website_news:2023160603

មនុស្ស ៧៩នាក់ បានស្លាប់ និងរាប់រាយនាក់បាត់ខ្លួន ក្រោយទូកជនអន្តោប្រវេសន៍លិចក្បែរឆ្នេរសមុទ្រក្រិក

https://www.btv.com.kh/article/24767 2023/06/15 09:44:47 am

អង្គភាពឆ្មាំល្បាតឆ្នេរក្រិកនិយាយថា មនុស្សយ៉ាងហោចណាស់៧៩នាក់ បានស្លាប់ ក្រោយទូកជនអន្តោប្រវេសន៍មួយគ្រឿងដឹកមនុស្សរាប់រយនាក់ បានក្រឡាប់លិចក្បែរឆ្នេរសមុទ្រប្រទេសក្រិក កាលពីព្រឹកថ្ងៃពុធ ខណៈមានក្ដីបារម្ភថាចំនួនអ្នកស្លាប់អាចកើនឡើង និងរាប់រយនាក់កំពុងបាត់ខ្លួន។ ជនអន្តោប្របេសន៍សរុបចំនួន១០៤នាក់ ដែលធ្វើដំណើរតាមទូក ត្រូវបានសង្រ្គោះពីទឹក និងបានបញ្ជូនទៅកាន់ទីក្រុង កាឡាម៉ាតា (Kalamata)។

អភិបាលក្រុងនេះ លោក តាណាស៊ីស វ៉ាស៊ីសូផូឡូស (Thanasis Vasilopoulos) បាននិយាយកាលពីថ្ងៃពុធថា យោងតាមអ្វីដែលពួកគេបាននិយាយ គឺ មនុស្សអាយុចន្លោះពី១៦ ដល់៤១ឆ្នាំ ។ ពួកគេក៏បាននិយាយផងដែរថា មានស្ត្រី និងកុមារជាច្រើននៅលើទូកនោះ។ គេមិនច្បាស់ទេថា មនុស្សប៉ុន្មាននាក់នៅលើនាវានោះ នៅពេលបានលិច។ ក្រុមអ្នកនៅរស់រានមានជីវិតនិយាយថា អាចមានអ្នកដំណើរប្រមាណ៧៥០នាក់។

អ្នកនាំពាក្យអង្គភាពឆ្មាំល្បាតឆ្នេរក្រិក លោក នីកូឡូស អាឡិចស៊ីអូ (Nikolaos Alexiou) បានប្រាប់សារព័ត៌មាន ERT ថា ទូកនេសាទនេះ មានប្រវែងចន្លោះពី២៥ទៅ៣០ម៉ែត្រ ហើយផ្ទុកមនុស្សពេញ ។

អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានសរសេរលើបណ្ដាញសង្គមធ្វីតទ័រថា ខ្លួនជឿថាមានមនុស្សជាង ៤០០នាក់ នៅលើទូកនោះ៕ អត្ថបទ៖ សុខមាន

website_news/2023160603.txt · Last modified: 2023/06/16 10:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki