត ចំពោះរបាយការណ៍របស់អង្គការសហប្រជាជាតិ និងស្ថាប័នអន្តរជាតិផ្សេងទៀត តាមរយៈការស៊ើបអង្កេតដោយឯករាជ្យ និងមានការចូលរួមពីស្ថាប័នទាំងនោះដើម្បីបង្ហាញពីតម្លាភាព នៃការស៊ើបអង្កេត។

ប្រធានផ្នែកប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍ នៃអង្គការសង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៣ ខែធ្នូ ថា ការច្រានចោល របាយការណ៍របស់អង្គការសហប្រជាជាតិ និងអង្គការជាតិ-អន្តរជាតិផ្សេងទៀត នៅមិនទាន់គ្រប់គ្រាន់ ដើម្បីឆ្លើយតបចំពោះរបាយការណ៍ ដែលរកឃើញករណីបង្ខំឲ្យមនុស្សជាង ១០ម៉ឺននាក់ ធ្វើការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជានៅឡើយទេ។ លោក ឌី ថេហូយ៉ា៖ «ហេតុផល ដែលខ្ញុំនិយាយថា វាមិនគ្រប់គ្រាន់ គឺយើងអត់បានសហការជាមួយដៃគូ ដែលធ្វើការលើវិស័យហ្នឹង ដើម្បីស៊ើបអង្កេតថា តើវាមានរឿងហ្នឹង ពិតដែរ ឬអត់? របាយការណ៍គេរកឃើញបែបហ្នឹង ហើយអ្នក ដែលពាក់ព័ន្ធ អ្នក ដែលយល់ អ្នក ដែលដឹងរឿងហ្នឹងត្រូវតែសហការ ហើយស្វែងរកការពិត។ តើយើងបានធ្វើរឿងហ្នឹងហើយ ឬនៅ?»។

ការលើកឡើងនេះ ធ្វើឡើងក្រោយពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោក ស សុខា កាលពីថ្ងៃទី១២ ធ្នូ ក្នុងខួបទី១៧ នៃទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ បានច្រានចោលចំពោះការរកឃើញថា មានមនុស្សជាង ១០ម៉ឺននាក់ត្រូវបានបង្ខំឲ្យធ្វើការដោយខុសច្បាប់ និងរងគ្រោះដោយអំពើឆបោកតាមប្រព័ន្ធអនឡាញ។ លោកបានអះអាងថា សមត្ថកិច្ចបានស្រាវជ្រាវបទល្មើសនេះ បានជាង ១ពាន់ករណី(១.២១៣) ក្នុងនោះ ករណីបង្ខំឲ្យធ្វើការដោយខុសច្បាប់ចំនួនជិត ពីររយហុកសិបនាក់ (២៥៩) ដែលសមត្ថកិច្ចសន្និដ្ឋានថា ជាករណីជួញដូរមនុស្ស ហើយករណីបង្ខាំងមនុស្សសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ ចំនួនជិតមួយរយនាក់(៩១)។

លោក ស សុខា ថ្លែងថា តាមរយៈរបាយការណ៍នេះ បង្ហាញថា មិនមានជនរងគ្រោះក្នុងការបង្ខំឲ្យធ្វើការដោយខុសច្បាប់ ដោយឆបោកតាមអនឡាញរហូតដល់ជាង ១០ម៉ឺននាក់នោះទេ ដោយលោកចាត់ទុកថា ការផ្សាយចេញពីរបាយការណ៍របស់អង្គការសហប្រជាជាតិ ដែលរកឃើញថា មនុស្សប្រមាណ ១សែននាក់ត្រូវបានបង្ខំឱ្យធ្វើការឆបោកតាមអនឡាញនៅកម្ពុជាជាការចោទប្រកាន់ទៅវិញ។ ជាមួយគ្នានេះ លោក ស សុខា ប្ដេជ្ញាចិត្តថា ការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សជាបញ្ហាអាទិភាពមួយសម្រាប់រដ្ឋាភិបាលអាណត្តិទី៧។ លោកណែនាំដល់មន្ត្រីថ្នាក់ក្រោមជាតិ និងកងកម្លាំងតាមព្រំដែនឲ្យពង្រឹងស្មារតីទទួលខុសត្រូវតាមតួនាទី និងភារកិច្ច ដែលរដ្ឋបានប្រគល់ជួន និងផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្ន ដោយកុំជឿតាមការឃោសនារបស់មេខ្យល់ នាំឲ្យធ្លាក់ខ្លួនក្នុងអំពើជួញដូរមនុស្ស។

កាលពីសប្ដាហ៍មុន ចក្រភពអង់គ្លេស (UK) សហរដ្ឋអាមេរិក (USA) និងកាណាដា (Canada) ប្រកាសដាក់ទណ្ឌកម្ម ចំនួន៤៦ចំណុច រួមទាំងការបង្កកទ្រព្យសម្បត្តិ និងការហាមឃាត់ការធ្វើដំណើរជាពីរប្រភេទ។ ប្រភេទទីមួយ កំណត់គោលដៅលើបុគ្គលចំនួន៩ និងអង្គភាពចំនួន៥ ដែលពាក់ព័ន្ធការជួញដូរមនុស្សនៅកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា (ភូមា) ដោយបង្ខំឲ្យជនរងគ្រោះធ្វើការ សម្រាប់«កសិដ្ឋានឆបោក» តាមអ៊ីនធឺណិត ដែលបណ្តាលឱ្យមានការក្លែងបន្លំជាលក្ខណៈទ្រង់ទ្រាយធំ។ ក្រុមហ៊ុនទាំងនោះមានទីតាំងស្ថិតនៅខេត្តកណ្ដាល ស្វាយរៀង ព្រះសីហនុ និងរាជធានីភ្នំពេញជាដើម។

មួយវិញទៀត របាយការណ៍របស់អង្គការសហប្រជាជាតិចេញផ្សាយកាលពីខែសីហា រកឃើញថា កម្ពុជា និងភូមា ឬមីយ៉ាន់ម៉ា (Myanmar) គឺជាមជ្ឈមណ្ឌលស្នូលនៃការប្រព្រឹត្តអំពើឆបោកតាមអនឡាញនៅតំបន់អាស៊ីអាគ្នេយ៍។ យ៉ាងហោចណាស់ មានមនុស្ស ១សែននាក់បានក្លាយជាជនរងគ្រោះ ដោយសារតែការបង្ខំឱ្យប្រព្រឹត្តិអំពើឆបោកតាមអនឡាញនៅកម្ពុជា ហើយទីតាំងនៃការប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញច្រើនបំផុតនៅកម្ពុជា គឺនៅខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ហើយទីតាំងផ្សេងទៀត មាននៅខេត្តកណ្ដាល កោះកុង ប៉ោយប៉ែត ពោធិ៍សាត់ កំពត និងនៅតំបន់ទន្លេបាសាក់ ក្បែរព្រំដែនកម្ពុជា-វៀតណាម នៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង ហើយទីតាំង ដែលល្បីល្បាញជាងគេនោះគឺ អគារខ្ពស់កប់ពពកមួយកន្លែងនៅឆ្នេរអូរត្រេះ ក្នុងខេត្តព្រះសីហនុ។ ទោះជារបាយការណ៍ទាំងនោះ បានបង្ហាញឈ្មោះបុគ្គល និងក្រុមហ៊ុន និងទីតាំង ដែលប្រព្រឹត្តិអំពើ ដែលពាក់ព័ន្ធការឆបោកតាមអនឡាញក្ដី ក៏ប៉ុន្តែអាជ្ញាធរ នៅពុំទាន់មានការស៊ើបអង្កេតណាមួយ ឆ្លើយតបចំពោះការរកឃើញនេះទេ។

វិទ្យុអាស៊ីសេរី នៅពុំទាន់អាចទាក់ទង អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ និងអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ដើម្បីឆ្លើយតបចំពោះបញ្ហានេះបាននៅឡើយទេ ដោយទូរស័ព្ទចូលច្រើនដងតែគ្មានអ្នកទទួល។

ចំណែកឯ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អ្នកស្រី ជូ ប៊ុនអេង ថ្លែងប្រាប់វិទ្យុអាស៊ីសេរី យ៉ាងខ្លីថា អ្នកស្រីបានទទួលព័ត៌មានការដាក់ទណ្ឌកម្មចំពោះបុគ្គល និងក្រុមហ៊ុនមួយចំនួននៅកម្ពុជា ទាក់ទងនឹងអំពើឆបោកតាមអនឡាញ។ អ្នកស្រី ជូ ប៊ុនអេង៖ «ប៉ុន្តែបើគេរកឃើញយ៉ាងម៉េចដាក់ទៅ វាមានទៅទាស់អី ព្រោះអីវាជារឿងទណ្ឌកម្ម។ ខ្ញុំគិតថា ទោះបីជាអង់គ្លេសក៏គាត់មិនធ្វើការតែឯងដែរ គឺសហការជាមួយរដ្ឋាភិបាល នៃប្រទេសសាមីហើយ»។

ទោះជាយ៉ាងណា ប្រធានផ្នែកប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍ នៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា លើកឡើងថា របាយការណ៍របស់អង្គការអន្តរជាតិ និងអង្គការសហប្រជាជាតិ សរសេរផ្អែកលើភស្តុតាង ហើយស្នើដល់រដ្ឋាភិបាល ទទួលយករបាយការណ៍ទាំងនោះ យកមកស៊ើបអង្កេតបន្ត។ លោក ឌី ថេហូយ៉ា៖ «ទី៣ គឺឲ្យមានការចូលរួមពីអ្នកពាក់ព័ន្ធ ទាំងអង្គការជាតិ អន្តរជាតិ ទាំងអ្នកដែលពាក់ព័ន្ធរកឃើញបញ្ហាទាំងអស់ហ្នឹង។ ទី៤ គឺធ្វើម៉េចដើម្បីបង្ហាញនូវអត្តសញ្ញាណ នៃបណ្ដាញទាំងមេខ្លោងទាំងបណ្ដាញ ទាំងជនល្មើសប្រព្រឹត្តអនុវត្តទៅតាមច្បាប់ឲ្យមានប្រសិទ្ធភាព បានយើងជឿជាក់ទៅពីរបៀប នៃការធ្វើការ។ បើមិនអីចឹងនោះទេ ព្យាយាមបានត្រឹមតែមកដោះសា តែវាមិនអាចដោះស្រាយបាននោះទេ ព្រោះដោះសាវាអត់មានចំណែកក្នុងការដោះស្រាយបញ្ហាបានទេ គឺទាល់តែដោះស្រាយបញ្ហាបានដោះស្រាយ»។

ទាក់ទងនឹងនេះ ក្រសួងការបរទេសអាមេរិក កាលពីខែមិថុនាកន្លងទៅ បានចេញផ្សាយ របាយការណ៍ស្ដីពីការជួញដូរមនុស្សប្រចាំឆ្នាំ២០២៣ ដោយបង្ហាញថា ស្ថានភាព នៃអំពើជួញដូរមនុស្សនៅកម្ពុជាគ្មានភាពល្អប្រសើរឡើយ ហើយបន្តរក្សាចំណាត់ថ្នាក់កម្ពុជានៅកម្រិតទី៣ ដូចកាលឆ្នាំកន្លងទៅដដែល។ របាយការណ៍បញ្ជាក់ថា អាជ្ញាធរកម្ពុជាពុំបានបើកការស៊ើបអង្កេត ឬនាំយកមន្ត្រី ដែលជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ ផ្អែកតាមសេចក្ដីរាយការណ៍គួរឱ្យជឿទុកចិត្តបាន ជាពិសេសនៅពេលដែលពាក់ព័ន្ធនឹងក្រុមអាជីវករអសីលធម៌ ដែលបានបង្ខំឱ្យបុរស ស្ត្រី និងកុមាររាប់ពាន់នាក់នៅទូទាំងប្រទេសកម្ពុជាធ្លាក់ចូលក្នុងការជួញដូរមនុស្សក្នុងវិស័យសេវាកម្មកម្សាន្ត ឡឥដ្ឋ និងប្រតិបត្តិការបែបឆបោកនៅលើប្រព័ន្ធអ៊ីនធឺណិតជាដើម៕

website_news/2023151207.txt · Last modified: 2023/12/15 11:20 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki