website_news:2023160602

នគរបាលថៃចាប់ខ្លួនជនជាតិថៃម្នាក់ដែលធ្វើការអោយក្រុមឆបោកតាមទូរស័ព្ទនៅកម្ពុជា

https://www.khmertimeskh.com/501308631// Khmer Times June 15, 2023

មន្ត្រីក្រុមការងារឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅស្រុក Si Racha នៃខេត្ត Chon Buri ប្រទេសថៃ បានចាប់ខ្លួនបុរសម្នាក់ក្នុងខេត្ត Chiang Rai កាលពីថ្ងៃអង្គារ។ បុគ្គលនេះត្រូវបានគេចោទប្រកាន់ថាជាដៃស្តាំរបស់មេក្រុមឆបោកជនជាតិចិនម្នាក់នៅខេត្តកោះកុង។

ជនសង្ស័យមានឈ្មោះ Surachai Sae Jang មានស្រុកកំណើតនៅស្រុក Mae Fah Luang ក្នុងខេត្ត Chiang Rai ត្រូវបានចោទប្រកាន់ពីបទឆបោក ជាប់ពាក់ព័ន្ធក្រុមឧក្រិដ្ឋកម្ម និងការលាងលុយកខ្វក់។ ជនល្មើសបានទៅប្រទេសកម្ពុជាកាលពី២ឆ្នាំមុន ដើម្បីធ្វើការជាអ្នកបកប្រែភាសាថៃ-ចិន ប៉ុន្តែនៅពេលមកដល់កម្ពុជា គាត់ត្រូវបានគេនាំទៅខេត្តកោះកុង ដើម្បីជួយថៅកែជនជាតិចិនក្នុងការទាក់ទងជាមួយបុគ្គលិកថៃផ្សេងទៀត ដែលធ្វើការនៅមជ្ឈមណ្ឌលទូរស័ព្ទ ដែលកំពុងល្បួងជនជាតិថៃឱ្យវិនិយោគលើរូបិយប័ណ្ណគ្រីបតូ ដោយសន្យាថានឹងទទួលបានប្រាក់ចំណេញខ្ពស់។ ក្រោយមកជនល្មើសនេះបានអះអាងថា ខ្លួនបានរត់គេចត្រឡប់ទៅប្រទេសថៃវិញ។

នគរបាលបាននិយាយថា ពួកគេបានទទួលព័ត៌មានពីជនជាតិថៃម្នាក់ ដែលត្រូវបានបញ្ចុះបញ្ចូលឱ្យធ្វើការនៅក្នុងមជ្ឈមណ្ឌលហៅទូរស័ព្ទដូចគ្នាថា ក្រុមជនខិលខូចបានបង្កើតប្រព័ន្ធផ្សព្វផ្សាយសង្គមក្លែងក្លាយសម្រាប់បុគ្គលិករបស់ពួកគេដោយបន្លំខ្លួនជាបុរសសង្ហា ឬជានារីដែលស្រស់ស្អាត ដើម្បីទាក់ទាញអ្នកនិយមលេងអ៊ីនធឺណិតផ្សេងទៀត។ នគរបាលបានលើកឡើងទៀតថា បន្ទាប់មកពួកគេនឹងធ្វើជាមិត្តជាមួយជនរងគ្រោះ ហើយបញ្ចុះបញ្ចូលពួកគេឱ្យវិនិយោគលើការជួញដូររូបិយប័ណ្ណឌីជីថល ដោយបន្ថែមថាក្រុមឆបោកក៏បានបង្កើតបណ្តាញក្លែងក្លាយដែលជនរងគ្រោះអាចពិនិត្យរាល់របាយការណ៍ហិរញ្ញវត្ថុ ដើម្បីបញ្ចុះបញ្ចូលពួកគេឱ្យវិនិយោគ។

website_news/2023160602.txt · Last modified: 2023/06/16 10:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki